ការតាំងពិព័រណ៍បង្ហាញពីតារាចម្រៀង Jungkook ជាលើកដំបូង ដែលជាសមាជិកវ័យក្មេងបំផុតរបស់ក្រុម BTS ក្នុងនាមជាតារាចម្រៀងទោល គ្រោងនឹងបើកសម្ពោធនៅទីក្រុងសេអ៊ូលនៅចុងខែសីហានេះ។
ទីភ្នាក់ងាររៀបចំពិព័រណ៍ Hybe Insight របស់ផលិតកម្ម Hybe បានប្រកាសថា ខ្លួននឹងរៀបចំពិព័រណ៍មួយឈ្មោះថា «Golden: The Moments» ចាប់ពីថ្ងៃទី ៣០ ខែសីហាដល់ថ្ងៃទី ២២ ខែកញ្ញា នៅ Le Meridien & Moxy ក្នុងតំបន់ Myeongdong ទីក្រុងសេអ៊ូល។
ការតាំងពិព័រណ៍នេះត្រូវបានបំផុសគំនិតដោយអាល់ប៊ុមទោលដំបូងរបស់ Jungkook ដែលមានចំណងជើងថា «Golden» ដែលបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។
វីដេអូចម្រៀងសម្រាប់បទ Sevenនិងបទ 3D ក៏ដូចជាសម្លៀកបំពាក់និងឧបករណ៍បំពាក់ត្រចៀកដែល Jungkook ពាក់នៅលើឆាកនឹងត្រូវបានដាក់តាំងបង្ហាញ។ អ្នកទស្សនាក៏អាចឃើញពានរង្វាន់ ដែល Jungkook ទទួលបានរួមជាមួយនឹងរូបថត ដែលមិនទាន់បានចេញផ្សាយពីមុនមកផងដែរ។
ការតាំងពិព័រណ៍នេះក៏នឹងលាតត្រដាងនូវអ្វីដែលជាចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ Jungkook ផងដែរ រួមទាំងការគូររូបដែលអាចឱ្យអ្នកគាំទ្រមើលឃើញពីជីវិតប្រចាំថ្ងៃរបស់តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះ។
សាលសម្រាប់សម្រាកមួយ នឹងត្រូវបានបង្កើតឡើងនៅជាន់ទីមួយនិងជាន់ទីពីរនៃ Myeongdong Art Breeze ដែលមានទីតាំងនៅជិតសាលតាំងពិព័រណ៍ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទស្សនា។
សំបុត្រចូលទស្សនាពិព័រណ៍នឹងមានលក់នៅលើ Interpark Ticket ចាប់ពីម៉ោង ១១ ព្រឹកថ្ងៃទី ៣០ ខែកក្កដាជាមួយតម្លៃសំបុត្រធម្មតាប្រមាណ ២៥ដុល្លារ និងកញ្ចប់សំបុត្រ Music Frame package តម្លៃជាង ៥០០ដុល្លារ។ ព័ត៌មានបន្ថែមអាចរកបាននៅលើសហគមន៍BTS Weverse។
បច្ចុប្បន្ន Jungkook កំពុងតែបំពេញកតព្វកិច្ចបម្រើយោធាហើយតារាចម្រៀងរូបនេះចេញពីបន្ទាយនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥៕
ប្រភព៖ ANN/The Korea Herald