កណ្ដាល :ជាងចម្លាក់បទពិសោធន៍ជាង ៤ទសវត្សរ៍ លោក ជា យុទ្ធា បានប្រែលោហធាតុជាវត្ថុសិល្បៈដ៏មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារដោយសារតែទឹកដៃដ៏រស់រវើកល្អឯក រហូតទទួលបានការប្រទានបរមងារទេពហត្ថកោសល្យពីព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី។
នេះមិនមែនជារឿងងាយស្រួលទេដែលស្នាដៃចម្លាក់ប្រាក់ ស្ពាន់ និងដែក របស់លោកត្រូវបានទទួលស្គាល់ស្ញប់ស្ញែង និងមានទីផ្សារខ្ពស់។ជាមួយឧប្បនិស្ស័យ ទេពកោសល្យ និងការរៀនសូត្រអនុវត្តរាប់សិបឆ្នាំទើបលោកអាចសមត្ថភាពបង្កើតស្នាដៃចម្លាក់លោហៈដ៏អស្ចារ្យ។
លោក យុទ្ធា បានរៀនចម្លាក់តាំងពីទសវត្សរ៍ទី ៦០ និងបន្តសិក្សារហូតដល់ទសវត្សរ៍ឆ្នាំ ១៩៧៥ ពេលដែលប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម។
ក្រោយពីរបបអាវខ្មៅដួលរលំ លោកក៏បានចាប់ផ្ដើមអាជីពជាជាងចម្លាក់ឡើងវិញនៅក្នុងឆ្នាំ ១៩៨៧ តែលោកមិនអាចចម្លាក់ឆ្លាក់ស្ពាន់ ប្រាក់ និង ដែកបានច្រើននោះទេដោយសារតែភាពលម្អិតនៃចម្លាក់ទាមទាររយៈពេលយូរ និងភាពអំណត់អត់ធន់ខ្ពស់។
លោក យុទ្ធា បានប្រាប់សារព័ត៌មាន SR News ឲ្យដឹងថា៖ « រូបចម្លាក់ទាំងអស់ខ្ញុំឆ្លាក់ដោយដៃផ្ទាល់មិនមាន គ្រឿងម៉ាស៊ីនជួយទេដោយខ្ញុំអាចឆ្លាក់លើដាវ កាំបិត ពូថៅ ឬក៏វត្ថុផ្សេងៗទៀតទៅតាមការកុម្ម៉ង់របស់អតិថិជន»។
ចំពោះវត្ថុធាតុដើមលោកត្រូវទិញស្ពាន់ពីរាជធានីភ្នំពេញនិងស្ពាន់ក្រហមមកពីខាងព្រែកក្ដាម។ វត្ថុធាតុដើមទាំងនោះមានសណ្ឋានជាបន្ទះៗនៅឡើងមុននឹងលោកយកវាទៅកាប់តាមខ្នាតដែលត្រូវធ្វើដូចជាកាទឹក ចានស្រាក់ ឬក៏ផ្តិលជាដើម។លោហធាតុដែលកាប់តាមខ្នាតរួច ត្រូវបានយកមកផ្សារជាប់គ្នា រួចឆ្លាក់រំលេចក្បូរក្បាច់រចនាឬសាច់រឿងពីបុរមបុរាណទៅការនិយមរបស់អតិថិជន។
ក្នុងដំណើការផលិតវត្ថុសិល្បៈទាំងនេះលោក យុទ្ធា ក៏ជួបផលពិបាកផងដែរ ដោយកិច្ចការងារនេះត្រូវការពេលវេលាយូរ និងទាមទារសេចក្ដីអំណត់អត់ធន់ ប្រិតប្រៀង ផ្ចិតផ្ចង់ដើម្បីបានផលិតផលសម្រេចមួយដែលល្អឥតខ្ចោះ។ទោះយ៉ាងណាលោកនៅតែជ្រើសរើសអភិរក្សវិធីសាស្ត្របុរាណក្នុងការឆ្លាក់សម្ភារៈធ្វើពីលោហធាតុទាំងនេះ។
