សេដ្ឋកិច្ច

ជ្រក់ទំពាំងព្រេចឆ្ងាញ់ស្រួយស្រឹបផ្ទុះការគាំទ្រ មួយថ្ងៃលក់បានខ្ទង់រយគីឡូ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ​: រសជាតិ​ជូរ​ផ្អែម​ប្រៃសាច់​ស្រួយស្រឹប ដែល​ធ្វើឱ្យ​អ្នក​ញ៉ាំ​ហើយ​ជាប់ចិត្តបានធ្វើឱ្យ​ម្ចាស់​សិប្បកម្ម​ជ្រក់ទំពាំង​ព្រេច អ្នកស្រី ជា ធា​នូកំពុង​កាក់កប​នឹង​ការលក់ដូរ ដោយ​មួយថ្ងៃ​អាចផលិត​លក់​​ខ្ទង់​ចន្លោះ​ពី ១០០ ទៅ​២០០​គីឡូក្រាម​។​

​ទំពាំង​ព្រេច​គឺជា​ពន្លក​ឫស្សី​មួយ​ប្រភេទដែល​យើង​អាច​បរិភោគបាន និង​ជា​អាហារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ជា​យូរលង់​ណាស់​មកហើយ​​។ជាពិសេស ទំពាំង​ព្រេច​ត្រូវបាន​គេ​និយម​យកទៅ​ធ្វើ​ជ្រក់​ដ៏​មានឱជារស ហើយ​​វា​កំពុង​តែមាន​ប្រជាប្រិយភាពនិង​ទីផ្សារ​ទូលំ​លាយ។

​អ្នកស្រី ជា ធា​នូ ហៅ ម៉ា​នូម្ចាស់​សិប្បកម្ម យា​ហ៊ឺ​អំបិលម្ទេស បានឱ្យដឹងថា រឿងរ៉ាវ​នៃ​ការបង្កើតសិប្បកម្ម​នេះ​​ឡើង​គឺ​ដោយសារ​អ្នកស្រី​ចង់​រំឭក​​ជីវិត​ពី​​កុមារភាពដែល​ធ្លាប់​ទៅ​ជីក​ទំពាំង​ព្រេច​ជាមួយ​គ្រួសារ​ដើម្បី​​យកមក​ទុក​ឲ្យ​អ្នក​ម្ដាយ​ធ្វើ​ជ្រក់​សម្រាប់​ញ៉ាំ​។​

​ទំពាំង​ព្រៃ​មួយ​ប្រភេទ​នេះមាន​រសជាតិ​ឆ្ងាញ់ ហើយ​ថែម​ទាំងរួមចំណែក​​​ជួយ​ឲ្យ​ប្រជាកសិករ​រក​ចំណូល​បន្ថែម​មក​ផ្គត់ផ្គង់​គ្រួសារ​ទៀតផង​។​

​​សព្វថ្ងៃនេះ សិប្បកម្មយា​ហ៊ឺ​អំបិលម្ទេស បាន​ប្រមូល​ទំពាំង​ស្រស់​ពីសហគមន៍​ចន្លោះ​ពី ៥០ ទៅ​១០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ដែល​​ទំពាំង​ព្រេច​ទាំងអស់នេះ​មាន​ប្រភព​មកពី​ខេត្តព្រះវិហារ ក្រចេះនិង​ពោធិ៍សាត់​។ បន្ថែមពីនេះ អ្នកស្រី​ក៏​ទទួល​បន្ត​ពី​ឈ្មួញកណ្តាលដែល​ពួកគាត់​ជា​អ្នកដើរ​ប្រមូល​ទិញ​តាម​ស្រុកភូមិ​ជា​ប្រចាំ។

​ប្រជាជន​នៅសហគមន៍គឺ​​​​ជាអ្នក​ដើររក​កាច់​ទំពាំងព្រេចនិង​ទទួលកម្រៃ​ពី​ការ​កាត់​ និង​លាង​​សម្អាត​វា​​​សម្រាប់​​សិប្បកម្ម​របស់​អ្នកស្រី​ផងដែរ​។​

សម្រាប់​សិប្បកម្ម​ជ្រក់ទំពាំង​ព្រេចអ្នកស្រី ម៉ា​នូ បាន​ប្រើ​វិធីសាស្ត្រ​ធ្វើ​ជ្រក់​ពី​អ្នក​ម្ដាយគួបផ្សំ​នឹង​ការច្នៃប្រឌិត​ដោយ​ខ្លួនឯង​។​

​អ្នកស្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បាន​យក​វិធី​ធ្វើ​របស់​ម៉ាក់និង​ព្យាយាម​ស្វែងរក​រូបមន្ត​បន្ថែមទៀត ដើម្បី​បង្កើន​រសជាតិ​»​។​

ម្ចាស់​សិប្បកម្ម​វ័យ​៣២​ឆ្នាំ​រូបនេះក៏​​បាន​រៀបរាប់​ពី​ដំណើរការ​នៃ​ការផលិត​ជ្រក់ទំពាំង​ព្រេច​នេះ​ថា៖ ​«​យើង​ត្រូវយក​ទំពាំង​មក​បកសម្បក​ចេញ​និង​ចិត​ផ្នែក​ទំពាំង​ចាស់ៗ​ចេញរួច​ក៏​កោស​រោម​វា​ចេញ​ឲ្យ​ស្អាត​កុំ​ឲ្យ​វា​រមាស់ពេល​ញ៉ាំ រួច​លាង​ទឹក​ឲ្យ​ស្អាត​ទើប​យកទៅ​ស្រុស​ដោយ​ត្រូវ​ប្រើ​ភ្លើង​ឲ្យ​សម​ល្មម និង​ដាក់​គ្រឿង​ដើម្បី​ឲ្យ​វា​មាន​រសជាតិ​ស្រួយ​ឆ្ងាញ់​រួច​ត្រូវ​យកមក​លាង៥​ទៅ​៦​ទឹកបន្ថែម​ទៀត​ដើម្បី​ឲ្យ​វា​អស់​ជាតិ​ហាង​»​។​

