សេដ្ឋកិច្ច

នំបញ្ចុកខ្មែរច្រកកំប៉ុង ផលិតនៅកូរ៉េខាងត្បូង កំពុងផ្ទុះការគាំទ្រខ្លាំងឆ្លងទ្វីប

November 1, 2024
ថិញ រិទ្ធី
Heading
Option 1

ដោយសារ​តែ​​ចង់ឃើញ​អាហារអត្តសញ្ញាណជាតិ​ដែល​ប្រជាជន​ខ្មែរ​ស្ទើរតែគ្រប់រូប​ ​តែងតែ​នឹកនា​រាល់ពេល​ចាកឆ្ងាយពី​ប្រទេសកំណើតនោះប្ដីប្រពន្ធ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​បាន​សាកល្បង​ច្នៃ​​នំ​បញ្ចុក​ក្រៀម​ច្រក​​​កំប៉ុងដោយជោគជ័យហើយ​លក់​ចែកចាយទៅកាន់​ច្រើនប្រទេស​។

ខុស​ប្លែក​ពី​​អ្នករស់នៅ​ប្រទេសកម្ពុជាដែល​ងាយ​​​ស្វែង​រក​នំបញ្ចុក​អន្លក់ស្រស់ៗ​ស្រូបទឹកសម្ល​ក្ដៅ​ នៅ​ក្នុងផ្សារ តូបនិង​រទេះ​តាមផ្លូវនោះ​​  ប្រជាជនខ្មែរ​ដែល​​រស់នៅបរទេស​ត្រូវ​ធ្វើដំណើរ​រាប់សិបគីឡូម៉ែត្រ​​​ស្វែងរក​ហាង​ម្ហូបខ្មែរ។ បើពុំដូច្នោះទេ ពួកគាត់​​​ត្រូវ​ស្វែងរក​​ទិញ​គ្រឿងផ្សំ​ចឹបចុប​ជា​ច្រើន​មុខនិង​ចំណាយពេលយូរ​ទំរាំ​ចម្អិន​បាន​​នំបញ្ចុកបែបខ្មែរ​​​ទទួលទាន។

​សម្រាប់​អ្នក​មិនសូវមាន​ពេលទំនេរ​ក្នុង​ការធ្វើ​ម្ហូបអាហារ​ប្រចាំថ្ងៃ​លោក ព្រីង ឆេង និង លោកស្រី ឌ​ក គឹម​ស្រៀ​ង ជា​អ្នក​ខេត្តកំពង់ចាម​រស់នៅប្រទេស​កូរ៉េខាងត្បូង​មានគំនិត​ច្នៃ​នំ​បញ្ចុក​ខ្មែរ​ទៅជា​នំ​បញ្ចុក​​ក្រៀម​ច្រក​ក្នុង​កំប៉ុង ដែល​អាច​ឆុង​ទទួលទាន​​បាន​គ្រប់ពេលវេលា​ដូច​មី​កំប៉ុង​ដែរ​។​

​លោក​បាន​ប្រាប់​សារព័ត៌មានSR News  ពី​ដើមចម​នៃ​ការ​​ធ្វើនំបញ្ចុក​កំប៉ុង​​យ៉ាងដូច្នេះ​​​ថា​៖«​ដោយសារ​ចង់ឃើញ​នំ​បញ្ចុក​ខ្មែរ​ប្រែក្លាយដូចជា​មី​កំប៉ុង ចង់​ញ៉ាំ​ពេលណា នៅទីណា​ក៏បាន ​​ពិសេស​ទុក​បានយូរ និង ជា​អត្ត​ញាណ​ខ្មែរ​»​។

​លោក​បាន​បន្ថែមទៀតថាការធ្វើ​នំ​បញ្ចុក​ក្រៀម ទឹកស​ម្លរ និងល្បោយត្រូវបាន​ឆ្លង​កាត់​ដំណាក់ កាល​​ច្រើននិង​ចំណាយពេល​ក៏​ច្រើន​។

