ស្ថិតក្នុងព្រះជន្មត្រឹមតែ ១២ព្រះវស្សា ព្រះនាង នរោត្តម ជេនណា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយសមត្ថភាពពហុសិល្បៈទាំងបុរាណនិងសម័យ ទាំងតន្ត្រី ក្បាច់រាំ ច្រៀង និងការសម្ដែងភាពយន្តផងដែរ។
ព្រះនាងត្រូវបានគេកោតសរសើរស្ញប់ស្ញែងដោយសារតែទ្រង់មានរូបរាងស្អាត ចេះនិយាយបានច្រើនភាសា និងពិសេសទេពកោសល្យក្នុងការសម្ដែងតាមរយៈការប្រឡូកក្នុងវិថីសិល្បៈតាំងពីវ័យ ៦ឆ្នាំ។
ព្រះនាងមានអ្នកតាមដានជិត ៣លាននាក់នៅ TikTok និងចំនួនមួយលានទៀតនៅលើ YouTube។
ក្រៅពីមានភាពល្បីល្បាញនៅក្នុងប្រទេសកំណើតព្រះនាង ជេនណា ក៏ទទួលបានឋានៈជាតារាល្បីនៅក្នុងប្រទេសចិនផងដែរបន្ទាប់ពីបានសម្តែងបទចម្រៀងចិនលើទូរទស្សន៍រដ្ឋ CCTV កាលពីចុងឆ្នាំ ២០២៣។ គណនី Weibo របស់ព្រះនាងដែលទើបតែបើកក្នុងខែកញ្ញាបានទាក់ទាញអ្នកគាំទ្រជាង ២ម៉ឺននាក់រួចទៅហើយ។
ថ្មីៗនេះ ព្រះនាង ជេនណា ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយជាថ្មីម្តងទៀតអំពីអនាគតលើវិថីតន្ត្រី K-pop បន្ទាប់ពី SET News របស់តៃវ៉ាន់នៅថ្ងៃទី ១៤ ខែតុលា បានរាយការណ៍ថា ជំហានបន្ទាប់របស់ព្រះនាងគឺការក្លាយជាអ្នកហ្វឹកហាត់ត្រៀមរះចែងចាំងក្នុងនាមតារា K-pop។
ដំណឹងនេះត្រូវបានផ្សព្វផ្សាយឡើងវិញយ៉ាងទូលំទូលាយនៅក្នុងគេហទំព័រកម្សាន្តរបស់កូរ៉េខាងត្បូងដោយអ្នកខ្លះបានលើកឡើងថា រាជវង្សខ្មែរដែលមានទេពកោសល្យមកពីអាស៊ីអាគ្នេយ៍អាចក្លាយជាអ្នកស្នងតារាស្រីលំដាប់កំពូល លីហ្សា (Lisa) នៃក្រុម Blackpink។
ប៉ុន្តែក្រុមគ្រប់គ្រងរបស់ ព្រះនាងជេនណា បានបដិសេធថា ព្រះនាងមិនបានគិតគូរដល់ការក្លាយជាតារា K-pop ឡើយ។
នៅក្នុងការបង្ហោះក្នុងបណ្ដាញសង្គមចិន Weiboនៅថ្ងៃទី ១៥ ខែតុលា ដែលក្រោយមកត្រូវបានលុបចេញវិញនោះជាព័ត៌មានដែលអះអាងថា ព្រះនាង ជេនណា បានទទួលការអញ្ជើញពីទីភ្នាក់ងារកម្សាន្តកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២៣ ប៉ុន្តែព្រះនាងបានបដិសេធសំណើនេះ។
ការបង្ហោះនោះបានសរសេរថា៖«ព្រះនាង ជេននណា នឹងមិនធ្វើជាអ្នកហ្វឹកហាត់ K-pop នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ»។
នៅក្នុងសារផ្ទាល់ខ្លួនរបស់ព្រះនាងទ្រង់បានលើកឡើងពីព្រះហឫទ័យស្រឡាញ់តន្ត្រី ហើយព្រះនាងកំពុងធ្វើការលើអាល់ប៊ុមចម្រៀងភាសាចិនកុកងឺដំបូងរបស់ទ្រង់។
