ចំណេះដឹង

ប្រវត្តិ​​និង​ការ​រស់​ឡើងវិញ​នៃ​ការ​បង្ហើរខ្លែង​ខ្មែរ​

January 6, 2025
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ ការ​បង្ហើរខ្លែង កើតមានឡើង​នៅក្នុង​ប្រពៃណី​របស់​ខ្មែរ​រាប់ពាន់​ឆ្នាំ​មកហើយ ប៉ុន្តែ​មួយរយៈកាល​កន្លងមក ខ្លែង​ខ្មែរ ជាពិសេស​ខ្លែងឯក​ស្ទើរតែ​បាត់បង់​ការនិយម​បង្ហើរ​កម្សាន្ត​លេង ដោយសារតែ​ពលរដ្ឋ​ខ្មែរ​មួយចំនួនមានជំនឿថា ខ្លែង​ជាវ​ត្ថុ​អពមង្គល ប៉ុន្តែ​នៅ​ឆ្នាំ​២០២៤ ការ​បង្ហើរ​ខ្លែងហាក់​លេច​វត្តមាន និង​មាន​ប្រជាប្រិយភាព​មកវិញដោយមាន​ការរៀបចំ​ នូ​វព្រឹត្តិការណ៍​បង្ហើរខ្លែង​ជាច្រើន​តាម​បណ្តា​រាជធានី​-​ខេត្ត​។  

រូបភាពៈ រដ្ឋបាលខេត្តសៀមរាប

​នាពេលនេះ សារព័ត៌មាន SR NEWS នឹង​គាស់កកាយ​ពី​ប្រវត្តិនិង​ការនិយម​បង្ហើរខ្លែង​របស់​ប្រជាជន ជូន​អ្នក​ទាំងអស់​ឱ្យបាន​ដឹង​៖

+ ប្រវត្តិ​ខ្លែង​ខ្មែរ

​នៅ​សម័យ​នគរ​ភ្នំ​កាលពីដើម​ស​.​វ​ទី​១ ដល់​ស​.​វ​ទី​៧ នៃ​គ​.​សជនជាតិខ្មែរ ចេះ​បង្ហោះ​ខ្លែង​រួចទៅហើយ ដោយ​ការ​បង្ហោះ​ខ្លែង​នេះបានទទួល​ឥទ្ធិពល​ពី​ប្រទេស​ចិន​។

​លោក ហ្ស៊​ក សឺ​ដែ​ស អ្នក​បុរាណ​វិទូដែល​បាន​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរបាន​រកឃើញ​សិលាចារឹក​មួយ​នាគ​.​ស ៩៧២​។ សិលាចារឹក​នោះបាន​បញ្ជាក់អំពី​ការរៀបចំ​ព្រះ​រាជពិធី​បង្ហើរខ្លែង និង​តង្វាយ​ជាច្រើន​មុខ​ដូចជា មាសប្រាក់ សំរឹទ្ធិភ្លុក លង្ហិន ពាន គ្រឿង​ភ្លេង លំពែង និង​ខ្លែង​៥​ទៀតផង​។ លោក​ហ្ស៊​ក សឺ​ដែ​សមិន​នឹកស្មានថា មាន​ខ្លែង​៥​នៅក្នុង​តង្វាយ​ឯទៀតៗដែល​សុទ្ធសឹង​ជា​វត្ថុ​មានតម្លៃ​នោះ​សោះឡើយ ។ ប្រការ​ដែល​គួរឱ្យ​ស្តាយ​នោះគឺ​សិលាចារឹក​ពុំបាន​ប្រាប់​ឱ្យដឹងថា តើ​ខ្លែង​ដែលមាន​ចំណែក​នៅក្នុង​រណ្តាប់​តង្វាយ​នោះគេ​ប្រើប្រាស់​សម្រាប់ធ្វើ​អ្វី​នោះឡើយ ។​

​នៅ​គ្រឹ​ស្ត​សករាជ ១៥៩០ លោក​កៀ​រ៉ូ​ហ្សា ដីស​ង់ អង់​តូ​នី​ញ៉ូជនជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​បាន​សរសេរ​ទុក​ថា «​ប្រជាជន​ខ្មែរ​បាន​ចាត់ចែង​ធ្វើ​ពិធី​បង្ហើរខ្លែង​ដែល​ធ្វើ​ពី​ក្រដាសនិង​ដើម​បបុស​។ ខ្លែង​នោះ​មាន​ចងខ្សែ​វែង ហើយ​អាច​ហោះហើរ​ឡើងទៅ​លើ​អាកា​សបានកាលណា​ត្រូវ​ខ្យល់​បក់​មក​។ខ្លែង​នោះ​មាន​បន្លឺ​ស្នូរ​សំឡេង​អ្វីមួយ​ពីរោះ​គួរឱ្យ​ចង់​ស្តាប់​» ។​

