ជីវិត និង សង្គម

អ្នកជំនាញចិត្តសាស្រ្តកុមារ ប្រាប់ពីគន្លឹះសំខាន់ក្នុងការមើលថែទាំកុមារអូទីស្សឹម

October 22, 2024
វង់ អូន
Heading
Option 1

ភ្នំពេញៈ លោក គិត សុខលីឣ្នកជំនាញចិត្តសាស្រ្តកុមារ និងជាមន្រ្តីជាន់ខ្ពស់បច្ចេកទេសបង្រៀន ពិសេសនៅមជ្ឈមណ្ឌលអូទីស្សឹមភ្នំពេញបានឱ្យដឹងថា កុមារអូទីស្សឹមមានបញ្ហាចម្បងចំនួន៣ ចំណុចរួមមាន បញ្ហាសង្គម បញ្ហាទំនាក់ទំនងនិងបញ្ហាវិបត្តិអាកប្បកិរិយា ហើយបញ្ហាទាំងនេះអាច មានកម្រិតស្រាល មធ្យមនិងធ្ងន់ធ្ងរ។

កុមារអូទីស្សឹមភាគច្រើនបង្ហាញរោគសញ្ញា ក្នុងអាយុចន្លោះចាប់ពី១ឆ្នាំទៅ២ឆ្នាំ តាមរយៈសកម្មភាព និងកាយវិការរបស់ពួកគេ ត្រង់ចំណុចនេះ លោក សុខលីបានពន្យល់ថា តំណាក់កាលដំបូង មាតាបិតា ត្រូវធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង ដើម្បីដឹងថាកូនរបស់ពួកគេមានអូទីស្សឹមដែរឬទេ? ការធ្វើរោគ វិនិច្ឆ័យនេះសំខាន់ណាស់ ប្រសិនបើកូននោះមានអាការៈអូទីស្សឹម គេនឹងទទួលបានការព្យាបាលឆាប់ហើយការព្យាបាល ត្រូវការអ្នកជំនាញ និងការចូលរួមពីអាណាព្យាបាលផងដែរ។  

ជាមួយគ្នានេះ លោក គិត សុខលីឣ្នកជំនាញចិត្តសាស្រ្តកុមារ បានប្រាប់ SR Digital Media ឱ្យដឹងពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការមើលថែទាំកុមារអូទីស្សឹមដូចខាងក្រោម៖

- អាណាព្យាបាលត្រូវចំណាយពេលវេលានិងបង្កើតភាពស្និទ្ធស្នាល  ដើម្បីឱ្យកូន ឬកុមារអូទីស្សឹមមានទំនាក់ទំនងល្អ ជាមួយនឹងអ្នក។

- ផ្តោតលើចំណុចវិជ្ជមានរបស់កុមារអូទីស្សឹមៈ កុមារដែលមានបញ្ហាអូទីស្សឹមច្រើនតែ ឆ្លើយតបយ៉ាងល្អចំពោះការពង្រឹងជាវិជ្ជមាន បានន័យថា នៅពេលដែលអ្នកសរសើរ ពួកគេចំពោះអាកប្បកិរិយាដែលពួកគេធ្វើបានល្អវានឹងធ្វើឱ្យពួកគេមានអារម្មណ៍ល្អ។

- អាណាព្យាបាលអាចរៀនពីវិធីសាស្ត្រ ឬសិក្សាពីអាកប្បកិរិយាថ្មីដើម្បីជួយកុមារអូទីស្សឹម ក្នុងការអនុវត្តចំណេះដឹងរបស់ពួកគេក្នុងស្ថានភាពផ្សេងៗ។ ការរៀនពីវិធីសាស្ត្រឬបច្ចេកទេសថ្មីៗនេះ អ្នកអាចពិភាក្សាជាមួយគ្រូ ឬអ្នកជំនាញអូទីស្សឹម។ អាណាព្យាបាលលើកទឹកចិត្តកុមារអូទីស្សឹម ឱ្យគេនាំយកអ្វីដែលបានរៀននៅផ្ទះ ទៅបង្ហាញ ឬធ្វើនៅសាលារៀន។

