ទេសចរណ៍

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី

October 22, 2024
លៀប ទេពិទូ
Heading
Option 1

សៀមរាប​: ស្ពាន​ពស់​អូរ​មានជ័យទឹកដី​ស្វាយ​លើ គឺ​ជាទី​លម្ហែកាយ​បែប​ផ្ទះ​ស្នាក់ (Homestay) ជាប់ជើង​ភ្នំ​គូលែន ដែល​ក្រាល​ក្រប​ដោយ​ធម្មជាតិ​ព័ណ៌​បៃតង​ខៀវខ្ចី អមដោយ​បរិយាកាស​ល្អ​បរិសុទ្ធនិង​មាន​កន្លែង​ថតរូប​ស្អាតៗ ជាពិសេស​ស្ពានឈើ​ដ៏​វែង សាងសង់​កាច់​កុង​ដូចជា​សត្វ​ពស់ផុស​ឡើង​ចំ​កណ្ដាល​វាលស្រែ​វាលស្រូវ​។​

​រមណីយដ្ឋាន​ស្ពាន​ពស់​អូរ​មានជ័យ បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃចាប់ពី​ម៉ោង ៨ ព្រឹក​ដល់ ម៉ោង ៦​ល្ងាច ចំពោះ​សំបុត្រ​ចូល​ទស្សនា​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មានតម្លៃ​ដូចគ្នា ដោយសំបុត្រសម្រាប់​មនុស្ស​ធំ​មានតម្លៃ ២ ដុល្លារ និង​កុមារ​មានតម្លៃ១ ដុល្លារ ពិសេស​កុមារ កម្ពស់​ក្រោម​១,១០​ម៉ែត្រ ពុំ​គិតថ្លៃ​នោះទេ​។ទី​កម្សាន្ត​ដ៏​ទាក់ទាញ​នេះ មាន​ភ្ញៀវ​មកលេង​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ ហើយ​ចុង​សប្តាហ៍ភ្ញៀវទេសចរ​កើន​រហូតដល់​ជាង១៥០០​នាក់​។បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៨ និង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២២ទីតាំង​កម្សាន្ត​កៀកកើយ​ធម្មជាតិ​នេះ មាន​​ផ្ទៃដី​ទំហំ​ ១៤ ហិកតា និង​ទើប​សាងសង់​បាន​ប្រមាណ​៣០ ទៅ ៤០​ភាគរយ​ប៉ុណ្ណោះដោយ​ត្រូវ​រៀបចំ​រចនា និង​បំពេញបន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ត្បិត​ទីតាំង​មាន​ទំហំ​ធំ​។

ចំណុច​ទាក់ទាញ​បំផុត​នៅទី​នេះ គឺ​ស្ពាន​ពស់​ប្លែក​ភ្នែក ដែល​សង់​លើ​លូនលើ​វាលស្រែ​ខៀវខ្ចីមាន​ប្រវែង​វែង​រហូត ២៧៨​ម៉ែត្រ​។ ឈរ​ពី​ស្ពាន​ពស់​នេះ ភ្ញៀវ​ទេសចរណ៍ នឹង​បាន​រសាយ​អារម្មណ៍ក្រោម​ជំនោរ​ខ្យល់​ត្រជាក់បក់​មក​ប៉ះ​កាយក្រអូប​ក្លិន​ស្រែ​ក្លិន​ស្រូវ ក៏ដូចជា​បាន​គយគន់​សម្រស់​ភ្នំ​គូលែន ដែល​ឈរ​បង្អួត​កាយយ៉ាង​សង្ហា​រឹងមាំ​។ទន្ទឹមនឹងនេះ ភ្ញៀវក៏​នឹង​បាន​គយគន់​សម្រស់​ថ្ងៃ​រះ និង​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​ផងដែរប្រសិន​បើ​មេឃ​ធ្លាក់​ភ្លៀង​ទៀត​នោះ ទីតាំង​ជាប់​ជើង​ភ្នំ​នេះ នឹង​មាន​ពពក​ភ័ព្ទអណ្តែត​ចុះ​មក​បង្ហាញ​ខ្លួន​ជាក់​ជា​មិនខាន ត្បិត​​​ភូមិសាស្ត្រ​ទីតាំង​នេះ​មាន​លក្ខណៈ​អំណោយផល​ល្អ​ណាស់​។

មាន​ទេសភាព​ស្អាត​ជាប់ចិត្ត ទីនេះក៏​សម្បូរ​កន្លែង​ថតរូប​ស្អាតៗជាច្រើន​ផងដែរដូចជា ផ្ទះ​កញ្ចក់ ទោង​អង្គុយលេង សួនផ្កា​ចម្រុះ​ព័ណ៌ និង​​បឹងបួរ ហើយ​ទីនេះ​ក៏មាន​ក្យូ​ស​សម្រាប់​អង្គុយលេងដែល​អាច​អង្គុយ​បាន​ចន្លោះ​៧ ទៅដល់ ១០​នាក់ និង​ប៉មខ្ពស់មួយសម្រាប់ឱ្យភ្ញៀវ​មើល​ទេសភាព​ជុំវិញ​ទីនេះ​ទៀតផង។​

