ផេកបណ្ដាញសង្គម CambodiaTown នៅកាលីហ្វ័រនីញ៉ាបានឱ្យដឹងថា៖ «កម្មវិធីសិក្សាគំរូ (Cambodian American Studies) នឹងដាក់ឱ្យដំណើរការនៅរដ្ឋកាលីហ្វ័រញ៉ានៅដើមឆ្នាំ ២០២៥»។
សហគមន៍ Cambodia Town ពិតជាមានកិត្តិយសក្នុងការធ្វើជាដៃគូជួយអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ខ្មែរអាមេរិកសម្រាប់ថ្នាក់ទី ១២ នៅសាលារដ្ឋកាលីហ្វ័រនីញ៉ា»។
កាលីហ្វ័រញ៉ា ជារដ្ឋដែលគេស្គាល់សម្រាប់ចំនួនប្រជាជនចម្រុះជាតិសាសន៍ និងជារដ្ឋដែលមានពលរដ្ឋអាមេរិកដើមកំណើតខ្មែរជាច្រើនម៉ឺននាក់។ រដ្ឋកាលីហ្វ័រនីញ៉ាកំពុងបោះជំហានឆ្ពោះទៅរកប្រព័ន្ធអប់រំដែលរួមបញ្ចូលវប្បធម៌ចម្រុះកាន់តែច្រើន។
ច្បាប់ថ្មីដែលត្រូវបានចុះហត្ថលេខាដោយអភិបាល Gavin Newsom កាលខែតុលា ឆ្នាំ ២០២៣ បានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍កម្មវិធីសិក្សាប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាសម្រាប់សាលារដ្ឋ។
គំនិតផ្តួចផ្តើមនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នា សម្រាប់សហគមន៍វៀតណាម និងជនជាតិ Hmong ដើម្បីបង្កើតការយល់ដឹងកាន់តែទូលំទូលាយអំពីបេតិកភណ្ឌអាស៊ីអាគ្នេយ៍ នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។
យោងតាមអង្គការសង្គមអាស៊ី Asian Society Organization ចំនួនប្រជាជនអាមេរិកដើមកំណើតខ្មែរ ដែលភៀសខ្លួនពីរបបខ្មែរក្រហមនៅសហរដ្ឋអាមេរិកសព្វថ្ងៃ បានកើនដល់ប្រមាណជាង ៥០ម៉ឺននាក់ ដោយក្នុងនោះរដ្ឋកាលីហ្វ័រនីញ៉ា គឺជាទីដែលមានជនជាតិដើមកំណើតខ្មែរស់នៅច្រើនជាងគេ។
ការដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សាប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា នៅក្នុងសាលារៀនរដ្ឋកាលីហ្វ័រញ៉ា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកប្រព័ន្ធអប់រំ ដែលតំណាងឱ្យជាតិសាសន៍កាន់តែច្រើននៅរដ្ឋមួយនេះ។
តាមរយៈការជំរុញការយល់ដឹង និងការដឹងគុណចំពោះបេតិកភណ្ឌកម្ពុជា គំនិតផ្តួចផ្តើមនេះ ផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្សក្នុងការផ្សារភ្ជាប់ជាមួយនឹងឫសគល់របស់ពួកគេ និងអបអរសាទរភាពចម្រុះ ដែលធ្វើឱ្យរដ្ឋកាលីហ្វ័រញ៉ាក្លាយជារដ្ឋដ៏រស់រវើក។
