ភ្នំពេញៈ កំណើនប្រជាជនក្នុងពិភពលោក បានកើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដែលតួលេខបាន ឡើងដល់ប្រមាណ ៨ ពាន់លាននាក់ហើយ ស្របនឹងចំនួនប្រជាជនពិភពលោកដ៏ច្រើនសម្បើមបែបនេះ ក៏មានសំណួរចោទសួរថា តើភពផែនដី ដែលជាទីជម្រករបស់មនុស្សជាតិនេះ នឹងជួបប្រទះនូវបញ្ហាប្រឈម ឬផលផលប៉ះពាល់អ្វីខ្លះ?
ក្នុងអត្ថបទនេះ សារព័ត៌មានឌីជីថល SRនឹងលើកយកបញ្ហាសំខាន់ៗចំនួន៤ មកធ្វើការពន្យល់បង្ហាញ៖
១ ការកាប់បំផ្លាញព្រៃឈើ
កំណើនប្រជាជនលើពិភពលោក បាននាំឱ្យមានការកាប់បំផ្លាញព្រៃឈើ ព្រោះនៅពេលដែលចំនួនមនុស្សនៅលើផែនដីកើនឡើង តម្រូវការដីក៏កើនដូចគ្នាដែរ។ ព្រៃឈើត្រូវបានកាប់ឆ្ការក្នុងអត្រាគួរឱ្យព្រួយបារម្ភ ដើម្បីធ្វើផ្លូវសម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
ការកាប់បំផ្លាញព្រៃឈើដោយឥតឈប់ឈរនេះ មិនត្រឹមតែបំផ្លាញទីជម្រក និងគំរាមកំហែងដល់ជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងរំខានដល់វដ្តនៃកាបូនដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ តួយ៉ាង ព្រៃអាម៉ាហ្សូន ដែលជារឿយៗត្រូវបានគេហៅថាជា "សួតនៃផែនដី" គឺជាឧទាហរណ៍ជាក់ស្តែងដែលកំពុងទទួលរងការខូចខាត និងបាត់បង់យ៉ាងឆាប់រហ័សពីសកម្មភាពកាប់បំផ្លាញ់ព្រៃឈើខុសច្បាប់។
២ ការបាត់បង់ធនធានភពផែនដី
កំណើនប្រជាជនលើពិភពលោក នឹងធ្វើឱ្យមានការកើនឡើងនៃការប្រើប្រាស់ធនធានរបស់ផែនដី ព្រោះនៅពេលដែលមនុស្សកាន់តែច្រើនរស់នៅលើភពផែនដី តម្រូវការទឹក សារធាតុរ៉ែ ឥន្ធនៈហ្វូស៊ីល និងធនធានធម្មជាតិផ្សេងទៀតកើនឡើងយ៉ាងខ្លាំង។ ការប្រើប្រាស់គ្មាននិរន្តរភាពនេះ បានធ្វើឱ្យបាត់បង់ទុនបម្រុង ដែលបានចំណាយពេលរាប់លានឆ្នាំ ដើម្បីបង្កើតនាំទៅរកភាពខ្វះខាតធនធាន និងការរិចរិលបរិស្ថាន។
ជាឧទាហរណ៍ ការទាញយកទឹកក្រោមដីច្រើនពេកកំពុងធ្វើឱ្យអាងទឹកស្ងួត ខណៈការជីកយករ៉ែច្រើនពេកបំផ្លាញទេសភាព និងប្រព័ន្ធអេកូឡូស៊ី។ លក្ខណៈកំណត់នៃធនធានទាំងនេះមានន័យថា បើគ្មានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងគំរូនៃការប្រើប្រាស់ និងការផ្លាស់ប្តូរឆ្ពោះទៅរកជម្រើសប្រកបដោយនិរន្តរភាពទេ មនុស្សជំនាន់ក្រោយនឹងប្រឈមមុខនឹងការខ្វះខាតធ្ងន់ធ្ងរ និងវិបត្តិបរិស្ថាន។
៣ ការបំពុលធ្ងន់ធ្ងរដល់ភពផែនដី
ការបំពុលបរិស្ថានដ៏ធ្ងន់ធ្ងរ បានក្លាយជាវិបត្តិដ៏អាក្រក់ធំមួយដែលបានមកពីការកើនឡើងនៃចំនួនប្រជាជន ជាមួយនិងសកម្មភាពឧស្សាហកម្ម ការដឹកជញ្ជូន និងការផលិតថាមពលបញ្ចេញជាតិពុលយ៉ាងច្រើនសន្ធឹកទៅក្នុងខ្យល់ ទឹក និងដី។ ទីក្រុងដែលពោរពេញទៅដោយផ្សែងអ័ព្ទ ទន្លេដែលបំពុលដោយកាកសំណល់ឧស្សាហកម្ម និងមហាសមុទ្រដែលពោរពេញដោយកំទេចកំទីប្លាស្ទិក គឺជាទិដ្ឋភាពទូទៅដែលយើងឃើញជាក់ស្តែងរាល់ថ្ងៃផងដែរ។