លោក ព្រីង ឆេង បាន​រៀបរាប់ថា៖«ដោយសារ​យើង​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​អ្នក​ចាប់ផ្តើម​មុនគេដូច្នេះ​យើង​ត្រូវ​គិត​ច្រើន ដូចជា​ការស្រាវជ្រាវ លើ​បច្ចេកទេស និង​សម្ភារៈ​ជាដើម​។និយាយ​ឱ្យ​ខ្លី​គឺ​គិត​គ្រប់យ៉ាង ​ដើម្បីឱ្យ​ចេញ​ជា​ផលិតផល​សម្រេច​​ប្រកបដោយ​គុណភាពសុវត្ថិភាព អនាម័យ ព្រមទាំង​រសជាតិ​ផងដែរ​»។​

ថ្វីត្បិតតែ​ដំណាក់កាលផលិតនិងស្រាវជ្រាវ​​មានភាព​លំបាក តែ​​​គ្រឿងផ្សំ​​និង​រូបមន្ត​ធ្វើ​មិនសូវខុសគ្នា​នឹង​នំបញ្ចុកខ្មែរ​​​ទូទៅ​នោះទេ។

​លោក​បានបញ្ជាក់​យ៉ាងដូច​ច្នេះ​ថា៖«​ចំពោះ​ស​សៃ​នំ​គឺ​ធ្វើ​ពី​ម្សៅ​អង្ករម្សៅដំឡូង​ និង​ស្រូវ​សាឡី និង​ធាតុ​ផ្សំ​មួយចំនួនទៀត​។ រីឯ​ទឹកស​ម្លរគឺ​ដូច​ទឹកស​ម្លរ​យើង​ធ្វើ​ដែរ​ទេ គ្រាន់តែ​យើង បន្ថែម​ដំឡូងជ្វា​និង​​ដំឡូងបារាំង​»​។​

​នំ​បញ្ចុក​ក្រៀម​កំប៉ុង​នេះ​មាន​៣ រសជាតិគឺ ​សម្លប្រហើរ​ ណាំ​យ៉ា និង​ការី ​​ដែល​អាច​រក្សាទុក​បានរហូត​ដល់​ក​ន្លះ​ឆ្នាំ​។​

​ចំពោះ​កំប៉ុង​នំ​បញ្ចុក​ក្រៀម​វិញត្រូវបាន​រចនា​ដោយមាន​រូប​ប្រាសាទ​អង្ករ​វត្ត ប្រាសាទព្រះវិហាររូប​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ជាមួយ​ការ​​រំលេច​រូ​ប​​​ភាព​បញ្ជាក់ថា​ជា​ផលិតផល​ខ្មែរ​។​

លោក ព្រីង ឆេង និងភរិយា​អាច​​ឆ្លៀត​នំបញ្ចុក​កំប៉ុង​នេះ តែ​កំឡុង​ពេល​​ចុង​សប្តាហ៍ប៉ុណ្ណោះ​។ការ​ផលិត​ក៏​អាស្រ័យ​ទៅ​តាម​​ចំនួន​​កម្មង់​តិច​ ឬ​ច្រើន​ពីសំណាក់​​ភ្ញៀវ​។

នំបញ្ចុក ១កេសតូច​មាន​​ ​៦​កំប៉ុង តម្លៃ​ ១៧០០០ ​​វ៉ុ​ន​ប្រហែល ​១៣ ដុល្លារ។ តម្លៃ​​លក់​នំបញ្ចុកំប៉ុង​អាច​ខុសគ្នា​តិចតួច​នៅ​ប្រទេស​កម្ពុជានិង​បណ្ដា​ប្រទេស​ដទៃទៀត។