 

​ខ្លែង​នៅក្នុង​សង្គម​ខ្មែរ​មាន​ច្រើន​ដូចជា ខ្លែងឯក ឬ​ខ្លែង​ព្នងខ្លែង​ប្រ​ម៉​ង់ ខ្លែង​កណ្តូង ខ្លែង​កូន​មាន់ ខ្លែង​ខ្លែង​ហៅ​ប៉ៅ មេអំបៅខ្លែង​ផ្កាយ ខ្លែង​ខ្លោះ ខ្លែង​ផ្កា ជាដើម​។ រូបរាង​នៃ​ខ្លែងមានការ​រចនា​ទៅតាម​ការចូល​ចិត្ត​រៀងៗ​ខ្លួន និង​ទៅតាម​ការច្នៃប្រឌិត​រប​ស់​អ្នកធ្វើ​។  

+ ប្រវត្តិ​ព្រះរាជ​ពិធី​បង្ហើរខ្លែង​

រូបភាពៈ រដ្ឋបាលខេត្តសៀមរាប

​តាម​ឯកសារ​របស់​វិជ្ជា​ស្ថាន​លំនៅ​ខ្មែរ របស់​បាន​បញ្ជាក់ថា «​ការ​បង្ហើរខ្លែង​គឺជា​ព្រះរាជ​ពិធី​មួយសម្រាប់​គោរពបូជា​ដល់​ព្រះ​ចូឡាមណី​ចេតិយ​ដែល​ប្រតិស្ឋាន​នៅ​វិមាន​ត្រៃ​ត្រឹ​ង្ស ។ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១២ ​រហូតដល់​ថ្ងៃទី​១៥​កើត​ ខែ​មិគសិរ។ គេ​បានរៀបចំ​ធ្វើ​រោង​ពិធី​នៅ​គ្រប់​ទិស​ទាំង​បួន និង​រោង​ធំ​មួយ​នៅ​ចំ​កណ្តាល ។ព្រះសង្ឃ​ជា​ព្រះ​រាជាគណៈ​ក្នុង​ព្រះ​នគរត្រូវបាន​និមន្ត​មក​ចម្រើន​ព្រះ​បរិត្ត​នៅ​គ្រប់​រោង​ទាំង​ប្រាំ ដែលមាន​អុជ​គោម​បំភ្លឺ​នៅតាម​រោង​នីមួយៗព្រមទាំង​មាន​យក​ខ្លែង​ប្រាំ​ទៅ​ដាក់​តាំងនៅ​ទីនោះ​ផងដែរ ។ពិធី​នោះបាន​ធ្វើឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ ស្រី​សុរិយោ​ពណ៌​ ដែល​គង់នៅ​ព្រះបរមរាជវាំងឧដុង្គ​មានជ័យ។​

​លោក​ព្រឹទ្ធាចារ្យ មៀ​ច ប៉ុណ្ណ បានឱ្យដឹងថា ក្រោយ​តម​កទៀតក្នុង​រជ្ជ​ការ​ព្រះបាទ​សម្តេច​អង្គ​ដួង ព្រះរាជកិច្ច​ប្រារព្ធ​ពិធី​បង្ហើរខ្លែងក៏ត្រូវ​បានចាប់ផ្តើម​ធ្វើ​ម្តងទៀត តាម​លំនាំ​ប្រពៃណី​ព្រះពុទ្ធសាសនា ។ ប៉ុន្តែរជ្ជកាល​ក្រោយៗ​មកទៀតបន្ទាប់ពី​គ្រឹ​ស្ត​សករាជ​១៨៥៩ គេ​ពុំ​ឃើញ​មានការ​ប្រារព្ធ​ពិធី​បង្ហើរខ្លែង​នេះ​ទៀតឡើយ។ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្តី កាលណា​រដូវរំហើយ​ចូលមក​ដល់ ​គឺ​ខ្យល់​បក់​មកពី​ទិស​ខាងជើងប្រជារាស្ត្រ​នៅ​គ្រប់ទិសទី នាំគ្នា​បង្ហើរខ្លែង​លេង​កម្សាន្ត​ទាំងចាស់ទាំងក្មេងក្រោយពី​បាន​ប្រមូល​ផល​ស្រូវ​រួចហើយ​។ ខ្លែង​ដែល​ប្រជាជន​លេង​នៅតាម​និគមជនបទផ្សេងៗ​ទូទាំងប្រទេស​នោះចែកជា​ពីរ​ផ្នែក ៖

