បាត់ដំបង: កើតចេញពីភាពច្នៃប្រឌិតគួបផ្សំបទពិសោធន៍ជាច្រើនឆ្នាំ អ្នកស្រី ម៉ៅ សុធា ជាសិប្បករផលិតប្រហុកអង្ក្រងដ៏មានរសជាតិឈ្ងុយឆ្ងាញ់និងកំពុងត្រូវបានដាក់លក់លើទីផ្សារ ជាមួយអ្នកគាំទ្រយ៉ាងច្រើនសន្ធឹក។
ប្រមាណជា៥ឆ្នាំមុន អ្នកស្រីសុធា គ្រាន់តែជាអាជីករលក់ប្រហុក ដែលត្រូវបានអតិថិជនទទួលស្គាល់ស្នាដៃឆ្ងាញ់និងស្នើឱ្យអ្នកស្រីសាកល្បងធ្វើប្រហុកអង្ក្រង។
សិប្បករលក់ប្រហុករូបនេះបានប្រាប់ SR News ថា៖ «ដំបូងឡើយ ខ្ញុំលក់ប្រហុកធម្មតាទេ តែដោយសារមានម៉ូយខ្លះគាត់ចង់ឲ្យខ្ញុំកែច្នៃប្រហុកលាយជាមួយអង្ក្រងដោយឃើញថាប្រហុករបស់ខ្ញុំមានរសជាតិឆ្ងាញ់ និងអង្ក្រងក៏សម្បូរនៅលើទីផ្សារទៀតនោះទើបពួកគាត់ចង់ឲ្យខ្ញុំកែច្នៃធ្វើជាប្រហុក អង្ក្រងនេះឡើង»។
ដំណើរការធ្វើប្រហុកអង្ក្រងរបស់អ្នកស្រីត្រូវបានចាប់ផ្ដើមពីបរិមាណតិចតួចជាការសាកល្បងរហូតឈានដល់ចំនួនច្រើនតាមតម្រូវការរបស់ភ្ញៀវ។
អ្នកស្រី សុធាបានរៀបរាប់ថា៖ «ណាមួយយើងគិតថាអង្ក្រង គឺយើងអាចយកមកឆា ឬក៏ម្ជូរអីទេ ទើបខ្ញុំសាកល្បងយកអង្ក្រង មកច្នៃធ្វើជាប្រហុកលមើល ត្រឹមតែ២ ទៅ៣គីឡូក្រាម ប៉ុណ្ណោះតែធ្វើយូរៗទៅវា មានរសជាតិ ឆ្ងាញ់ធ្វើឲ្យភ្ញៀវកុម្ម៉ង់កាន់តែច្រើនទៅច្រើនទៅៗ»។
ការផលិតប្រហុកអង្ក្រងនេះត្រូវឆ្លងកាត់ដំណាក់កាលសម្អាតជាច្រើនដងនិងចម្អិនឱ្យបានត្រឹមត្រូវទើបអាចរក្សាទុកបានយូរ។
សិប្បករធ្វើប្រហុកអង្ក្រងវ័យ ៣៧ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងត្រូវយក អង្ក្រងមករើសកម្ទេចស្លឹកឈើនិងសត្វល្អិតផ្សេងៗចេញឲ្យស្អាតរួច យកវាទៅលាងទឹកឲ្យអស់ជាតិជូរ ហើយកទៅស្រុះទឹកក្តៅឲ្យឆ្អិតល្អដើម្បីរក្សាទុកបានយូរ។ បន្ទាប់មក យើងយកអង្ក្រងទៅចិញ្ច្រាំជាមួយនិងប្រហុកត្រីរ៉ស់ដោយផ្សំគ្រឿងដូចជា ខ្ទឹមស ម្ទេស ស្លឹកគ្រៃ ស្លឹកក្រូចសើច ស្ករ អំបិល និងប៊ីចេង។
ដំណាក់កាលដែលលំបាកនិងទាមទារការអំណត់ច្រើននោះ ត្រូវបានអ្នកស្រី សុធា បញ្ជាក់ថា ជាការរើសកម្ទេចកម្ទីស្លឹកឈើចេញពីអង្ក្រងតែប៉ុណ្ណោះដែលត្រូវការប្រើរយៈពេលយូរព្រោះអង្ក្រងតូចៗ។
ប្រហុកអង្ក្រងរបស់អ្នកស្រីមានតម្លៃ ២៥០០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃ អ្នកស្រីអាចផលិតបានជាប្រមាណ ១០០គីឡូក្រាមដោយបច្ចុប្បន្នមានដាក់លក់នៅខេត្តបាត់ដំបង កំពង់សោម សៀមរាប និង ភ្នំពេញ។
ភ្ញៀវដែលទិញប្រហុកអង្ក្រងយកទៅទទួលទានភាគច្រើនតែងតែសរសើរប្រហុកអង្ក្រងនេះថាឆ្ងាញ់។ លើសពីរសជាតិប្រហុកអង្ក្រងក៏ត្រូវបានសិប្បករផលិតដោយមានអនាម័យល្អទាំងការទុកដាក់ និងវេចខ្ចប់នៅក្នុងក្រឡជ័រ។
យោងតាមអ្នកស្រី សុធា ប្រហុកអង្ក្រងអាចរក្សាទុកក្នុងទូទឹកកក បានប្រហែលជា ១ឆ្នាំ។
សម្រាប់អ្នកដែលមមាញឹកពុំសូវមានពេលចូលចង្ក្រានប្រហុកអង្ក្រងនេះអាចទិញយកទៅទទួលបានភ្លាមៗ តែម្ដង ដោយមិនចាំបាច់ចំហុយ។ ប្រហុកអង្ក្រងអាចទទួលទានផ្ទាល់ជាមួយបាយ ផ្ទាប់បន្លែអន្លក់ សាច់ជ្រូកអាំង ឬក៏អាចយកទៅលាយធ្វើជាទឹកប្រហុកផងដែរ។
ក្រៅពីប្រហុកអង្ក្រងអ្នកស្រី សុធា ក៏មានធ្វើប្រហុកក្រសាំង បុកកន្ទុយហេះ ត្រីប្រឡាក់ និងផលិតផលខ្មែរជាច្រើនទៀត។
សិប្បកម្មប្រហុកអង្ក្រងអ្នកស្រី ម៉ៅ សុធា មានទីលំនៅក្នុងភូមិ ភូមិនរា ឃុំនរា២ ស្រុក សង្កែ ខេត្តបាត់ដំបង។ ទំនាក់ទំនងតាមគេហទំព័រហ្វេសប៊ុកៈ Sothea Bunhong និង លេខទូរស័ព្ទ ០៨៧ ៨២០ ១០៧ និង ០៧១ ៣៨១ ១១៧ ៕