ហ្គាសទឹក គឺជាឧបករណ៍យកទឹកផលិតជាអ៊ីដ្រូហ្សែនដែលត្រូវបានបំពាក់ជាមួយម៉ាស៊ីនរថយន្ត ដើម្បីជួយកាត់បន្ថយប្រេងឥន្ធនៈពី ២០ទៅ ២៥ ភាគរយធ្វើឱ្យម៉ាស៊ីនខ្លាំងជាងមុន និងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលបរិស្ថាន។
ត្បិតបច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់នៅបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោកតែនៅកម្ពុជា លោក ស្រេង វាសនា អាចត្រូវបានចាត់ទុកថា ជាជនដំបូងគេដែលប្រកបរបរបំពាក់បច្ចេកវិទ្យានេះទៅលើរថយន្តជាច្រើនគ្រឿង។
លោកបានផ្ដល់បទសម្ភាសដល់ SR News ដោយពន្យល់លម្អិតពីយន្តការម៉ាស៊ីននិងការរួមចំណែកជួយបរិស្ថានទាំងបច្ចុប្បន្ន និងថ្ងៃអនាគត តាមរយៈសំណួរចម្លើយនៅខាងក្រោមនេះ៖
១. តើហ្គាសទឹកគឺជាឧបករណ៍អ្វីដែរ?
ហ្គាសទឹកគឺជាឧបករណ៍ផលិតអ៊ីដ្រូហ្សែន ដើម្បីបំពាក់ទៅនឹងម៉ាស៊ីនទូទៅដែលយកទឹកផលិតជាអ៊ីដ្រូហ្សែន ដើម្បីជួយកាត់បន្ថយ ប្រេងឥន្ធនៈពី ២០%-២៥%ធ្វើឱ្យម៉ាស៊ីនខ្លាំងជាងមុន និងជួយទប់ស្កាត់ការបញ្ចេញផ្សែងពុលដោយយើងផលិតអ៊ីដ្រូហ្សែនចូលទៅក្នុងម៉ាស៊ីនជួយទៅដុតចំហេះឱ្យឆេះអស់១០០%អ៊ីចឹងធ្វើឱ្យមានផ្សែង និងឧស្ម័ន CO2 ចេញទៅបរិយាកាសទេ។
២.តើការសិក្សាអំពីហ្គាសទឹកតាំងពីឆ្នាំណា? ហើយលោកបង្កើតហ្គាសទឹកឡើងដោយខ្លួនឯងឬយ៉ាងណា?
ជាក់ស្ដែងយើងបានសិក្សាតាំងពីឆ្នាំ២០២០ មក ហើយយើងបានយកបទពិសាធន៍ពីបែកខាងអឺរ៉ុបមកទេគឺដំបូងយើងចង់យកមកប្រើប្រាស់រថយន្ដផ្ទាល់ខ្លួនទេ ដោយសារមើលឃើញថាវាមានអត្ថប្រយោជន៍ច្រើន។ ពេលយើងប្រើប្រាស់ទៅ វាសន្សំសំចៃប្រេងហើយធ្វើឱ្យរថយន្ដយើងប្រើប្រាស់ស្រួល។ អ៊ីចឹងហើយទើបយើងមានគំនិតមួយថាបើសិនជាយើងយកមកអភិវឌ្ឍន៍យើងនាំចូលយកមកលក់នៅទីផ្សារស្រុកខ្មែរយើងប្រហែលជាបានប៉ុន្តែចៃដន្យអីតម្លៃនៅអឺរ៉ុបតម្លៃមួយឈុតដល់ទៅ ១៥០០ដុល្លារ។ដូច្នេះហើយទើបខ្ញុំគិតថា កែសម្រួលតម្លៃឱ្យសាកសមត្រូវនឹងស្រុកខ្មែរយើង។ហើយពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំសាកទិញឧបករណ៍យកមកតេស្ដដោយតេស្ដខុសៗច្រើនដងដែរ ហើយមកដល់ពេលបច្ចុប្បន្ននេះ យើងទទួលបានសម្ភារៈមួយដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យដែលអាចបញ្ចេញទៅទីផ្សារស្រុកខ្មែរយើងបាន។
៣. តើមកទល់នឹងពេលនេះលោកបានទទួលបានការគាំទ្រយ៉ាងណាដែរ?
មកទល់នឹងពេលនេះយើងបានបំពាក់ទៅលើគ្រឿងយន្ដសរុបប្រមាណ១ពាន់គ្រឿងចក្ររួចមកហើយ ហើយទទួលបានការឆ្លើយតបត្រឡប់មកវិញថាពួកគាត់អ្នកខ្លះបានចំណេញ ២០%-២៥% អ្នកខ្លះថាចំណេញប្រេងមួយថ្ងៃ ២០លីត្រ ទៅមួយកាន។
៤. នៅពេលកន្លងមក លោកទទួលបានការគាំទ្របែបណាដែរ? ហើយបានបំពាក់ទៅលើរថយន្ដប្រភេទណាខ្លះ?
ឧបករណ៍យើងនេះបានបំពាក់ទៅលើរថយន្ដV1 (ក្បាលអូសកុងតឺន័រ)បន្ទាប់មករថយន្តតាក់ស៊ី រថយន្ដធម្មតាមួយចំនួន ហើយពាក់ព័ន្ធនឹងគ្រឿងកសិកម្មមានដូចជាម៉ាស៊ីនច្រូត ត្រាក់ទ័រ អេចស្ការវើទ័រជាដើម។ ហើយបន្តទៅមុខទៀត យើងនឹងខិតខំស្វែងរកដើម្បីបំពាក់ទៅលើម៉ូតូកង់បីម៉ូតូ ឱ្យមានតម្លៃមួយសមរម្យសម្រាប់ពួកគាត់។
៥.ការធ្វើហ្គាសទឹកដាក់ទៅលើកង់បីនិងម៉ូតូ តើលោកមើលឃើញកត្តាអ្វីដែរ?