ការចងក្រងកម្មវិធីសិក្សាដែលរំពឹងថានឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ ដែលនឹងគ្របដណ្តប់លើប្រធានបទជាច្រើន នេះបើយោងតាម Ian Hanigan អ្នកនាំពាក្យនៃនាយកដ្ឋានអប់រំOrange County (OCDE) ដែលកំពុងដឹកនាំការអភិវឌ្ឍន៍កម្មវិធីសិក្សាសិក្សាប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជាសម្រាប់សាលារដ្ឋកាលីហ្វ័រនីញ៉ា។
ក្នុងកម្មវិធីសិក្សានោះផងដែរ លោកបានពន្យល់ថា៖ «យើងកំពុងសម្លឹងមើលអរិយធម៌អង្គរវត្តបុរាណ របបខ្មែរក្រហម និងបទពិសោធន៍របស់ជនភៀសខ្លួនកម្ពុជា ដែលមកទឹកដីអាមេរិកដោយសារសង្រ្គាម»។
លោក Hanigan បានបន្តថា៖ «គោលបំណងយើងគឺដើម្បីបង្កើតធនធានដែលមានលក្ខណៈទូលំទូលាយ និងជំរុញឱ្យមានការកោតសរសើរស្ញប់ស្ញែង យល់ដឹងពីវប្បធម៌ដើមពលរដ្ឋមានសាវតាចម្រុះជាតិសាសន៍»។
ការអភិវឌ្ឍន៍កម្មវិធីសិក្សានេះ នឹងដំណើរដោយមានការសហការជាមួយ OCDE, នាយកដ្ឋានអប់រំមកពីតំបន់ Humboldt, San Diego ដោយនឹងធ្វើការជាមួយអ្នកអប់រំ អ្នកប្រាជ្ញ និងសមាជិកនៃសហគមន៍ខ្មែរអាមេរិកាំងផងដែរ។
លោក Hanigan បានសង្កត់ធ្ងន់ថា៖ «ការគិតគូរសហគមន៍ចម្រុះជាតិសាសន៍ គឺមានសារៈសំខាន់ណាស់»។
លោកលើកឡើងទៀតថា៖ «យើងបានរៀបចំវេទិកា និងស្តាប់ដោយផ្ទាល់ពីប្រជាជនកម្ពុជា អំពីអ្វីដែលពួកគេចង់ឱ្យកូនរបស់ពួកគេបានរៀននៅសាលា។ វាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលមានលក្ខណៈរសើប រួមមានទាំងការទទួលស្គាល់ការតស៊ូ និងជ័យជំនះរបស់ប្រជាជនកម្ពុជាផងដែរ។
កម្មវិធីសិក្សាគម្រូ មិនត្រូវបានកំណត់ចូលក្នុងសៀវភៅសិក្សាទេ ចំណែកខ្លឹមសារនៃការបង្រៀន ប្រភពឯកសារគោល និងព័ត៌មាន ក៏កំពុងត្រូវបានបង្កើតឡើងផងដែរ ដើម្បីផ្តល់ឱ្យគ្រូនូវមធ្យោបាយបង្រៀនដ៏សម្បូរបែប។
លោក Hanigan បន្ថែមថា៖ «យើងចង់ធ្វើឱ្យកម្មវិធីសិក្សានេះមានអន្តរកម្ម និងអាចចូលទៅកែកុនបំពេញបន្ថែមបាន។ មេរៀនក្នុងកម្មវិធីសិក្សានេះ ក៏មានបញ្ចូលតន្ត្រីប្រពៃណីខ្មែររបាំ និងការងារសិល្បៈ ក៏ដូចជាឱ្យសិស្សភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិនខ្មែរអាមេរិកាំង»។
ខណៈពេលដែលការអភិវឌ្ឍន៍កម្មវិធីសិក្សាគឺជាជំហានវិជ្ជមានបញ្ហាប្រឈមនៅតែមាន។ ការធានាថាគ្រូបង្រៀនមានការបណ្តុះបណ្តាល និងធនធានគ្រប់គ្រាន់ដើម្បីអនុវត្តកម្មវិធីសិក្សាប្រកបដោយប្រសិទ្ធភាព គឺជារឿងមួយសំខាន់។ លើសពីនេះទៀត អ្នកតស៊ូមតិសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងជំរុញឱ្យរដ្ឋផ្សេងទៀតយកគម្រូតាម នៅឆាប់ៗខាងមុខនេះ៕