-​ចាស់ៗ និយម​បង្ហើរខ្លែង​ព្នង ឬ​ខ្លែងអែក ។​

-​ក្មេងៗ​លេង​ខ្លែង តូចៗ​ដូចជា​ខ្លែង​កណ្តូង ខ្លែង​ហោប៉ៅ ឬ​ប្រ​ប៉ៅខ្លែង​ផ្កាយ ខ្លែង​គោម ខ្លែង​ប៉ោត ។​ល​។​

+ ការ​រស់​ឡើងវិញ​នៃ​ពិធី​បង្ហើរខ្លែង

​កម្ពុជា បាន​ឆ្លងកាត់​នូវ​សង្គ្រាមរ៉ាំរ៉ៃ​ជាច្រើន​ជំនាន់ដូចនេះហើយ ការ​បង្ហើរខ្លែង ក៏​ពុំ​សូវ​មាន​ការនិយម លេង​ផងដែរ​។លុះ​សង្គ្រាម​បញ្ចប់ទៅ កម្ពុជាបាន​ខិតខំ​ធ្វើ​ឲ្យ​ខ្លែង​ខ្មែរ​រស់​ឡើងវិញរហូតមកដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៤ ដោយសារ​មានការ​ផ្តួចផ្តើម​គំនិត​ពី​លោក​អ៊ំ​ព្រឹទ្ធាចារ្យស៊ឹម សារ៉ាក់ បាន​ប្រមូលបាន​អ្នក​ស្នេហា​ខ្លែង​ចំនួន ២៧​នាក់ ហើយ​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ បានរៀបចំ​អោយមាន​មហោស្រព​ខ្លែង លើក​ទី​១​។ ចាប់តាំងពី​ពេលនោះ​មកខ្លែងឯក ក៏បាន​ចាប់​លេច​រូបរាង​ឡើងជា​ថ្មី​ម្តងទៀត ហើយ​មហោស្រព​បង្ហោះ​ខ្លែង ក៏បាន​រៀបចំឡើង​រហូត​មកដល់​បច្ចុប្បន្ន​។

​ខ្លែងឯកបាន​ចូលរួម​ក្នុង​មហោស្រព​ខ្លែង​អន្តរជាតិ​តាម​បណ្តា​ប្រទេស​នានា​ដូចជាប្រទេស​កូរ៉េ ជប៉ុន បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អង់គ្លេស ។​ល​។ មិនតែប៉ុណ្ណោះយើង​ក៏មាន​សារមន្ទីរ​ខ្លែង​ខ្មែរ​ផងដែរ ដែល​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០០៣ដើម្បី​តម្កល់ទុក​ខ្លែង​ខ្មែរ​តែម្តង​។

​ចំណែក​នៅ​ឆ្នាំ​២០២៤ គេ​សង្កេតឃើញថា ការ​បង្ហើរខ្លែងក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់ បងប្អូន​ប្រជាពលរដ្ឋជាពិសេស​ការ​បង្ហើរខ្លែង​ឯក ក្នុងនោះ រដ្ឋបាល​ខេត្តសៀមរាប នៅ​រសៀល ថ្ងៃទី​២៧ខែធ្នូ ឆ្នាំ​២០២៤ បានរៀបចំ​ព្រឹត្តិការណ៍​បង្ហើរ​ខ្លែងឯក​ខ្មែរនិង​ខ្លែង​សេរី​ប្រចាំឆ្នាំ​២០២៤ ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយលើក​ត​ម្កើ​ន​មរតក​វប្បធម៌​ជាតិ និង​ជំរុញ​វិស័យ​ទេសចរណ៍ វប្បធម៌ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ មាន​ខ្លែងឯក ខ្លែង​សេរី និង​ខ្លែង​តូចៗសរុប​ចំនួន​ប្រមាណ ៥០០​ខ្លែង​៕

អត្ថបទពេញនិយម

អ្នកកែច្នៃហ្គាសទឹកដំបូងនៅកម្ពុជា គ្រោងពង្រីកសាខាទូទាំងខេត្តក្រុង ជួយ រថយន្តសំចៃប្រេងលើកស្ទួយបរិស្ថាន

ទូរស័ព្ទបត់ជាបីរបស់ Huawei ទទួលបានការបញ្ជាទិញជាមុនចំនួនជាង ៣ លានគ្រឿងមុនការចេញលក់ iPhone 16 របស់ Apple

តើគ្រឿងញៀនជាអ្វី និងមានប្រភពកំណើតមកពីណា?

សហគមន៍កសិកម្មកម្ពុជាមានជ័យ បង្កើតផ្លាកសញ្ញាផ្គត់ផ្គង់សាច់គោខ្មែរស្រស់ រសជាតិឆ្ងាញ់ ដើម្បីប្រកួតលើទីផ្សារ

Google លែងជា «កិរិយាសព្ទ» សម្រាប់ Gen Z ទៀតហើយ