​​ទន្ទឹមនឹង​មានការ​គាំទ្រ​នេះដែរលោក ព្រីង ឆេង ក៏ទទួលស្គាល់​ពី​តម្លៃ​ខ្ពស់​ក្នុងការ​ផលិត​វេចខ្ចប់ផង​ដែរ។

លោក​បាន​ឱ្យដឹង​ថា៖ «យើង​ក៏​នៅ​ជួប​បញ្ហា​ដែរដោយសារ​តែ​ការទិញ​ទៅ​បរិភោគ​នៅមានកម្រិត ​​ដោយសារ​មានតម្លៃ​ថ្លៃទាំង​តម្លៃ​ថ្លៃដើម​ក្នុង​ការផលិត ​និង​ការដឹកជញ្ជូន​ឆ្លង​ប្រទេស»​​។​

​លោក​បានបញ្ជាក់​ប្រាប់ថា៖«​យើង​ក៏​កំពុង​ស្វែងរក​វិធីសាស្ត្រ​កាត់បន្ថយ​ចំណាយ​លើ​ការផលិត​ ​ដើម្បីឱ្យ​តម្លៃ​នំ​បញ្ចុក​នៅ​ទាប​សមរម្យ​អាច​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ​បាន​ទូទៅ​»។

សព្វថ្ងៃនេះ​នំ​បញ្ចុក​ខ្មែរ​ច្រក​ក្នុង​កំប៉ុង​មាន​លក់​នៅ​ខ្មែរកូរ៉េ ជប៉ុន និង​កាណាដា។ អតិថិជន​ដែល​ជាវ​យកទៅ​បរិភោគ ​ពួកគាត់ភាគច្រើន​​ស​សើ​រថា ​​ឆ្ងាញ់​ដូច​រសជាតិ​ដើម​។​

នៅថ្ងៃ​អនាគតលោក​​​រំពឹងថា​​នឹងអាច​​ចែកចាយ​រសជាតិនំបញ្ចុក​កំប៉ុង​បែប​ខ្មែរ​នេះ​ទៅ​គ្រប់​ទីកន្លែង​។

ដោយ​ទទួលបាន​ជោ​ជ័យ​ក្នុងការ​ផលិត​នំ​បញ្ចុក​ក្រៀម​កំប៉ុងនេះ​​លោក ព្រីង ឆេង ក៏បានបង្ហើប​ប្រាប់​ដែរថា៖ «​យើង​ក៏​កំពុង​សាកល្បង​ផលិត​អាហារ​កំប៉ុង​ខ្មែរ​យើងមានដូចជា សម្លរ បង្អែម និង​នំ​ខ្មែរ​យើង​ផងដែរ»​។​​

​សិប្បកម្ម​របស់លោកព្រីង ឆេង និង លោកស្រី ឌ​ក គឹម​ស្រៀ​ង ស្ថិតនៅ​ប្រទេស​កូរ៉េ​ខាងត្បូង​​។​ព័ត៌មាន​បន្ថែមអាច​ស្វែងរក​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក  ChhengPring​៕

អត្ថបទពេញនិយម

អ្នកឯកទេសភ្នែក៖ ថ្នាំបន្តក់ភ្នែកប្រើរួចរក្សាទុកលើស១ខែ អាចបង្កឱ្យឆ្លងមេរោគ

ស្រីមុំ នៅក្នុងរឿងព្រះភូមិ មើលឃើញខ្មោចក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ប្រែសំរាមជាបុប្ផា សហគ្រិនផ្ទះផ្កាខ្មែរ បើកបង្រៀនច្នៃសម្បកពោតជាផ្កា និងរបស់តាំងលម្អស្អាតហើយទុកបានយូរ

ព្រះនាង ជេនណា បដិសេធព័ត៌មានកំពុងហ្វឹកហាត់ក្លាយជាតារា K-pop នៅកូរ៉េខាងត្បូង

ការឡើងទម្ងន់ក្នុងរដូវកាលឈប់សម្រាកបុណ្យទាន គឺជារឿងធម្មតា?