លោកបានបន្ថែមទៀតថា៖ «ចំពោះការឆ្លាក់នេះបើខ្ញុំឆ្លាក់តាមបែបសម័យគឺវាងាយស្រួលនិងរហ័ស។ តែបើខ្ញុំឆ្លាក់តាមក្បាច់បុរាណគឺទាមទារប្រើពេលវេលាយូរនិងម៉ត់ចត់ដោយកែវទឹកមួយត្រូវ ឆ្លាក់រយៈពេល ១៥ថ្ងៃ និងផ្ដិលទឹកធំត្រូវប្រើរយៈពេលប្រមាណ ៤ខែទើបរួច»។
ការបន្តរក្សាប្រពៃណីចម្លាក់ពីបុព្វបុរសរបស់លោកយុទ្ធា ក៏ត្រូវបានអតិថិជនកោតសរសើរ និងផ្ដល់តម្លៃខ្ពស់ផងដែរ។
លោកបានឱ្យដឹងថា៖ «ចំពោះកែវទឹកស្ពាន់មានតម្លៃ ៣០០ដុល្លារនិងផ្ដិលទឹកធំមានតម្ល ៃ៨០០-១០០០០ដុល្លារ និងចានស្រាក់មានតម្លៃ ២៣០០ដុល្លារ»។
អតិថិជនដែលបានកុម្ម៉ង់និងទទួលស្នាដៃរបស់លោកយុទ្ធា ទៅប្រើប្រាស់ហើយ ពួកគាត់មានសេចក្ដីត្រេកអរ និងគាំទ្រស្នាដៃរបស់លោកជាខ្លាំងដោយលោកបានឆ្លាក់ទៅក្បូរក្បាច់រចនាលំនាំដើម ទាំងរូបមនុស្សវល្លិផ្កាភ្ញី រុក្ខជាតិ រំលេចភាពលម្អិតរស់រវើកល្អឥតខ្ចោះស័ក្ដិសមនឹងតម្លៃវត្ថុសិល្បៈដ៏ប្រណីតទាំងនេះ។
សព្វថ្ងៃលោក ជា យុទ្ធា មានវ័យ ៧០ឆ្នាំ ហើយលោកក៏បានបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយឱ្យមានជំនាញសិល្បៈចម្លាក់លើលោហៈនេះផងដែរ។
លោកបានឱ្យដឹងថា៖ «សព្វថ្ងៃនេះខ្ញុំក៏បានបង្រៀនស្នាដៃចំណាក់នេះដល់កូននិងចៅរបស់ខ្ញុំផងដែរនិងសិស្ស មួយ ចំនួនទៀតតាំងពីឆ្នាំ ១៩៧៥មកម្ល៉េះ»។
ក្ដីប្រាថ្នារបស់លោកទៅថ្ងៃអនាគតគឺពុំមានអ្វីក្រៅពីបន្តខិតខំបង្ហាត់បង្រៀនកូនសិស្សឲ្យបានច្រើនបន្ថែមទៀតដោយលោក យុទ្ធា សង្ឃឹមថានឹងអាច៖ «បន្តមរតកដូនតាមួយនេះទៅក្មេងជំនាន់ក្រោយដោយមិនឲ្យបាត់បង់នោះឡើយ»។
ជាងចម្លាក់ប្រាក់ស្ពាន់ ដែក លោក ជា យុទ្ធា ស្ថិតនៅក្នុងភូមិសាលាកាត់សក់ ឃុំ វិហារហ្លួង ស្រុកពញាឮខេត្តកណ្ដាល។ ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក Ramo ជាងចម្លាក់
ឬលេខទូរសព្ទ៖ ០១៧ ៣១១ ១១៩/០៩២ ៦៧០ ០៣៨៕