ខណៈផលិតផលដបប្លាសទិកសម្រាប់ទារក Philips Avent បានរងការវាយប្រហារដោយបណ្ដឹងទាមទារសំណងនៅសហរដ្ឋអាមេរិកក្រុមហ៊ុនដែលទទួលសិទ្ធិចែកចាយផលិតផល Philips Avent ផ្តាច់មុខនៅកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដានេះ បានបញ្ជាក់ថា ម៉ូឌែលដែលរងពាក្យបណ្ដឹង មិនមែនជាម៉ូឌែលដែលក្រុមហ៊ុនចែកចាយនៅក្នុងប្រទេសកម្ពុជាឡើយ។
បញ្ហាផលិតផល Philips Avent លេចមីក្រូប្លាស្ទិក នៅពេលកម្ដៅសម្លាប់មេរោគនោះ បានបង្កក្ដីបារម្ភជាខ្លាំងក្នុងចំណោមឪពុកម្ដាយមានកូនតូច។ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសកលកាលពីចុងខែមិថុនាដែលធ្វើឱ្យមាតាបិតានៅកម្ពុជា ក៏ដូចជាបណ្ដាប្រទេសដទៃទទូចសុំការបកស្រាយពី Philips Avent។
ព័ត៌មានបណ្ដឹងនៅសហរដ្ឋអាមេរិកចំពោះផលិតផល Philips Avent នេះរឹតតែសាយភាយនៅពេលដែលមានការជជែកវែកញែកក្ដៅគគុកនិងវីដេអូអំពីបញ្ហាដបទារកលេចសារធាតុមីក្រូប្លាស្ទិកត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម។
ឆ្លើយតបនឹងក្ដីបារម្ភនេះ ក្នុងសេចក្ដីប្រកាស ក្រុមហ៊ុនដែលទទួលសិទ្ធិចែកចាយផលិតផល Philips Avent ផ្តាច់មុខនៅកម្ពុជាបានលើកឡើងថា៖ «យើងខ្ញុំសូមបញ្ជាក់ថាម៉ូឌែលដែលរងពាក្យបណ្តឹងនៅទីនោះជាម៉ូឌែលសម្រាប់ទីផ្សារអាមេរិក។ ម៉ូឌែលទាំងអស់នោះមិនមែនជាម៉ូឌែលដែលក្រុមហ៊ុន iOne យើងខ្ញុំចែកចាយនៅក្នុងប្រទេសកម្ពុជាឡើយ»។
ក្រុមហ៊ុននេះបានបន្តទៀតថា៖ «យើងខ្ញុំសូមថ្លែងអំណរអរគុណដល់អតិថិជនសម្រាប់ការជឿទុកចិត្តនិងអត់ធ្មត់រង់ចាំការបកស្រាយចំពោះការចែករំលែកវីឌីអូនៅលើបណ្តាញសង្គមលើបញ្ហាលេចចេញសារធាតុជ័រដែលមានបណ្តឹងនៅឯ តំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា»។
សេចក្ដីប្រកាសពីតំណាងចែកចាយនៅកម្ពុជាបានបញ្ជាក់ទៀតថា៖«ផលិតផលរបស់យើងគឺអនុលោមតាមច្បាប់ពេញលេញនិងប្រកាន់ខ្ជាប់នូវស្តង់ដារផលិតផលលំដាប់ពិភពលោកដ៏មុតមាំដែលជាតម្រូវការចំបាច់តាមស្តង់ដារអន្តរជាតិ។ Philips Avent ផ្តល់ជម្រើសទាំងប្រភេទដបជ័រ និង ដបកែវ ដល់អាណាព្យាបាល។ ដបទាំងអស់ មានគុណភាពខ្ពស់ ធន់នឹងកំដៅនិងភាពត្រជាក់ ហើយអាចដាក់កំដៅ ចំហ៊ុយ នឹង បង្កកក្នុងទូរទឹកកកបាន»។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា បណ្តឹងប្រឆាំងនឹង Philips North America បានអះអាងថាក្រុមហ៊ុនបរាជ័យក្នុងការព្រមានឪពុកម្តាយថា ដប និងពែងជ័រ ក្រោមម៉ាក Philips Avent អាចលេចចេញសារធាតុមីក្រូប្លាស្ទិកនៅពេលត្រូវកម្ដៅ ដែលអាចធ្វើឱ្យទារកប្រឈមនឹងបញ្ហាសុខភាពដូចជាប្រព័ន្ធរំលាយអាហារការបន្តពូជ និងប្រព័ន្ធស៊ាំរបស់ពួកគេ។
ពាក្យបណ្ដឹងនិយាយថា ក្រុមហ៊ុនផ្សព្វផ្សាយថាផលិតផលរបស់ខ្លួនថា«គ្មាន BPA» ឬមិនមានសារធាតុ Bisphenol A ដែលជាសារធាតុគីមី ដែលត្រូវបានគេស្គាល់ថា អាចធ្លាយចេញពីពពួកប្លាស្ទិកមួយចំនួននៅពេលត្រូវកម្ដៅ។
ពាក្យបណ្តឹងបានអះអាងថា តាមរយៈការធានាដល់អតិថិជនថាផលិតផលគ្មាន BPA ក្រុមហ៊ុនបីដូចជាបំភ័ន្តអ្នកប្រើប្រាស់អំពីគ្រោះថ្នាក់នៃផលិតផលរបស់ពួកគេដែលអាចលេចធ្លាយមីក្រូប្លាស្ទិកចូលទៅក្នុងវត្ថុរាវក្នុងដប និងពែង។
មេធាវីដើមបណ្ដឹង Shireen Clarkson បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «វិទ្យាសាស្ត្រទាក់ទងនឹងមីក្រូប្លាស្ទិក គឺជាពិសេសទាក់ទងនឹងទារកនិងក្មេងតូចៗ»។
កាលពីខែមិថុនា ដើមបណ្តឹងដែលជាពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ាបានកំពុងព្យាយាមធ្វើជាតំណាងឱ្យអ្នកប្រើប្រាស់នៅរដ្ឋកាលីហ្វ័រញ៉ា និងអ្នកទិញផលិតផលនេះទូទាំងប្រទេស។ពួកគេកំពុងព្យាយាមលើកពីការប្រឈមខូចខាត និងទទូចចង់បានដីកាហាមឃាត់ការលក់ផលិតផលទាំងនេះនៅលើទីផ្សារ៕