ការធ្វើហ្គាសទឹកដាក់ទៅលើកង់បីនិងម៉ូតូ ធម្មតាទី១ ដោយមើលឃើញថា មានទីផ្សារទូលំទូលាយ។ ទី២.មើលឃើញម៉ាស៊ីនកង់បីប្រើយូរទៅកាន់តែខ្សោយទៅៗហើយម៉ូតូមួយចំនួនឧស្សាហ៍សាងលេខដោយសារខ្សោយពេក ពេលឡើងស្ពាន ឡើងទួលមិនចង់រួចទេ។អ៊ីចឹងនៅពេលដែលបំណាក់ហ្គាសទឹកទៅនឹងធ្វើឱ្យម៉ាស៊ីនគាត់ស្ទុះជាងមុនហើយការសន្សំសំចៃហ្គាសបានទៅដល់ ២០% ទៀត។ ដូច្នេះហើយធ្វើឱ្យអ្នកប្រើប្រាស់ចំណេញប្រាក់បន្ថែមនៅពេលដែលប្រើប្រាស់ហ្គាសទឹក។ ពេលបច្ចុប្បន្នយើងបានរកឃើញឧបករណ៍គ្រប់គ្រាន់ហើយនៅឡើយកំពុងតែសិក្សាទៅលើតម្លៃ ដើម្បីឱ្យគាត់ទទួលយកបានដែលអាចឱ្យគាត់ប្រើប្រាស់តែ ២០ថ្ងៃ ទៅ១ខែ នឹងអាចយកដើមវិញបានហើយ។
៦. តើឧបករណ៍ហ្គាសទឹក អ្នកប្រើប្រាស់ត្រូវប្រើប្រាស់ឬពិនិត្យមើលយ៉ាងណាដែរ?
ការប្រើប្រាស់ហ្គាសទឹកមានភាពងាយស្រួលទេ។អ្នកប្រើប្រាស់គ្រាន់តែចាំមើលថា រថយន្តគាត់ជិះបានប្រមាណ៣០០គីឡូម៉ែត្រអាចស្រកទឹកប្រហែលកន្លះថ្នាំដៃអីនោះទេ។ អ៊ីចឹងប្រើប្រាស់គ្រាន់តែច្របាច់ទឹកសុទ្ធចូលឱ្យពេញម៉ាកេ(កម្រិតកំណត់) វាវិញជាការស្រេច មិនបាច់ត្រូវចំណាយអ្វីផ្សេងទៀតទេ។
៧. តើការដំឡើងឧបករណ៍ហ្គាសទឹកត្រូវចំណាយរយៈពេលប៉ុន្មាន? នៅពេលដែលភ្ញៀវចង់យកមកពិនិត្យមានគិតសេវាអ្វីដែរទេ?
ការដំឡើងឧបករណ៍ហ្គាសទឹកប្រើពេលត្រឹមតែមួយម៉ោងកន្លះទេរួចរាល់ហើយ ហើយមានការធានារយៈពេលមួយឆ្នាំទៅលើឧបករណ៍និងសេវាថែទាំដោយមិនគិតថ្លៃ។
៨.តើឧបករណ៍ហ្គាសទឹកមានតម្លៃប៉ុន្មានដែរ?
នៅពេលបច្ចុប្បន្ននេះឧបករណ៍ហ្គាសទឹកមានតម្លៃតែ២ ប្រភេទទេ គឺទី១ បំពាក់ទៅលើរថយន្ត ៦ម៉ាស៊ីន ទៅ ៨ ម៉ាស៊ីនតម្លៃត្រឹមតែ ១៩៩ដុល្លារ ហើយមានការធានារយៈពេលមួយឆ្នាំ។ដោយឡែករថយន្តដែលមានម៉ាស៊ីន៥ចុះ តម្លៃត្រឹមតែ ១៤៩ប៉ុណ្ណោះហើយមានការធានារយៈពេលមួយឆ្នាំដែរ។
៩. មកដល់ពេលនេះ តើលោកមានទីតាំងក្នុងការដំឡើងហ្គាសទឹកប៉ុន្មានទីតាំងហើយ?
មកដល់ពេលនេះយើងមានទីតាំងធំនៅភ្នំពេញហើយមាននៅ កំពង់ចាម ត្បូងឃ្មុំ សៀមរាប បាត់ដំបង ព្រះវិហារ ហើយប៉ែកខាងសមុទ្រមានកំពត និងកំពង់សោម។
១០. តើនៅពេលខាងមុខនឹងមានការពង្រីកទីតាំងបន្ថែមទៀតទេ?
ជាក់ស្ដែងយើងមានគម្រោងបើកតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសទើបអាចផ្ដល់សេវាយើងទៅដល់គ្រប់កន្លែងបាន។
១១.នៅពេលទទួលបានការគាំទ្រច្រើន តើលោកមានអារម្មណ៍ម៉េចដែរ? ហើយមានអ្វីចង់អ្វើបន្ថែមទៀតទេ?
ជាក់ស្ដែងនៅពេលដែលយើងមានការគាំទ្រច្រើនធ្វើឱ្យចិត្តមានការសប្បាយរីករាយទៅតាមហ្នឹង ហើយក៏ធ្វើឱ្យយើងខិតខំស្រាវជ្រាវដើម្បីនឹងអភិវឌ្ឍន៍ឧបករណ៍យើងឱ្យកាន់តែល្អជាងនេះទៀត៕