កំពតៈ ស្ថិតនៅលើកូនកោះដែលមានទឹកព្រែកព័ទ្ធជុំវិញនិងមានព្រៃព្រឹក្សាខៀវស្រងាត់ ពាមសេ្នហ៍រីស៊ត បានក្លាយជាទីតាំងលម្ហែកាយដែលកំពុងទាក់ទាញ់ភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងនោះមានទាំងការជិះទូកតាមដងព្រែកដើរលេងលើវាលខ្សាច់សក្បុសដ៏ធំទូលាយ ងូតទឹកត្រជាក់ស្រេង អមដោយបរិយាកាសល្អបរិសុទ្ធ។
ពាមស្នេហ៍រីស៊ត មានទីតាំងស្ថិតនៅជិតក្រុងកំពត ដែលអ្នកទេសចរអាចធ្វើដំណើរតាមផ្លូវទឹកឈូដោយចំណាយពេលប្រហែល ៨ នាទីដល់កំពង់ទូក រួចបន្តដំណើរដោយជិះទូកប្រមាណ ២នាទីប៉ុណ្ណោះយើងនឹងទៅដល់គោលដៅ។ សម្រាប់ការជិះទូករបស់រីស៊តពាមស្នេហ៍នេះ អ្នកមកកម្សាន្តអាចជិះចេញចូលរីស៊តបាន២៤ម៉ោង ដោយពុំមានគិតប្រាក់ឡើយ។
បង្កើតឡើងនៅឆ្នាំ ២០២០ លើផ្ទៃដី ៥ហិចតា ពាមសេ្នហ៍រីស៊តមានទីតាំងអំណោយផលដោយផ្នែកខាងក្រោយព័ទ្ធទៅដោយជួរភ្នំខៀរស្រងាត់ ហាក់បីដូចជាមានកន្លែងដែលបន្សុទ្ធខ្យល់ធម្មជាតិដែលធ្វើឱ្យអ្នកមកលេង មានអារម្មណ៍ធូរស្បើយពីការនឿយហត់ និងមានផាសុកភាពនិងមានធម្មជាតិ តូចធំពណ៌បៃតងដុះលើកោះ និងជុំវិញតាមដងព្រែកធម្មជាតិ ជះចេញជាចំហាយត្រជាក់ស្រួលខ្លួននិងហាក់មិនចង់នៅណាឆ្ងាយពីទីនេះ។
ពាមសេ្នហ៍រីស៊ត បើកទទួលភ្ញៀវទេសចរ ជារៀងរាល់ថ្ងៃ ២៤ម៉ោងលើ ២៤ម៉ោង ដែលរីស៊តនេះមានសេវាកម្មជាច្រើនដូចជា ការស្នាក់នៅ ម្ហូបអាហារ សេវាកម្សាន្តជាច្រើនទៀត។
សម្រាប់សេវាកម្មស្នាក់ មានចំនួន៤ប្រភេទ ដូចជាមានផ្ទះស្នាក់លក្ខណៈបន្ទប់ផ្ទះស្នាក់ឈើលាយថ្ម ផ្ទះស្នាក់បែបបុរាណ ឬផ្ទះសេដ្ឋីស្រុកស្រែ ដែលចាប់ពី ៦០ដុល្លារឡើងទៅ និងមានជាប្រភេទ តង់សម្រាកផងដែរ ដែលមានតម្លៃ ២០ដុលា្លរ ជាពិសេសនៅទីនេះក៏មានអាងទឹកធំទូលាយ បណ្ដោយ ៣៥ម៉ែត្រ សម្រាប់ឱ្យទេសចរងូតលេងកម្សាន្តតាមសប្បាយ។