ការបំពុលបរិយាកាស ជាចម្បងពីការដុតឥន្ធនៈ បង្កហានិភ័យសុខភាពយ៉ាងធ្ងន់ធ្ងរ រួមចំណែកដល់ជំងឺផ្លូវដង្ហើម និងការស្លាប់មុនអាយុ។ ការបំពុលទឹក ដែលបណ្តាលមកពីការហូរច្រោះនៃកសិកម្ម ការហូរចេញពីឧស្សាហកម្ម និងការចោលកាកសំណល់មិនត្រឹមត្រូវ បំពុលប្រភពទឹកផឹក ប៉ះពាល់ដល់ជីវិតសត្វក្នុងទឹក និងរំខានដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។
៤ ការចោលកាកសំណល់ដ៏ច្រើនសន្ធឹក
បរិមាណកាកសំណល់ដ៏ច្រើនលើសលប់ បានបង្កើតឡើងដោយការកើនឡើងនៃចំនួនប្រជាជន។ កន្លែងចាក់សំរាមហូរហៀរដោយសំរាម បញ្ចេញឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពល ចូលទៅក្នុងបរិយាកាស។ ការបោះចោលកាកសំណល់ដែលបង្កគ្រោះថ្នាក់ដោយមិនត្រឹមត្រូវ ធ្វើឱ្យមានការបំពុលដី និងទឹក ដែលបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរដល់សហគមន៍។ កន្លែងប្រព្រឹត្តិកម្មទឹកស្អុយមិនគ្រប់គ្រាន់ នាំឱ្យទឹកសំអុយដែលមិនបានចម្រោះត្រូវបានបង្ហូរចូលទៅក្នុងទន្លេ និងមហាសមុទ្រ ដែលនាំឱ្យមានការបំពុលទឹកកាន់តែធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ការផលិត និងការចោលកាកសំណល់អេឡិកត្រូនិក ដែលផ្ទុកទៅដោយសារធាតុពុលបានបង្កើតបញ្ហាប្រឈមផ្នែកបរិស្ថានបន្ថែម។
ស្របពេលចំនួនប្រជាជនលើពិភពលោកកើនឡើង ដែលនាំឱ្យមានបញ្ហាប្រឈមសំខាន់ៗដូចខាងលើនេះ វាក៏ផ្តល់ឱកាសដើម្បីគិតឡើងវិញអំពីទំនាក់ទំនងរបស់មនុស្សជាមួយបរិស្ថានផងដែរ ដោយយើងត្រូវរួបរួមគ្នាគិតគូ ពីយុទ្ធសាស្ត្រការពារភពផែនដីនិងទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព ក៏ដូចជាការផ្តល់អាទិភាពដល់សុខភាពនៃភពផែនដីដូច្នេះយើងអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកំណើនប្រជាជន និងធានាបាននូវអនាគតដ៏ជោគជ័យសម្រាប់មនុស្សជំនាន់ក្រោយ។ ពេលនេះគឺជាពេលវេលាដើម្បីធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដល់ភពផែនដីរបស់យើងនិងអ្នករស់នៅទាំងអស់។
គួរបញ្ជាក់ថា ចំនួនប្រជាជនពិភពលោកអាចកើនឡើងដល់ប្រហែល ៨.៥ ពាន់លាននាក់ក្នុងឆ្នាំ ២០៣០ និង ៩.៧ ពាន់លាននៅឆ្នាំ ២០៥០ និងឈានដល់កម្រិតកំពូលនៅប្រហែល ១០.៤ ពាន់លាននាក់ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ២០៨០ នេះបើយោងតាមការព្យាករណ៍ចំនួនប្រជាជនពិភពលោកឆ្នាំ ២០២២ ដែលចេញផ្សាយកាលពីខែកក្កដា៕