កំពត: ជ្រលងបៃតងវាលពួច (Green Valley Veal Pouch) គឺជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមប្រចាំខេត្តកំពតដែលមានទឹកជ្រោះហូរកាត់យ៉ាងវែងអន្លាយ ព្រៃឈើព័ណ៌បៃតងដុះជុំជិតនិងមានការកម្សាន្តជាច្រើនដូចជា ការជិះខ្សែរ៉ក ជិះទូកស្ទូចត្រីជិះម៉ូតូកង់បួន និងដើរឡើងភ្នំទៅលេងទឹកជ្រោះជាដើម។
ធ្វើដំណើរទៅកាន់រមណីយដ្ឋានជ្រលងបៃតងវាលពួចភ្ញៀវទេសចរអាចចេញពីក្រុងកំពត ឆ្លងតាមស្ពានថ្មីដោយហួសស្ពានបន្តិចមានវត្តវាលពួច រួចបត់ចូលតាមក្លោងទ្វារវត្តនោះដោយធ្វើដំណើរទៅត្រង់ប្រហែល ៦គីឡូម៉ែត្រអ្នកនឹងទៅដល់ទៅកម្សាន្តដ៏ទាក់ទាញមួយនេះ។
ទីលម្ហែជ្រលងបៃតងវាលពួចមានភ្ញៀវមកលេងយ៉ាងច្រើនទាំងថ្ងៃធម្មតា និងថ្ងៃចុងសប្តាហ៍ ដោយបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង៧ព្រឹក ចំពោះសំបុត្រចូលលេងកម្សាន្ត មានតម្លៃ ១ដុល្លារ(កុមារពុំគិតថ្លៃ) ហើយសំបុត្រអាចដូរជាភេសជ្ជៈ និងអាហារក្នុងទីតាំងនេះវិញបាន។
មានទីតាំងនៅកណ្តាលធម្មជាតិដ៏ល្អក្រៃលែងជ្រលងបៃតងវាលពួច សាងសង់ឡើងតាមជ្រឡងភ្នំដ៏ អស្ចារ្យក្រសោបដោយរុក្ខជាតិតូចធំស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធលាន់ឮសំឡេងទឹកហូររឹមៗ ដែលមានប្រភពពីលើភ្នំ អមដោយបរិយាកាសត្រជាក់ហាក់ដូចជាឱសថ ដែលជួយបំបាត់អស់នូវភាពសៅហ្មង ទុក្ខកង្វល់ទាំងឡាយរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។
សម្រាប់សេវាកម្មស្នាក់លម្ហែនៅទីនេះមានផ្ទះស្នាក់ចំនួនបីប្រភេទគឺ បឹងហ្គាឡូថ្ម, តង់ម៉ាស៊ីនត្រជាក់,បឹងហ្គាឡូឯកជន បន្ថែមពីនេះភ្ញៀវក៏អាចមកបោះតង់សម្រាកបានផងដែរ។ នៅរីស៊តកៀកកើយធម្មជាតិនេះក៏មានភោជនីយដ្ឋានធំមួយរចនាឡើងយ៉ាងស្អាតទាក់ភ្នែកដែលបម្រើជូននូវម្ហូបខ្មែរ និងម្ហូបបរទេសរ ហើយបន្លែបន្លុក ត្រីសាច់គឺប្រមូលទិញពីប្រជាជនក្នុងតំបន់នេះឯង ដែលសុទ្ធសឹងតែជាផលិតផលក្នុងស្រុកនិងធម្មជាតិ។