- បែងចែងតារាងកាលវិភាគ ដូចជាការលេងឬការធ្វើសកម្មភាពផ្សេងៗរបស់កុមារអូទីស្សឹម ដែលធ្វើឱ្យពួកគេសប្បាយរីករាយដោយបើកចំហជាមួយមនុស្សជុំវិញខ្លួន ជាពិសេសគឺ ភ្ជាប់ទំនាក់ទំនងជាមួយអ្នក។

- ការផ្តល់ពេលវេលា អ្នកអាចសាកល្បងប្រើបច្ចេកទេសការព្យាបាល និងវិធីសាស្រ្តផ្សេងៗ គ្នាជាច្រើននៅពេលអ្នកស្វែងយល់ថាអ្វីដែលល្អបំផុតសម្រាប់កូនរបស់អ្នក។ រក្សាភាពវិជ្ជមានហើយព្យាយាមកុំឱ្យបាក់ទឹកចិត្ត ប្រសិនបើពួកគេមិនឆ្លើយតបបានល្អ ចំពោះវិធីសាស្ត្រជាក់លាក់មួយ។

- សាកល្បងប្រើការព្យាបាល និងវិធីសាស្រ្តផ្សេងៗ ដូចជាការបង្រៀនទម្លាប់ល្អៗប្រចាំថ្ងៃដល់កូនរបស់អ្នក ប្រសិនបើពួកគេធ្វើមិនបានល្អ សូមកុំបាក់ទឹកចិត្ត និងរក្សាភាពវិជ្ជមានហើយត្រូវលើក ទឹកចិត្ត និងពន្យល់កូនរបស់អ្នកបន្តទៀត។

- អ្នកអាចអនុវត្តន៍អោយកូនរបស់អ្នកចេះធ្វើកិច្ចការតូចៗដូចជាយកសម្រាមដាក់ក្នុងធុង ចេះលាងដៃ យករបស់របរបន្តិចបន្តួច ឱ្យសមស្របនឹងសមត្ថភាពកុមារជាពិសេសនៅពេល កូនរបស់អ្នកធ្វើបាន អ្នកអាចផ្តល់ជារង្វាន់ ការសសើរជាដើម។

- អាណាព្យាបាលអាចនាំកូនទៅជាមួយក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ និងគួរតែចំណាយ ពេលជាមួយកូនដូចជា ការដើរលេងក្នុងសួន ការជិះកង់ និងលេងកីឡាជាដើម ដែលសកម្មភាពទាំងនេះ អាចជួយឱ្យកុមារស៊ាំនឹងពិភពលោកជុំវិញពួកគេ៕

អាណាព្យាបាល​កុមារ​អូ​ទី​ស្សឹមលោក រស្មី យល់ឃើញថា អាណាព្យាបាលដែលមានកូនអូទីស្សឹម គួរតែសិក្សា ឬប្រឹក្សាយោបល់ពីអ្នកជំនាញដើម្បីបានដឹងពីការមើលថែទាំកូន ឬអាចចូលរួម ក្នុងសិក្ខាសិលានានា ស្តីពីកុមារមានអូទីស្សឹមបន្ថែមពីបទពិសោធន៏បានឆ្លងកាត់។

អត្ថបទពេញនិយម

កូរ៉េខាងត្បូងប្ដូរពីទទួលទានសាច់ឆ្កែទៅពពែខ្មៅក្នុងប្រពៃណីស៊ុបរដូវក្ដៅ

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

ដំណើរផ្លូវទឹកពីសៀមរាបទៅបាត់ដំបង ល្បឿនសន្សឹមៗសមបំណងអ្នកទស្សនាជីវចម្រុះ និងស្វែងយល់ជីវភាពភូមិលើទឹក

តើអ្នកមានវ័យក្មេងមិនត្រូវបានអនុញ្ញាតឲ្យទូលត្រៃកឋិនទានឬ?

Liza Owen តារាចម្រៀងខ្មែរ-អង់គ្លេស នៅពីក្រោយបទល្បីៗ BTS និង Selena Gomez