ភ្នំពេញៈ សិល្បៈចាក់សាក់ មិនមែនគ្រាន់តែជាទម្រង់នៃការតុបតែងរាងកាយប៉ុណ្ណោះទេថែមទាំង លាយបញ្ជូលនូវយ័ន្ដខ្មែរបុរាណរួមជាមួយផងដែរ។ ការចាក់សាក់រូប និងយ័ន្តខ្មែរលើរាងកាយនាសម័យថ្មីនេះ ហាក់កំពុងមានការពេញនិយមជាខ្លាំងទាំងសំណាក់យុវវ័យ និងមជ្ឈិមវ័យ ប៉ុន្តែការបើក្រឡេកមើលឱ្យស៊ីជម្រៅ អ្នកជំនាញដែលចេះចាំស្ទាត់នូវការសាក់យ័ន្តខ្មែរ ដែលត្រឹមត្រូវតាមក្បួនខ្នាតផ្សំជាមួយនឹងមន្តអាគមនេះ ហាក់នៅមានចំនួនតិចតួចនៅឡើយ។
លោកព្រឹទ្ធាចារ្យ រឿងសារ៉ែម អាយុ ៧៣ ឆ្នាំ ជាគ្រូសាក់យ័ន្ដខ្មែរ ដែលបានរៀនជំនាញនេះពីឪពុកម្ដាយនិងជីតាឱ្យដឹងថា៖ «ពេលចាក់សាក់អក្ខរៈនីមួយៗ យើងបង្កើតតួដូចជា តួ (នោ)យើងចាប់ផ្ដើមសូត្របាលីរហូតដល់ចាក់សាក់សព្វគ្រប់ទោះបីជាមានការរំខានសួរនាំអ្វីក៏ដោយ ក៏យើងនៅតែទន្ទេញ»។
លោកបានបន្តទៀតថាតាំងពីបង្ហាត់បង្រៀនសិស្សពេលបែកសម័យសង្គ្រាមមកកូនសិស្សរបស់លោកមានចំនួនរាប់រយនាក់។ ប៉ុន្ដែអ្នកជំនាញចាក់សាក់នេះនៅមានចំនួនតិចតួចបើធៀបនឹងជំនាញផ្សេងៗទៀត។ នេះជាមូលហេតុមួយដែលសហព័ន្ធខ្មែរសាក់យ័ន្ត(Federation of Khmer Sakyantra) ត្រូវបានបង្កើតឡើងកាលពីជិត១០ ឆ្នាំមុន ក្នុងបំណងថែរក្សា និងបណ្ដុះបណ្ដាលជំនាញសិល្បៈសាក់យ័ន្ដ។
ការគោរពប្រតិបត្តិទៅតាមក្បួនខ្នាតនិងត្រណមនៃការសាក់យ័ន្ដបុរាណខ្មែរនេះ ត្រូវបានជឿថា ជាវេទមន្ដអាគមដ៏ស័ក្កិសិទ្ធដោយក្នុងនោះមានត្រណមដូចជា៖ ១.មិនមានសេក្ដីប្រមាត, ២. មិនត្រូវ លួចទ្រព្យសម្បត្តិអ្នកដ៍ទៃដែលមានម្ចាស់, ៣.ការមិនលួងលោមប្ដីប្រពន្ធអ្នកដ៍ទៃ, ៤. ការមិនកុហក អ្នកដ៍ទៃធ្វើអោយគេក្ដៅក្រហាយ, ៥. មិនផឹកគ្រឿងស្រវឹងដែលនាំអោយមានសេក្ដីប្រមាថ, មិនបរិភោគសាច់ឆ្កែ និងឆ្មា រួមទាំងត្រណមជាច្រើនទៀត។
ដើម្បីទទួលបានការទទួលស្គាល់ពីសហព័ន្ធជាងសាក់ធម្មតាទាមទារឱ្យឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងតិច ២ ឆ្នាំហើយចំពោះគ្រូបង្ហាញសាក់ ត្រូវរៀនបន្ថែម ៣ ឆ្នាំ។ ដូច្នេះក្នុងនាមជាគ្រូសាក់យ័ន្ដ ត្រូវរៀនរយៈពេលយ៉ាងតិច ៥ ឆ្នាំ។ចំណែកគ្រូឯកទេសសាក់យ័ន្ដ ពួកគេត្រូវរៀនបន្ថែម ៣ ឆ្នាំពីលើទៀត។មុខនាទីជាគ្រូបាអាចារ្យសាក់យ័ន្ដពួកគេត្រូវបន្ដការសិក្សា ៣-៤ឆ្នាំទៀត។
បច្ចុប្បន្ននេះគ្រូឯកទេសមានចំនួន ៥ នាក់ គ្រូអាចារ្យមានចំនួន ២ នាក់ខណៈសមាជិកសហព័ន្ធទាំងអស់មានចំនួន ១០ នាក់។ លោកទទួលស្គាល់ថា ហាងសាក់ឬស្ទូឌីយោសាក់មានច្រើន តែមួយចំនួនធំមិនសូវយកចិត្ដទុកដាក់ ក្នុងការសិក្សាអំពីសិល្បៈសាក់យ័ន្ដដែលផ្ដល់សេវាកម្មសាក់យ័ន្ដគ្រប់ទម្រង់ ដោយមិនខ្វល់ពីរចនាប័ទ្មឡើយ។
អ្នកឯកទេសសាក់យ័ន្ដបុរាណខ្មែរអះអាងថា៖
«វប្បធម៌សាក់យ័ន្ដមិនអាក្រក់ដូចមហាជនខ្លះគិតទេ ខ្ញុំផ្ដើមជម្នះដំបូងបំផុតគឺសមាជិកក្រុមគ្រួសារ ដោយការពន្យល់អំពីសារៈសំខាន់នៃសិល្បៈសាក់យ័ន្ដនិងបន្ដចំណេះដឹងនេះដល់អ្នកជំនាន់ក្រោយ»៕