ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានទទួលជោគជ័យយ៉ាងខ្លាំងដោយពួកគេបានរួមគ្នាបង្កើតនូវកំណត់ត្រាថ្មីចំនួន២ ក្នុងពេលព្រឹត្តិការណ៍តែមួយដោយកក់កៅអីទៅលេងក្នុងពានរង្វាន់ប្រចាំតំបន់អាស៊ានឈ្មោះថាSea V League 2025 ជាលើកដំបូង និងការឈ្នះបានប្រាក់រង្វាន់ចំនួន១០០លានរៀលពីការប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោក អាំង សិរិពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់សារព័ត៌មាន SR News ថា អាថ៌កំបាំងនៅពីក្រោយនៃភាពជោគជ័យនេះកើតឡើងពីការលះបង់ផ្ទាល់របស់ក្រុមកីឡាករ ដោយពួកគេត្រូវបានបិទខ្ទប់ខិតខំប្រឹងប្រែងហ្វឹកហាត់ចំនួន៣ខែពេញ និងមិនអនុញ្ញាត ឱ្យទៅជួបក្រុមគ្រួសារប្រពន្ធកូនចំនួន១ខែពេញ ដោយផ្តោតតែលើការហ្វឹកហ្វាត់តែប៉ុណ្ណោះ។
សូមជម្រាបថា ការដណ្តើមបានកៅអីទៅលេងក្នុងពានរង្វាន់ SeaV League 2025 របស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាកើតមានឡើង បន្ទាប់ពីក្រុមបាល់ទះកម្ពុជា យកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ីនិងក្រុមសិង្ហបុរី ក្នុងលទ្ធផល៣សិតទល់នឹង១សិតដូចគ្នានិងបានយកឈ្នះក្រុមជម្រើសជាតិឡាវ ចំនួន៣សិតដាច់ ឬ ៣-០ នៅក្នុងការប្រកួតជម្រុះពានរង្វាន់Sea V League Challengeដែលធ្វើនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ហើយបានបញ្ចប់ កាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៤។
ក្រៅពីការប្រកួតពានរង្វាន់Sea V League Challengeនេះ ក្រុមបាល់ទះតំណាងឱ្យប្រទេសទាំង៤ខាងលើ ក៏ត្រូវបានដាក់ឱ្យប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាបន្តទៀត ដែលត្រូវបានធ្វើឡើងពេញមួយថ្ងៃកាលពីថ្ងៃចន្ទហើយជាលទ្ធផល ក្រុមកម្ពុជា បានយកឈ្នះក្រុមឡាវ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចបានបន្តយកឈ្នះក្រុមម៉ាឡេស៊ី ៣-០ ដូចគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក ដោយមានប្រាក់រង្វាន់ចំនួន១០០លានរៀលរីឯក្រុមលេខ២ ម៉ាឡេស៊ី បាន៣០លានរៀល ក្រុមលេខ៣ សិង្ហបុរី បាន២០លានរៀលនិងក្រុមលេខ៤ ឡាវ បានប្រាក់រង្វាន់១០លានរៀល៕