ភ្នំពេញៈ គ្រឿងញៀនគឺជាសារធាតុគីមី ដែលមានឥទ្ធិពលដល់ដំណើរការជាធម្មតារបស់រាងកាយ និងខួរក្បាល។នេះបើតាមនិយមន័យរបស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿង ញៀននិងឧក្រិដ្ឋកម្ម (UNODC)ប្រចាំនៅប្រទេសកម្ពុជា។
គ្រឿងញៀនមានពីរប្រភេទគឺគ្រឿងញៀនធម្មជាតិ និងគ្រឿងញៀនកែច្នៃ។ គ្រឿងញៀនធម្មជាតិ រួមមាន អាភៀន កញ្ឆាថ្នាំជក់ ចំណែក គ្រឿងញៀនកែច្នៃមានដូចជា កូកាអ៊ីន យ៉ាម៉ា បារី អ៊ិចស្តាស៊ី Ectasy មេតំហ្វេតាមីន(Méthamphétamine)អំហ្វេតាមីន (Amphétamine) ជាដើម។
តើគ្រឿងញៀនមានប្រភពដើមដំបូងមកពីណា?
គ្រឿងញៀនដំបូងត្រូវបានគេកំណត់ថា គឺជាគ្រឿងញៀនធម្មជាតិអាភៀន ដែលត្រូវបានប្រើប្រាស់ជាច្រើនសតវត្សរ៍មកហើយ ជាពិសេសក្នុងផ្នែកវេជ្ជសាស្ត្រដូចជាការបំបាត់ការឈឺចាប់ជាដើម។
បើតាមបណ្ណាល័យជាតិឱសថរបស់សហរដ្ឋអាមេរិក(Nationallibrary of medicine)បានឱ្យដឹងថា ប្រមាណ៥០០០ឆ្នាំមុនគ្រិស្តរាជជនជាតិស៊ូមើបុរាណ (Sumerian) បានប្រើប្រាស់អាភៀនក្នុងការ ផលិតថ្នាំនៅតំបន់មជ្ឈឹមបូព៌ាបុរាណ។ ភស្តុតាងនេះបានមកពីការវិភាគគីមី នៃសំណល់ដែលរកឃើញនៅលើគ្រឿងស្មូនបុរាណ។
ចំណែកនៅអំឡុងឆ្នាំ៣២០០មុនគ្រិស្តរាជ អរិយធម៌ Minoanរបស់ជនជាតិក្រិចបុរាណបានបង្កើត រូបចម្លាក់ទេពធីតាមួយ បិទភ្នែក លើកដៃ ដែលមានពាក់ផ្លែអាភៀននៅលើក្បាលដែលបង្ហាញពី ការរីកសាយភាយចំណេះដឹង ទាក់ទងនឹងដើមអាភៀន។ បន្ទាប់មកមានការស្មូនថូឬវត្ថុបុរាណ ដោយយកគម្រូតាមរូបរាងអាភៀន ពីជនជាតិហ្ស៊ីប (Cyprus) និង អេហ្ស៊ីប។
ចំណែកនៅដើមសតវត្សរ៍ទី៣មុនគ្រិស្តរាជ ទស្សនវិទូក្រិក លោក Theophrastus បានរកឃើញនៃការ អាភៀន នៅក្នុងភេសជ្ជៈ។ ចាប់ពីដើមសតវត្សរ៍ទី១នៃគ្រិស្តរាជអាភៀន គេត្រូវគេស្គាល់ជាទូទៅ ដោយអ្នកប្រាជ្ញជាច្រើនរូបដូចជា លោក Dioscorides បិតាឱសថសាស្ត្រក្រិច, លោក Pliny អ្នកសិក្សាផ្នែករុក្ខសាស្ត្រ និង ទស្សនវិជ្ជានៅទីក្រុងរ៉ូម,លោក Celsus ទស្សនវិទូក្រិក និង លោក Galenគ្រូពេទ្យរ៉ូម៉ាំងនិងក្រិក ផ្នែកវះកាត់ និងជាអ្នកទស្សនវិជ្ជា។
លោកCelsus ទស្សនវិទូក្រិកសតវត្សទី ២ បានណែនាំអោយប្រើអាភៀនមុនពេលវះកាត់ហើយលោក PedaniusDioscorides បិតាឱសថសាស្ត្រនិងជាគ្រូពេទ្យក្រិច បានណែនាំ អ្នកជំងឺគួរតែយករុក្ខជាតិ អាភៀនលាយជាមួយស្រាផឹក មុនពេលវះកាត់។
រហូតដល់សតវត្សរ៍ទី១០នៃគ្រិស្តរាជ គ្រូពេទ្យជនជាតិអារ៉ាប់ដ៏ល្បីល្បាញ និងជាទស្សនវិទូ លោក Avicenna បានប្រើអាភៀនយ៉ាងទូលំទូលាយ ជាពិសេសចំពោះជំងឺរាគរូសនិងជំងឺភ្នែក។ នៅដើមទសវត្សរ៍ឆ្នាំ 1800 វិទ្យាសាស្ត្រវេជ្ជសាស្ត្របានអភិវឌ្ឍហើយលោក Sertürner ឱសថការី ជាតិអាល្លឺម៉ង់បានយកសារធាតុ morphineចេញពីអាភៀនដែលនេះគឺជាថ្នាំបំបាត់ការឈឺចាប់ បានយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន។
លុះក្រោយមកគេបានយកសារធាតុចេញពីអាភៀននេះ ទៅបញ្ចូលក្នុងគ្រឿងញៀននានាដូចជា ហេរ៉ូអ៊ីនជាដើម។ ចំណែកបច្ចុប្បន្ននេះគ្រឿងញៀនបានរីកសាយភាយទូលំទូលាយ និងវិវឌ្ឍ យ៉ាងរហ័សពីការផលិតគ្រឿងញៀនធម្មជាតិមកជាការផលិតគ្រឿងញៀនសំយោគ ឬគ្រឿងញៀនផ្សំ ដែលជាគ្រឿងញៀនងាយស្រួលក្នុងការផលិត កែច្នៃងាយរកសារធាតុគីមីផ្សំ និងឧបករណ៍ផលិត ព្រមទាំងមិនរើសភូមិសាស្ត្រ និងទីតាំងផលិត។
គួរបញ្ជាក់ថាកាលពីខែ១២ ឆ្នាំ២០២៣ ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាប្រភពដំណាំអាភៀនធំជាងគេបំផុតលំដាប់ទី១ របស់ពិភពលោក ដោយវ៉ាដាច់អាហ្វហ្កានីស្ថាន ដែលធ្លាប់ជាប់ចំណាត់ថ្នាក់នេះជាយូរឆ្នាំ។ នេះបើតាមអង្គការសហប្រជាជាតិ (UN) ៕