បន្ថែមលើការសម្រាកលម្ហែ ទីកម្សាន្តព័ទ្ធដោយគង្គានេះ មានសេវាកម្សាន្តដូចជា កន្លែងវាយកូនហ្គោលខ្នាតតូច តារាងបាល់ទះ កន្លែងបោះប៊ូល កន្លែងលេងបុកប៊ីយ៉ានិងការជិះទូកកៃយ៉ាក់តាមដងព្រែកព័ន្ធជុំវិញកោះ មើលសម្រស់រុក្ខជាតិដុះដងព្រែកនិងកន្លែងមើលថ្ងៃលិចឯនាយដ៏ស្រស់ស្អាត។ នៅទីនេះ ក៏មានរៀបចំកម្មវិធីផ្សេងៗជាលក្ខណៈក្រុមគ្រួសារ ក្រុមហ៊ុន និងមានជាបន្ទប់ ឬសាលប្រជុំដ៏ធំទូលាយផងដែរជាពិសេសបុគ្គលិកនៅទីនេះ នឹងមានការរៀបចំជាការកម្សាន្ត និងច្រៀងរាំ តាមតម្រូវការរបស់ភ្ញៀវ។
រីស៊តដ៏ពេញនិយមនៅក្រុងកំពតនេះ ក៏មានបម្រើជូននូវម្ហូបអាហារនិងភេសជ្ជៈដ៏មានឱជារស ជាប់ចិត្ត ដែលមានទាំងម្ហូបខ្មែរ និងម្ហូបបែបអឺរ៉ុប ដែលមានតម្លៃចាប់ពី ៧.៥ដុល្លាឡើងទៅ
ដោយភ្ញៀវទេសចរអង្គុយក្នុងហាងក៏បាន ឬអង្គយលេងនៅផ្នែកខាងក្រៅក៏បានហើយក៏មានសំពៅ ចំនួន២ ដែលចតនៅរីស៊តសម្រាប់ទទួលភ្ញៀវមកអង្គុយស្រស់ស្រូបអាហារនាពេលវេលាដ៏ត្រកាលស្តាប់សំឡេងសត្វច្រៀងឆ្លើយឆ្លងបំពេរអារម្មណ៍ ស្ទូចត្រីលេងកំសាន្ត និងជជែកគ្នាក្រោមជំនោរខ្យល់ធម្មជាតិត្រជាក់ចិត្ត។
រចនាសាងសង់រីស៊តកណ្តាលធម្មជាតិដ៏មនោរម្យនេះ លោក ឡាយសកល អ្នកគ្រប់គ្រងទូទៅនៅពាមស្នេហ៍រីស៊តបានប្រាប់សារព័ត៍មាន SR ថា៖«ខ្ញុំបង្កើតពាមស្នេហ៍នេះឡើងដោយចង់បង្កើតកន្លែងទេសចរណ៍បែបធម្មជាតិ មួយទៀតដោយសារទីតាំងកោះនេះនៅជិតក្រុងងាយស្រួលឱ្យភ្ញៀវទេសចរមកលេង ទោះជាភ្ញៀវទេសចរដែលខ្លាចទឹក ឬមិនខ្លាចទឹក ក៏មកលេងបានដែរព្រោះកោះផ្សេងៗជិះច្រើនម៉ោងទើបដល់ ចំណែកកោះយើងវិញជិះត្រឹម២នាទីប៉ុណ្ណោះមកដល់ហើយ»។
លោកបន្ថែមទៀតថា ពាមស្នេហ៍រីស៊ត ចូលរួមចំណែកជាច្រើនក្នុងការជួយដល់សហគមន៍និងសង្គម តួយ៉ាងចូលរូមសម្អាតទីក្រុង ចូលរួមដាំព្រៃកោងកាង ផ្ដល់ឱកាសការងារដល់ ប្រជាពលរដ្ឋក្នុងតំបន់និងជួយទិញបន្លែសាច់ពីប្រជាសហគមន៍ជាដើម។
គួរបញ្ជាក់ថា ពាមស្នេហ៍ រីស៊តមានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ឬទំនាក់ទំនងគេហទំព័រហ្វេសប៊ុកៈ Peam Snea Resort និងលេខទូរសព្ទៈ០៨៨ ៨៨៥ ៤៩៤៧៕
ទីតាំង : Peam Snea Resort