Chobok គឺជាថ្ងៃសម្គាល់នៃការចាប់ផ្តើមរដូវក្តៅបំផុតនិងជាប្រពៃណីរាប់រយឆ្នាំនៅក្នុងប្រទេសកូរ៉េ ខាងត្បូង ដោយទំនៀមពីបុរាណ Chobokនេះ ក៏ជាផ្នែកមួយដែលនាំឱ្យមានការកើនឡើង នៃការទទួលទានសាច់ឆ្កែផងដែរ។ប៉ុន្តែខុសពីរាល់ឆ្នាំ នៅឆ្នាំ២០២៤នេះ អាជីវកម្មភោជនីយដ្ឋានសាច់ឆ្កែ នៅកូរ៉េខាងត្បូងបានធ្លាក់ចុះ ដូចជាហាង Madam Lee Kyung-ja's ក្នុងទីក្រុងសេអ៊ូលជាដើម។
ម្ចាស់ហាងត្រកូល លី បានប្រាប់កាសែត The Straits Times ដោយបានត្អូញត្អែរថា៖«វាជាថ្ងៃ Chobok ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ៤០ ឆ្នាំរបស់ភោជនីយដ្ឋានយើង»។ ការធ្លាក់ចុះនៃការទទួលទានសាច់ឆ្កែនេះស្របគ្នានឹងច្បាប់ដែលបានអនុម័តថ្មីៗនេះដោយហាមប្រាមការជួញដូរសាច់ឆ្កែទាំងស្រុងនៅកូរ៉េនៅឆ្នាំ ២០២៧។
ម្ចាស់ហាងខាងលើ គ្រោងនឹងសម្របខ្លួនតាមច្បាប់ថ្មី ដោយលើកឡើងថា៖ «ខ្ញុំគិតថាពុំមានផ្លូវអ្វីផ្សេងទេដូច្នេះខ្ញុំក៏កំពុងរៀនធ្វើម្ហូបពីសាច់គោ សាច់ពពែខ្មៅដើម្បីឱ្យរសជាតិស្រដៀងនឹងសាច់ឆ្កែ»។
ម្ចាស់ភោជនីយដ្ឋាននៅទីក្រុងឆាងវុន បានរាយការណ៍ថាអាជីវកម្មសាច់ឆ្កែ យ៉ាប់ជាងអំឡុងពេលកូវីដទៅទៀតចាប់តាំងពីមានការហាមឃាត់ការលក់សាច់ឆ្កែ។
ពលរដ្ឋចាស់ៗជំនាន់មុននៅក្នុងប្រទេសកូរ៉េចូលចិត្តស៊ុបសាច់ឆ្កែណាស់ ដែលគេចាត់ទុកជាអាហារឆ្ងាញ់ហៅថា boshintang ប៉ុន្តែប្រជាជនកូរ៉េវ័យក្មេងវិញចូលចិត្តស៊ុបមាន់យិនស៊ិនសម្រាប់កម្ដៅពោះនារដូវក្តៅនេះ។ ទោះយ៉ាងណានៅឆ្នាំនេះការលក់សាច់ឆ្កែនៅទូទាំងប្រទេសបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអំឡុងពេលថ្ងៃ Chobokនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ផ្សារម៉ូរ៉ាន ដែលធ្លាប់ជាទីផ្សារសាច់ឆ្កែដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូងបានប្តូរទៅជាការលក់សាច់ពពែខ្មៅជាផ្លូវការក្នុងឆ្នាំ ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយអ្នកលក់មួយចំនួននៅតែលួចលាក់លក់សាច់ឆ្កែ។
លោក KimYoung-buk អាជីវករលក់ពពែខ្មៅនៅផ្សារម៉ូរ៉ានទទួលស្គាល់ភាពចម្រូងចម្រាសនេះ។
លោកបាននិយាយថា៖ «ការបរិភោគសាច់ឆ្កែគឺជាវប្បធម៌របស់កូរ៉េប៉ុន្តែអ្នកលក់ភាគច្រើនមានការប្រុងប្រយ័ត្ន ដោយសារតែទម្លាប់នៃការបរិភោគសាច់ឆ្កែនេះក្លាយជាប្រធានបទលើប្រព័ន្ធផ្សព្វផ្សាយ។ ខណៈពេលដែលអាជីវកម្មលក់សាច់ឆ្កែកំពុងតែថមថយការប្រើប្រាស់សាច់ពពែខ្មៅកំពុងទទួលបានភាពទាក់ទាញខ្លាំង»។ នៅហាងអាហាររបស់លោក សាច់ឆ្កែនៅតែរួចំណែក១០ភាគរយនៃចំណូលពីការលក់។
បុគ្គលិកហាងឈ្មោះ KimHye-young ជឿថា នេះអាចជាឆ្នាំចុងក្រោយដែលពួកគេដាក់លក់សាច់ឆ្កែ។នាងលើកឡើងថា៖ «ក្រុមអ្នកតស៊ូមតិការពារសត្វបានធ្វើឱ្យប្រពៃណីទទួលទានសាច់ឆ្កែ កាន់តែពិបាកទទួលយក»។
ខណៈពេលដែលអ្នកចិញ្ចឹមសត្វឆ្កែខ្លះតស៊ូមតិរហូតឈានដល់មានហាមឃាត់ជាផ្លូវការសូម្បីតែអ្នកខ្លះដែលមានទម្លាប់បរិភោគសាច់ឆ្កែ ក៏ទទួលយកការផ្លាស់ប្តូរនេះដែរ។
លោក YoonCheol-kyun បានប្តូរពីការទទួលទានស៊ុបសាច់ឆ្កែទៅជាស៊ុបពពែខ្មៅកាលពីបីឆ្នាំមុន។ លោកក៏បានផ្លាស់ប្ដូរទស្សនៈថា សត្វឆ្កែដែលជាសត្វចិញ្ចឹមយកសាច់ជាអាហារទៅជាមិត្តសម្លាញ់ដែលលោកមើលចិញ្ចឹមថែទាំដូចសមាជិកគ្រួសារ។
យ៉ាងណាមិញ លោកលើកឡើងថា៖ «រដ្ឋាភិបាលបញ្ឈប់ការលក់ដូរសាច់ឆ្កែគឺត្រឹមត្រូវហើយប៉ុន្តែពួកគេគួរតែផ្តល់សំណងមួយសមរម្យដល់អ្នកប្រកបអាជីវកម្មនេះ»។
ក្រសួងកសិកម្មកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថាកំពុងធ្វើការលើវិធានការផ្តល់សំណងដល់កសិករចិញ្ចឹមសុនខ (ឆ្កែ)ដែលរងផលប៉ះពាល់ពីការចេញច្បាប់នេះផងដែរ។
នៅពេលដែលការជួញដូរសាច់ឆ្កែធ្លាក់ចុះ សាច់ពពែខ្មៅកំពុងតែកាក់កបដោយអ្នកចិញ្ចឹមពពែក្នុងស្រុកបានកើនឡើងជិតទ្វេដងហើយការនាំចូលកើនឡើងបួនដងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ»៕
ប្រភព៖ ANN/TheStraits Times