ភ្នំពេញ : ស្ថិតនៅសិប្បកម្មមួយកន្លែងនៃសង្កាត់ចោមចៅដបប្លាស្ទិកជាង៤០០តោននៅក្នុងស្ដុកកំពុងរង់ចាំកម្មករដែលកំពុងតែញាប់ដៃញាប់ជើងហូតជាសរសៃៗដើម្បីកែច្នៃជាអំបោសប្រើប្រាស់ប្រចាំថ្ងៃ។
ភាពមមាញឹកនៃចង្វាក់ផលិតកម្មនេះត្រូវបានត្រួតពិនិត្យដោយលោកលោក ហាស់ គា ដែលកំពុងឈរក្នុងរោងសិប្បកម្មផលិតអំបោសខណៈកម្មករជាច្រើនពាក់ស្រោមដៃការពារការមុតកំពុងអង្គុយហូតសរសៃជ័រចេញពីដបប្លាស្ទិក។
លោក គា ដែលជាម្ចាស់សិប្បកម្ម បានធ្វើឱ្យគំនិតផលិតអំបោសពីដបប្លាស្ទិកក្លាយជាអាជីវកម្មពិតៗតាមរយៈការមើលវីដេអូលើយូធូបគួបផ្សំនឹងការខិតខំស្រាវជ្រាវបន្ថែម។
លោកបានប្រាប់សារព័ត៌មាន SR News ថា៖ «ដំបូងខ្ញុំគ្រាន់តែមើលយូធូបឃើញវីដេអូបរទេសបង្ហាញពីការផលិតអំបោសពីដបទឹកសុទ្ធ ពេលនោះខ្ញុំគិតថានៅស្រុកយើងសម្បូរដបទឹកសុទ្ធ ហើយមានតម្លៃ ថោកទៀតផងខ្ញុំក៏បានស្រាវជ្រាវលំអិតបន្ថែមពីដំណើរការផលិត»។
នៅក្នុងដើមឆ្នាំ២០២៣ សិប្បកម្មកែច្នៃប្លាស្ទិកក្នុងភូមិព្រៃទា ២ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញត្រូវបានបង្កើតនិងបានផ្ដល់ការងារដល់អ្នករស់នៅជុំវិញនោះប្រមាណជាជិត៣០នាក់។
កម្មករទាំងនោះសុទ្ធសឹងតែជាស្ត្រីវ័យចំណាស់ៗនិងមានជីវភាពខ្សត់ខ្សោយ ដោយពួកគាត់ជាអ្នកកែច្នៃអំបោសពីដបប្លាស្ទិក ដែលកំពុងមានគាំទ្រផ្គត់ផ្គង់នៅលើទីផ្សារ។
លោក គាដែលជាម្ចាស់សិប្បកម្មកែច្នៃអំបោសប្លាស្ទិកបានសម្ដែងចំណាប់អារម្មណ៍ថា៖ «ខ្ញុំសប្បាយចិត្តដែលសិប្បកម្មរបស់ខ្ញុំបានរួមចំណែកក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ ថែមទាំងបានជួយបរិស្ថានបានមួយកម្រិតទៀតផង»។
អំបោសធ្វើអំពីដបទឹកសុទ្ធធន់មិនថាការបោសដីភក់ ស្លឹកឈើ សំរាមសើម សំរាមស្ងួត លាមកសត្វ គ្រួសថ្ម ជាដើមហើយងាយលាងទឹកសម្អាតយកមកប្រើប្រាស់ឡើងវិញ។
វត្ថុធាតុដើមក្នុងការធ្វើអំបោសមិនមានអ្វីច្រើនលើសពីដបប្លាស្ទិកដងឫស្សី លួស និងសរសៃជ័រនោះទេ។
លោក គា បានរៀបរាប់ពីដំណើរការផលិតថា៖«ដើម្បីផលិតបានជាអំបោសដ៏រឹងមាំមួយបានយើងត្រូវការដងឫស្សី មួយ ម៉ែត្រ២តឹកយកមកបំពាក់ជើងក្អែកលួស២លីកន្លះជាមួយនឹងសរសៃជ័រ៥ខាំមករុំចុងអំបោសយកប្រវែងបួនតឹករួចឃ្លុំបេដោយដបទឹកសុទ្ធនៅជាប់នឹងក្បាលអំបោសដើម្បីឲ្យមានសោភ័ណភាពរួចក្រងសរសៃជ័រដបទឹកសុទ្ធដោយប្រើខ្សែតាន់ស្វិតដើម្បីឲ្យសរសៃអំបោសរឹងបន្តិច»។
ក្នុងមួយថ្ងៃៗសិប្បកម្មរបស់លោកអាចផលិតអំបោសបានពី២០០ទៅ៥០០ដើមជាមួយកម្លាំងកម្មករ ១៦នាក់។អំបោស១ដើមមានតម្លៃ១០,០០០ រៀលនិង១៥,០០០រៀល។
ម្ចាស់អាជីវកម្មវ័យ៤០ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលមានក្រុមហ៊ុនបោសសម្អាតតាមដងផ្លូវទីសាធារណៈមួយបានកុម្ម៉ង់អំបោសពីសិប្បកម្មលោកយកទៅប្រើប្រាស់ប្រចាំថ្ងៃ។
លោករំពឹងថា បើមានក្រុមហ៊ុនដទៃផ្សេងទៀចាប់អារម្មណ៍កុម្ម៉ង់បន្ថែមនោះវារឹតតែល្អ ដោយសារសិប្បកម្មនេះគាំទ្រការកែច្នៃប្រើប្រាស់ឡើងវិញ ហើយផលិតផលត្រូវបានធ្វើដោយដៃសុទ្ធសាធ។
នាថ្ងៃអនាគត លោក គា ចង់ពង្រីកសិប្បកម្មនេះឱ្យកាន់តែធំថែមទៀតដើម្បីជួយដល់អ្នកខ្វះខាតឲ្យបានកាន់តែច្រើនក៏ដូចជារួមចំណែកកែច្នៃកាកសំណល់ដបប្លាស្ទិកជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេក អំបោសប្រើមិនខូចឬសូមទំនាក់ទំនងទូរសព្ទលេខ ០១៧ ២២២ ០០០៕