កំពតៈ សមាគម «ទុកចិត្ត» គឺជាទីតាំងផ្តល់ចំណេះដឹងដល់កុមារក្រីក្រក្នុងស្រុក ឈូកខេត្តកំពត ដោយបង្រៀនទាំងកម្មវិធីចំណេះដឹងទូទៅ និងការពន្យល់នូវមេរៀនព្រះធម៌របស់ព្រះពុទ្ធសាសនាផងដែរ។
លោក ផាន់ ណារដ្ឋនាយកប្រត្តិបត្តិនៃសមាគមទុកចិត្តបានប្រាប់សារព័ត៌មាន SR Digital Media ឱ្យដឹងថា នៅឆ្នាំ២០១២ លោកបានទៅ លេងមិត្តភក្តិនៅស្រុកឈូកខេត្តកំពត ដោយមើលឃើញពីភាពខ្វះ ខាត និងការមិនបានសិក្សារៀនសូត្ររបស់កុមារនៅក្នុងតំបន់នេះផងលោក និងមិត្តភក្តិ បានសហការគ្នាបង្កើតសមាគមទុកចិត្តនេះឡើង ក្នុងគោល បំណងបង្រៀនកុមារនៅទីនេះ។
នាយកប្រត្តិបត្តិរូបនេះបន្ថែមថាសមាគម «ទុកចិត្ត» ទទួលបង្រៀនសិស្សដោយឥតគិតថ្លៃ បើទោះបីជាសិស្សនោះមានជីវភាពធូរធារឬក្រខ្សត់ក្តី ពោលនៅពេលដែលសិស្សទំនេរពីការសិក្សា នៅសាលារដ្ឋ ពួកគេអាចមករៀននៅទីនេះបាន។
សមាគម «ទុកចិត្ត»មានកម្មវិធីសិក្សាចំណេះដឹងទូទៅ ថ្នាក់ភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រជាដើមបន្ថែមពីនេះ ឃ្លាំងចំណេះដឹងមួយនេះ ក៏មានបង្រៀននូវសីលធម៌ មេរៀនព្រះធម៌ និងការពន្យល់នូវពុទ្ធឱវាទរបស់ព្រះសម្មា សម្ពុទ្ធផងដែរដើម្បីឱ្យសិស្សយល់ពីដំណើរនៃធម្មជាតិ ការរក្សាសីល សេចក្តីសុខផ្លូវចិត្ត និងការរៀនគ្រប់គ្រងខ្លួនឯង។
លោក ណារដ្ឋ បញ្ជាក់យ៉ាងដូច្នេះថា៖«យើងបង្រៀនចំណេះដឹងទូទៅ បង្រៀនសិស្សឱ្យគោរពវិន័យ ជួបគ្នាត្រូវចេះជម្រាបសួរពេលបែកគ្នាត្រូវចេះលើកដៃ ជម្រាបលាគ្នា អ្នកណាធ្វើអ្វីមួយជាប្រយោជន៍ សំពះអរគុណហើយបើធ្វើខុស អ្នកត្រូវចេះលើកដៃសំពះ និងនិយាយពាក្យថា សុំទោស ហើយអ្វីដែលសំខាន់គឺយើងបង្រៀនឱ្យសិស្សដឹងអំពីខ្លួនឯងរកខ្លួនឯងឱ្យឃើញ រកតម្លៃពិតប្រាកដនៃខ្លួនឯងផ្ទាល់ ដោយផ្អែកទៅលើសាសនា និងគោលការណ៍របស់ព្រះសម្មាសម្ពុទ្ធតែម្ដងដើម្បីឱ្យសិស្សានុសិស្សរកសេចក្ដីសុខខ្លួនឯងឱ្យឃើញ»។
សាងសង់នៅលើផ្ទៃដីទំហំដីជិត១ហិកតា សមាគម«ទុកចិត្ត» មានសិស្សប្រមាណជិត១០០នាក់ និងមានគ្រូបង្គោលចំនួន២នាក់បន្ថែមពីនេះក៏មានគ្រូស្ម័គ្រចិត្ត និងយុវជនចំនួន៣៦នាក់ទៀត ដែលតែងតែចូលរួមក្នុងការបង្រៀនដោយស្ម័គ្រចិត្តនៅទីនេះផងដែរ។