សិប្បកម្ម​មួយ​នេះ អាច​ផលិត​ជ្រក់​បាន​១០០​​ទៅ​២០០​គីឡូក្រាមនៅក្នុង​១​ថ្ងៃ។ យ៉ាងណាមិញកត្តាប្រឈម​ក្នុងការ​ធ្វើ​ជ្រក់ទំពាំងព្រេច​គឺ​ស្ថិត​នៅ​លើ​ការប្រមូលផលតម្លៃ​ក្នុង​រដូវ​ខ្សត់ និង​ខ្នាត​របស់ទំពាំងតែម្ដង។

​អ្នកស្រី​ក៏​បញ្ជាក់​ពីបញ្ហា​នេះ​ដែរ​ថា​៖«​ចំណុច​ទី​១ ពិបាក​ក្នុងការប្រមូលទិញ​ដោយសារតែ​រដូវ​ខ្លះ​មិនសូវ​សម្បូរ​​ទំពាំង​ព្រេច​ធ្វើ​ឲ្យ​ទំពាំង​មានតម្លៃ​ថ្លៃ។ចំណុច​ទី​២ពេលខ្លះ​ទំពាំង​ព្រេច​ទាំងនោះ​មាន​ទំហំ​ធំៗ​ដែល​ធ្វើ​ឲ្យ​ជ្រក់​មិនសូវ​ឆ្ងាញ់​»។​

អ្នកស្រី ម៉ា​នូ បានឱ្យដឹងថា តម្លៃ​លក់រាយ​ជ្រក់ទំពាំង​ព្រេច​គឺ​២២០០០ រៀល ក្នុង​១​គីឡូក្រាម​។ អ្នកស្រី​ធ្វើការ​ចែកចាយ​ទៅកាន់​​​បណ្តា​ខេត្ត​នានាតាម​បណ្ដាញ​សង្គម​អន​ឡាញ បន្ត​ឱ្យ​ឈ្មួយ​កណ្ដាល និងលក់​នៅ​ទីតាំង​​​ហាង​ផ្ទាល់ ដែលស្ថិត​នៅផ្ទះ​លេខ​១៤៨ផ្លូវ​លេខ​១៣​បុរី​ពិភពថ្មី ចំការ​ដូង រាជធានី​ភ្នំពេញ​។

​​អ្នកស្រី​បាន​អះអាងថា តាម​បទពិសោធ​​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះជ្រក់ទំពាំងព្រេច​របស់​អ្នក​ស្ត្រី​មាន​រសជាតិ​​ឆ្ងាញ់​ ធ្វើ​ឱ្យ​អ្នក​​បាន​ទិញ​យកទៅ​ញ៉ាំ​ហើយ​ពួក​គាត់​តែងតែ​សរសើរ​ថា​ស្រួយ​ឆ្ងាញ់​ល្អ​។ចំនួន​​អតិថិជន​មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ។

នា​ថ្ងៃ​អនាគត​អ្នកស្រី​ម៉ា​នូ មានការតាំងចិត្ត​ចង់​បន្ត​ផលិត​អ្វី​ដែលជា​របស់​ខ្មែរនិង​រំពឹងថា​​ធនធានដែល​ខ្មែរ​មានស្រាប់ អាច​ត្រូវបាន​យកមក​​ផលិត​លក់​ ​និង​នាំចេញ​ទៅ​ក្រៅប្រទេសឱ្យបានច្រើន។

អ្នកស្រី​បាន​បន្ត​​ថា៖ «​​ឲ្យ​គេ​ស្គាល់​ថា​នេះ​ជា​របស់​ខ្មែរម្ហូប​ខ្មែរ ឆ្ងាញ់​ហើយ មាន​អនាម័យ​»។

ក្រៅពី​ផលិត​ជ្រក់ទំពាំង​ព្រេច អ្នកស្រីម៉ានូ ក៏មាន​ធ្វើ យា​ហ៊ឺ​អំបិលម្ទេស បង្គា​អំបិលម្ទេស ស្វាយត្រាំ​ទឹកឃ្មុំដំណាប់​ខ្វិត​ស្ងួត ដំណាប់​ល្មុត និងផលិតផល​ជាច្រើន​មុខ​ទៀត​។

​ប្រិយមិត្ត​ដែល​ចាប់អារម្មណ៍​ផលិត​ផលអ្នកស្រីម៉ានូ អាច​​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក យា​ហ៊ឺ​អំបិលម្ទេស ឬ លេខ​ទូរ​សព្ទ​៖០៧០ ៥៧៥ ៤៥៤៕

អត្ថបទពេញនិយម

នារី YouTuber កូរ៉េខាងត្បូង ផ្សព្វផ្សាយពីភាពស្រស់បំព្រងនៃជីវិតនៅលីវ

ប្រហុកអង្ក្រង អ្នកបាត់ដំបង ទទួលបានការគាំទ្រច្រើន មួយថ្ងៃផលិតបាន ១០០គីឡូក្រាម

ទឹកជ្រោះតាតៃ ទេសភាពស្អាតពន់ពេក លាក់ខ្លួនបង្អួតធម្មជាតិនៅក្នុងទឹកដីស្រុកកោះកុង

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ

ចំណាយលុយជិត៣លានដុល្លារ បង្កើតសួនផ្កាខ្នាតយក្សរូបផ្ការំដួលដ៏ស្រស់ស្អាត បង្អួត ខ្លួនលើទឹកដីសៀមរាប