លោកសុជាតិ ម្ចាស់រមណីយដ្ឋានជ្រលងបៃតងវាលពួច បានប្រាប់សារព័ត៌មានអេសអ័រ (SR) ថា៖ «ទីនេះបើកដំណើរការនៅឆ្នាំ ២០២២ មានទំហំ២ហិកតាហើយហេតុដែលខ្ញុំដាក់ឈ្មោះជ្រលង វាលពួចនេះ ដោយសារដីខ្ញុំនៅសងខាងទឹកជ្រោះដូចជាជ្រលងមួយអ៊ីចឹង បានខ្ញុំដាក់ថាជ្រលពណ៌បៃតង។ខ្ញុំបង្កើតជ្រលងបៃតងវាលពួចនេះឡើង ដោយសារខ្ញុំស្រឡាញ់វិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិណាមួយខ្ញុំក៏បានផ្តល់កិច្ចការងារដល់បងប្អូនដែលរស់នៅក្នុងសហគមន៍និងជួយទិញបន្លែរសាច់ពីបងប្អូនទៀតផងពោលបន្ថែមពីការជួយធ្វើផ្លូវធ្វើដំណើរនិងអភិវឌ្ឍសង្គមតាមរយៈការបង្កើតកន្លែងទេសចរធម្មជាតិ»។
លោកសុជាតិបានឱ្យដឹងបន្តថា នៅទីតាំងអំណោយផលនេះ ធម្មជាតិស្រស់ស្អាតទៅតាមរដូវកាលជាពិសេសចាប់ពីខែ៦ ដល់ខែ១២ ទេសភាពប្រែជាពណ៌បៃតង និងមានទឹកថ្លាឆ្វេងដែលភ្ញៀចអាចងូតទឹកលេងយ៉ាងសប្បាយ និងមានកន្លែងថតរូបស្អាតៗជាពិសេសស្ពានយោលឆ្លងកាត់ទឹកធ្លាក់ និងមានភ័ព្ទធ្លាក់មកយ៉ាងព្រោងព្រាតចំណែករដូវប្រាំង ទេសភាពធម្មជាតិក៏ស្រស់ស្អាតឥតឧបមា ផ្ទៃមេឃស្រឡះគ្រាន់តែទឹកធ្លាក់មានទឹករាងស្ទើបន្តិច លើសពីនេះទៅទៀត ភ្ញៀវដែលមកកម្សាន្តអាចទស្សនាថ្ងៃរះដ៏ស្រស់ស្អាតនិងលម្ហែអារម្មណ៍ជាមយយនឹងទិដ្ឋភាពសមុទ្រកំពតដ៏ធំល្វឹងល្វើយ។
សម្រាប់សេវាកម្មកម្សាន្តអ្នកទេសចរ អាចដកពិសោធន៍ជាមួយនឹងការជិះខ្សែរ៉កគយគន់សម្រស់ធម្មជាតិព្រៃភ្នំ ដែលមានតម្លៃ១០ដុល្លារ សម្រាប់មនុស្សធំនិងតម្លៃ ៥ដុល្លារ សម្រាប់ កូនក្មេង ហើយការជិះខ្សែរ៉កនេះ មានចម្ងាយពី៤០ ទៅ ១០០ម៉ែត្រនិងមានបុគ្គលិក ចាំមើលការខុសត្រូវសុវត្ថិភាពភ្ញៀវ។
ជាមួយគ្នានេះគេក៏សេវាកម្មម៉ូតូកង់បួន ដែលអ្នកអាចជិះតាមភូមិឋានរបស់ប្រជាពលរដ្ឋជិះទៅមើលទឹកធ្លាក់ ដែលការជិះម៉ូតូកង់បួននេះ មានរយៈពេល១ម៉ោងនិងមានតម្លៃ៣០ ទៅ ៣៥ ដុល្លា។
ចំណែកការជិះទូកស្ទូចត្រីតាមសមុទ្រភ្ញៀវអាចកក់ទូកក្នុងតម្លៃ ១៥០ដុល្លារ ទៅ ២០០ដុល្លារដែលជិះបាន១០នាក់ជាងសម្រាប់រយៈពេល១ថ្ងៃ ហើយគេក៏មានអ្នកចាំជួយធ្វើម្ហូបជូនភ្ញៀវនៅលើទូកផងដែរ។
ជ្រលងបៃតងវាលពួច (Green Valley Veal Pouch) មានទីតាំងស្ថិតនៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរក្រុងកំពត ខេត្តកំពត។ គេហទំព័រហ្វេសប៊ុក Facebook Green Valley Veal Pouch - ជ្រលងបៃតងវាលពួច ឬទំនាក់ទំនងលេខទូរស័ព្ទ៖ ០១០ ៦៦៦១០៥៕