ក្រៅពីការច្រៀង ព្រះនាងមានព្រះបន្ទូលថាចង់ផ្ដោតលើការសិក្សាដែរ ហើយក៏គ្មានគម្រោងក្លាយជាអ្នកហ្វឹកហាត់ក្នុងឧស្សាហកម្មចម្រៀង K-pop នៅកូរ៉េខាងត្បូងដែរ។
ប្រសូតនៅឆ្នាំ ២០១២ ព្រះនាង ជេនណាត្រូវជាចៅស្រីបង្កើតរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងជាចៅទួតរបស់ព្រះបរមរតនកោដ្ឋ សម្តេចនរោត្តម សីហនុ។ ព្រះមាតាបិតាព្រះនាងគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តមបុប្ផារី និងព្រះស្វាមីជនជាតិបារាំង។
ព្រះនាង ជេនណា បានសិក្សាល្ខោនអូប៉េរ៉ានៅសាលាសិល្បៈតន្ត្រីក្នុងទីក្រុងភ្នំពេញហើយទ្រង់អាចនិយាយភាសាបារាំង ខ្មែរ ថៃ ចិន និងអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន South China Morning Post។
ក្នុងវ័យ ៦ឆ្នាំ ព្រះនាងបានចូលប្រឡូកក្នុងវិថីសិល្បៈខ្មែរដោយសម្តែងក្នុងរឿងភាគទូរទស្សន៍ជាច្រើន។
ព្រះនាងបានឈ្នះពានជាតារាសម្ដែងចំណូលថ្មីល្អបំផុតក្នុងមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២សម្រាប់ភាពយន្តភ័យរន្ធត់កម្ពុជារឿងបណ្ដាសារនាងរាត្រី (The Night Curse Of Reatrei, 2024)។
នៅឆ្នាំ ២០២២ ព្រះនាង ជេនណា បានចុះកុងត្រាជាមួយផលិតកម្ម K've Entertainment ដែលជាភ្នាក់ងារកម្សាន្ត K-pop នៅកម្ពុជា។
ព្រះនាងបានបង្ហោះវីដេអូរាំបទក្រុមចម្រៀងនារី Aespa's Next Level និងបទ Pretty Savageរបស់ Blackpink ដោយទទួលបានការចូលមើលកន្លះលាននៅលើ YouTube ។
ក្នុងឆ្នាំ ២០២២ ព្រះនាងក៏បានសម្តែងបទចម្រៀងបែប K-popដែលនាងបានសរសេរថា The First Day Without You នៅមហោស្រពតន្ត្រីកូរ៉េ-កម្ពុជា។
ព្រះនាងបានប្រាប់សារព័ត៌មានកូរ៉េខាងត្បូង YTNក្នុងឆ្នាំ ២០២៣ ថា៖ «ខណៈពេលដែលកំពុងមើលតារា K-pop ច្រៀង និងរាំ ខ្ញុំចូលចិត្តអ្វីៗទាំងអស់អំពីវា...ខ្ញុំចូលចិត្ត K-pop ព្រោះវាទំនើបនិងប្លែក ស្វាហាប់ និងចែកចាំងស្រស់បំព្រង»។
វីដេអូជាច្រើនរបស់ ព្រះនាង ជេនណាច្រៀងជាភាសាផ្សេងៗក៏ត្រូវបានចែករំលែកយ៉ាងផុសផុលលើ YouTube។ នៅក្នុងឆ្នាំ ២០២២ ពេលដែលព្រះនាងច្រៀងបទ At My Worst របស់តារាចម្រៀងអាមេរិក Pink Sweats វីដេអូរបស់ព្រះនាងទទួលបានការចូលមើលចំនួន ២៣ លានដង។វីដេអូព្រះនាងច្រៀងបទ You Exist In My Son ជាបទរបស់តារាចម្រៀងចិន Qu Wanting ក៏ទទួលបានចំនួនចូលមើលជិត ៣០ ម៉ឺនដងផងដែរ៕
ប្រភព៖ Asia News Network/The Straits Times