ចំណេះដឹង

អ្នកឯកទេសភ្នែក៖ ថ្នាំបន្តក់ភ្នែកប្រើរួចរក្សាទុកលើស១ខែ អាចបង្កឱ្យឆ្លងមេរោគ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ ភ្នែកគឺជាសិរីរាង្គមួយដ៏សំខាន់និងមានតម្លៃខ្លាំងណាស់របស់មនុស្ស ដូចនេះការថែរក្សា កែវភ្នែកក៏ត្រូវយកចិត្តទុកដាក់និងដឹងពីបច្ចេកទេសថែទាំងឱ្យបានត្រឹមត្រូវផងដែរ។

SR Digital Media នឹងបង្ហាញពីចំណេះដឹងមួយចំនួនទាក់ទងនឹងការប្រើប្រាស់ថ្នាំបន្តក់ភ្នែកដូចតទៅ៖ បើយោងតាម​អ្នកស្រី វេជ្ជបណ្ឌិត អ៊ុក សុលាភីអ្នកឯកទេសចក្ខុរោគកុមារ និងភ្នែកស្រលៀងនៃ គ្លីនិកភ្នែកមេត្តា បានឱ្យដឹងថា ដើម្បីប្រើប្រាស់ថ្នាំបន្តក់ភ្នែកឱ្យបានត្រឹមត្រូវអ្នកត្រូវងើយក្បាលឡើង​ លើ រួចទាញត្របកភ្នែកផ្នែកខាងក្រោម និងបន្តក់ថ្នាំត្រឹមមួយតំណក់ចូលក្នុងភ្នែក។

អ្នកស្រីវេជ្ជបណ្ឌិត បន្តថា៖ «ជាទូទៅការបន្តក់ថ្នាំភ្នែក ដែលទាញត្របកភ្នែកទាំងសងខាងនោះ  វានឹងអាចបង្កឱ្យមានគ្រោះថ្នាក់ទៅដល់ភ្នែកទៅវិញទេ  ព្រោះពេលយើងបន្តក់ថ្នាំចូលទៅ វាធ្លាក់ចំគ្រាប់ភ្នែកយើងតែម្ដង»។

ជាមួយគ្នានេះអ្នកឯកទេសភ្នែករូបនេះបានបញ្ជាក់ទៀតថា៖ « សម្រាប់ថ្នាំបន្តក់ភ្នែកដែលនៅសល់ក្រោយពីការប្រើប្រាស់ ដែលយើងបើកហើយ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ គឺយើងអាចប្រើបាន តែត្រឹមមួយខែចុះក្រោមប៉ុណ្ណោះហើយត្រូវរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពចាប់ពី ២អង្សារសេ ដល់ ២៥អង្សារសេ​ ហើយមិនទុកនៅកន្លែងដែលកកទេហើយក៏មិនអនុញ្ញាតឱ្យ អ្នកផ្សេងប្រើប្រាស់បន្តដែរ»។

អ្នកស្រីបន្តថាថ្នាំបន្តក់ភ្នែកដែលនៅសល់បន្ទាប់ពីប្រើរួច បើទុកលើសពីរយៈពេលមួយខែថ្នាំថ្នាំនោះនឹងលែងមានប្រសិទ្ធភាព ហើយវាអាចនឹងបង្កឱ្យមានមេរោគ និងអាចឆ្លងមកភ្នែកបាន។  

ទាក់ទងនឹងការប្រើប្រាស់ថ្នាំបន្តក់ភ្នែកនេះអ្នកស្រី ឆេងហួរ អាយុ៦៥ ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបាន ប្រើប្រាស់ថ្នាំបន្តក់ភ្នែកនេះយូរមកហើយពុំដែលបានដឹង ពីរបៀបនៃការប្រើប្រាស់ថ្នាំបន្តក់ភ្នែកនេះ ឡើយ ចំណែកថ្នាំភ្នែកដែលប្រើរួចនៅសេសសល់អ្នកស្រីតែងតែទុកប្រើប្រាស់ទៅថ្ងៃក្រោយ ប៉ុន្តែក្រោយពីបានយល់ដឹងអ្នកស្រីនឹងផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ថ្នាំភ្នែក ព្រោះភ្នែកជាវត្ថុមានតម្លៃ។ 

ជាមួយគ្នានេះវេជ្ជបណ្ឌិត អ៊ុក សុលាភី សំណូមពរឱ្យពលរដ្ឋដែលមានបញ្ហាភ្នែក សូមទៅពិគ្រោះ ជាមួយគ្រូពេទ្យជំនាញជៀសវាងការទិញថ្នាំភ្នែកមកបន្តក់ដោយគ្មានវេជ្ជបញ្ជា៕

អត្ថបទពេញនិយម

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ការតាំងពិព័រណ៍ទោលរបស់ BTS Jungkook នឹងបើកនៅទីក្រុងសេអ៊ូល

ភាពយន្តឯកសារ RM មេក្រុម BTS ត្រូវបានសម្រាំងយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្តដ៏ធំបំផុតមួយនៅអាស៊ី

ទាំងស្អាត ទាំងក្លាហាន នារីខ្មែរវ័យក្មេង បម្រើការជាអ្នកជ្រមុជទឹកដោះមីនការពារជីវិតប្រជាជន

នំបញ្ចុកស្រុសទឹកកាពិ ក្លាយជាម្ហូបដ៏ពេញនិយមនៅផ្សារអូឬស្សី