បបូរមាត់ខ្មៅអាចកើតឡើងដោយហេតុផលផ្សេងៗគ្នាដូចជា ការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មាន គុណភាព ការជក់បារី ការស្រូបធូលីដីពីបរិយាកាសខាងក្រៅ និងការប៉ះពាល់ដោយពន្លឺថ្ងៃជាដើម។ ក្នុងការព្យាបាលបបូរមាត់ខ្មៅ មានផលិតផលជាច្រើនដែលលក់លើទីផ្សារ ហើយថ្ងៃនេះ សារព័ត៌មានអេសអ័រ (SR News) នឹងលើកយកវិធីសាស្ត្រធម្មជាតិ ៤ យ៉ាង ដែលអាចព្យាបាលបបូរមាត់ខ្មៅ ឱ្យស្រស់ស្អាត និងភ្លឺរលោងឡើងវិញបានយ៉ាងមានប្រសិទ្ធភាព៖
១ ការប្រើប្រាស់ប្រេងដូង (Coconut Oil)
ប្រេងដូងមានជាតិបំប៉ន ជួយផ្ដល់សំណើម និងកាត់បន្ថយភាពខ្មៅនៅលើបបូរមាត់បានយ៉ាងល្អ។ ការប្រើប្រាស់ប្រេងដូង ដើម្បីព្យាបាលបបូរមាត់ខ្មៅ គឺលាបប្រេងដូងលើបបូរមាត់ជារៀងរាល់យប់ មុនចូលគេង នោះអ្នកនឹងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។
២ ការប្រើប្រាស់ទឹកឃ្មុំជាមួយទឹកក្រូចឆ្មា
ទឹកឃ្មុំជួយបន្ថយស្នាមខ្មៅនៅលើបបូរមាត់ រីឯទឹកក្រូចឆ្មាជួយឱ្យស្បែកសភ្លឺឡើងវិញ។ របៀបនៃការប្រើប្រាស់គឺ លាយទឹកឃ្មុំជាមួយទឹកក្រូចឆ្មាបញ្ចូលគ្នា ហើយលាបលើបបូរមាត់ រួចទុកអោយស្ងួតរយៈពេល ៥ទៅ១០នាទី រួចទើបលាងទឹកចេញ។ សាកល្បងធ្វើវិធីនេះអោយបាន ៣ ឬ ៤ ដងក្នុងមួយសប្តាហ៍នោះនិងឃើញពីប្រសិទ្ធភាព។
៣ ការប្រើប្រាស់ស្ករស្ក្រាប់លើបបូរមាត់ (Sugar Scrub)
ស្ករស្ក្រាប់ (Sugar Scrub) ជារូបមន្តធម្មជាតិសម្រាប់ជម្រុះកោសិកាស្បែកចាស់ៗ ចេញពីបបូរមាត់។ Sugar scrub ជាវិធីធម្មជាតិដ៏ល្អមួយសម្រាប់ព្យាបាលបបូរមាត់ដែលស្ងួត និងធ្វើអោយបបូរមាត់ ទន់រលោង និងគ្មានស្នាមខ្មៅ។ របៀបនៃការប្រើប្រាស់គឺលាងសម្អាតបបូរមាត់របស់អ្នកជាមុនដោយប្រើទឹកក្តៅបន្តិច រួចយក Sugar scrub (ប្រហែលកន្លះស្លាបព្រាកាហ្វេ) មកម៉ាស្សាលើបបូរមាត់របស់អ្នកដោយចលនារង្វង់ និងស្រាលៗប្រហែល ១-២ នាទីរួចលាងទឹកចេញជាការស្រេច។ វិធីនេះជួយកំចាត់កោសិកាចាស់ៗដែលងាប់ ហើយប្រែមកបំប៉នស្បែកនៃបបូរមាត់។
៤ ការប្រើប្រាស់ប្រទាលកន្ទុយក្រពើ (Aloe Vera)
ប្រទាលកន្ទុយក្រពើ (Aloe vera) ជារូបមន្តធម្មជាតិដែលអាចជួយព្យាបាលបបូរមាត់ខ្មៅ និងធ្វើបបូរមាត់ ស្រស់ស្អាតឡើងវិញ។ របៀបនៃការប្រើប្រាស់ Aloe vera មកព្យាបាលបបូរមាត់ខ្មៅ គឺគ្រាន់តែយក ប្រទាលកន្ទុយក្រពើមួយសន្លឹក រួចសកសំបកចេញ ហើយញីអោយសព្វលើបបូរមាត់ទុកវាឲ្យស្ងួត ប្រហែល ១៥-២០ នាទី រួចលាងទឹកក្តៅក្តៅអ៊ុនៗចេញជាកាស្រេច។ អ្នកអាចអនុវត្តរបៀបនេះ ១-២ ដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ដើម្បីឃើញលទ្ធផលល្អក្នុងការកាត់បន្ថយស្នាមខ្មៅ និងរក្សាបបូរមាត់ឲ្យ នៅស្រស់ស្អាត។
អនុវត្តតិចនិកខាងលើទាំងអស់នេះជាប្រចាំអាចជួយធ្វើឱ្យបបូរមាត់អ្នកប្រែជាសភ្លឺឡើងវិញ និងមានសុខភាពល្អ៕