ទាក់ទងនឹងការស្ម័គ្រចិត្តនេះលោក ណារដ្ឋ រៀបរាប់ថា៖ «យុវជនទាំងនេះ ជាអ្នកស្រុកភូមិនេះផ្ទាល់ដែលបានរៀនសមាគម «ទុកចិត្ត» ព្រោះទីនេះមានពាក្យស្លោកថា អ្នកមានបទពិសោធន៍ច្រើនបង្រៀនអ្នក មាន បទពិសោធន៍តិចអ្នកមានបទពិសោធន៍តិចបង្រៀនអ្នកគា្មនបទពិសោធន៍សោះ អ៊ីចឹងនៅពេលពួកគាត់ (យុវជន)វ៉ាកង ខ្ញុំជួយរកអាហា រូបករណ៍ឱ្យទៅរៀនបន្ថែមដូចជា ភាសាអង់គ្លេស វគ្គខ្លី៣ខែដើម្បីឱ្យពួកគាត់ពង្រឹងចំណេះដឹង ហើយពួកគាត់យកមកចែករំលែកបទពិសោធន៍ ជួយក្មេងៗនៅទីនេះវិញនេះជាគោលការណ៍សំខាន់របស់សមាគម «ទុកចិត្ត»។
ទន្ទឹមនឹងនេះសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងមានបំណងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ខាងសមាគមទុកចិត្ត ក៏ជួយស្វែងរកអាហាររូបករណ៍ជូនដល់ពួកគេក៏ដូចជាផ្តល់នូវកន្លែងស្នាក់នៅ និងរកការងារឱ្យធ្វើផងដែរ ។
លោក សូត ប៊ុននីបជាគ្រូបង្គោល និងជាសហស្ថាបនិកមួយរូបទៀតបានឱ្យដឹងដែរថា សិស្សដែលបានសិក្សាថ្នាក់មហាវិទ្យាល័យចំនួន៤ជំនាន់ហើយដោយបច្ចុប្បន្នសិស្សដែលសិក្សានៅភ្នំពេញមានចំនួន ៨នាក់ ក្នុងនោះស្រី៤នាក់ហើយឆ្នាំ២០២៤នេះ នឹងមានសិស្សនៃសមាគម «ទុកចិត្ត» ទៅបន្តការសិក្សាថ្នាក់មហាវិទ្យាល័យបន្ថែមទៀតខណៈនិស្សិតនៃសមាគមទុកចិត្តដែលបានបញ្ចប់បរិញ្ញាបត្រ ចំនួន៨នាក់ ក្នុងនោះស្រី៧នាក់ ដោយពួកគេទទួលបានការងារធ្វើតាមជំនាញសិក្សារៀងៗខ្លួន។
សម្រាប់ការទ្រទ្រង់ដំណើរការរបស់សមាគម«ទុកចិត្ត» នេះ គឺទទួលបានពីការបរិច្ចាគថវិកាពីមិត្តភក្កិ ប្រជាពលរដ្ឋនៅក្នុងតំបន់ និងការឧបត្ថម្ភពីសប្បុរសជននានាប៉ុន្តែយ៉ាង ណាថវិកាដែលទទួលបានទាំងអស់នេះ នៅមិនទាន់ឆ្លើយតបនឹងការចំណាយបានគ្រប់គ្រាន់នៅឡើយទេត្បិតសមាគមត្រូវចំណាយថវិកាជាច្រើនទៅលើ សម្ភារៈសិក្សា សំលៀកបំពាក់ និងជួយដល់សិស្សក្រីក្រជាដើម។
គួរបញ្ជាក់ថាសមាគមទុកចិត្ត មានទីតាំងស្ថិតនៅក្នុងភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ទំនាក់ទំនងគេហទំព័រហ្វសប៊ុក Tukchet - ទុកចិត្ត ឬលេខទូរស័ព្ទ098 285 349/ 066 925 391៕