ចំពោះ​ការ​ស្នាក់នៅ​វិញ រមណីយដ្ឋានស្ពាន​ពស់​អូរ​មានជ័យ មានផ្ទះ​ស្នាក់​ចំនួន​៣​ប្រភេទជា​ប្រភេទ​ផ្ទះ​បុរាណ លាយ​សម័យ (​កំពុងស្ថិត​ក្នុង​ការរៀប​ចំ​ដេ​គ័​រ​) និង​មាន​តង់​ធំ​ចំនួន១៨ ដោយ​តង់តម្លៃ ២៨​ដុល្លារ សម្រាប់​មនុស្ស​២នាក់​ក្នុងនោះក៏មាន​ភោជនីយដ្ឋាន​ដែល​បម្រើ​ជូន​នូវ​ម្ហូបអាហារ​ជាច្រើន សម្រាប់​ភ្ញៀវ​ដែល​មក​កម្សាន្តជាពិសេស​ម្ហូប​ទាំងនេះ ធ្វើចេញ​ពី​កសិផល​ធម្មជាតិ​ដែល​ដាំ​ក្នុង​រមណីយដ្ឋាន​នេះ​ផ្ទាល់​ដូចជាននោ​ង ប៉េងប៉ោះ ល្ហុង ត្រកួន ស្វាយ និង​ដំណាំ​ជាច្រើន​ទៀត​។​

ម្ចាស់​រមណីយដ្ឋាន​ស្ពាន​ពស់អូរ​មានជ័យ លោក ឈរ ជ័យ​រត​នះ បាន​ប្រាប់​សារព័ត៌មាន SR Digital Media ថា​៖ «​គោលបំណងដែល​ខ្ញុំ​បង្កើត​កន្លែង​នេះ​ឡើងដោយសារតែ​ខ្ញុំ​ចង់​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ព្រោះ​ស្រុក​យើង​មិន​ចាញ់​ស្រុក​គេ​ទេមាន​ធនធានធម្មជាតិ​ស្រស់ស្អាត​ជាច្រើន ប៉ុន្តែ​មិនមាន​អ្នក​យកមក​កែឆ្នៃ អ៊ីចឹង​ហើយដោយ​សារតែខ្ញុំ​ស្រលាញ់​ធម្មជាតិទើប​ខ្ញុំ​បង្កើត​វា​ឡើង​»​។​

​លោក​បាន​បន្ថែមថា ការបង្កើត​ទី​កម្សាន្ត​ក្នុង​ទឹកដី​ស្រុក​ស្វាយ​លើ​នេះមិន​ត្រឹមតែ​ផ្សព្វផ្សាយ​ពីរមណីយដ្ឋាន​ស្ពាន​ពស់ អូរ​មានជ័យ​ប៉ុណ្ណោះ​ទេ តែ​វាក៏បានរួមចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់ស្រុក​ស្វាយ​លើ​ទាំងមូលផងដែរតាមរយៈ​ការ​មកលេង​របស់​ភ្ញៀវទេសចរ ក្រៅពីនេះទីតាំងរបស់លោក ក៏​បង្កើត​ការងារជូន​ដល់​បងប្អូន​ប្រជា​សហគមន៍​ក្នុង​តំបន់​ផងដែរដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

​គួរបញ្ជាក់ថា ទេសភាព​នៅទីនេះ ស្រស់ស្អាត​បំផុត​ចាប់ពី​ខែកញ្ញាដល់​ខែ​វិ​ច្ចកា ព្រោះ​ធម្មជាតិ​នៅទីនេះ កំពុង​រីក​ស្គុសស្គាយ ហើយ​អាកាស​ធា​ត​ក៏​ត្រជាក់​ល្អតួ​យ៉ា​ល​វាលស្រែ​ព័ណ៌​បៃតងខ្ចី នឹង​ចាប់ផ្តើម​ប្តូរ​រូប​កាយ ក្លាយជា​ព័ណ៌​មាស​វិញ​ម្តងហាក់ដូចជា​ទីនេះ​ក្រាល​ក្រប​ស្រោប​ដោយ​មាស​ដូច្នេះ​ដែរ​។ ចំណែកពេល​រាត្រី​វិញ អ្នកទេសចរច្បាស់​ជា​បាន​សប្បាយ​ក្នុង​ចិត្ត​យ៉ាង​អនេក ដោយ​អង្គុយ​​ញ៉ាំ​អាហារ​, ជជែក​គ្នា​សប្បាយ និង​បាន​រាំលេង​ជុំវិញ​ភ្នក់ភ្លើង ក្រោម​ពន្លឺ​ព្រះ​ចន្ទ និង​ហ្វូង​ផ្កាយ​ដ៏​ស្រស់ស្អាត​។

រមណីយដ្ឋាន ស្ពាន​ពស់អូរ​មានជ័យ ទឹកដី​ស្វាយ​ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​មានជ័យឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចម្ងាយ​ពី​ប្រាសាទ​បឹងមាលា​ប្រហែល​៥​គីឡូម៉ែត្រដោយខាងឆ្វេង​ដៃ​មាន​ខ្លោងទ្វារ​សាលាបឋមសិក្សា​អូរ​មានជ័យ រួចធ្វើដំណើរ​ចូល​តាម​ខ្លោងទ្វារ​សាលា​តម្រង់ទៅរក​ជើងភ្នំចម្ងាយ​១.៧គីឡូម៉ែត្រ​។ ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ស្ពាន​ពស់​អូរ​មានជ័យ ទឹកដី​ស្វាយ​លើឬ​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ 061 313 637 / 070 313 637៕

ទីតាំង​ស្ពានពស់ អូរមានជ័យ ទឹកដីស្វាយលើ

អត្ថបទពេញនិយម

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

ណាត់គ្នាទៅបាត់ដំបងខែវិច្ឆិកា មហោស្រព សៀក ទីនេះ ទីនោះ របស់ហ្វារ ដឹងតែអស្ចារ្យជាមួយសិល្បករ ១២ ប្រទេស

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

«ល្បែងទាញព្រ័ត្រ» ល្បែងពួកទេព និងពពួកយក្ស