បុណ្យសែនក្បាលទឹក ត្រូវបានធ្វើឡើងថ្ងៃទី ១៥នៃខែទី៧ តាមប្រតិទិនតាមច័ន្ទគតិ។ សម្រាប់ឆ្នាំ ២០២៤ បុណ្យសែនក្បាលទឹកចំថ្ងៃ អាទិត្យ ទី ១៨ ខែសីហា។
ប៉ុន្តែពិធីបុណ្យនិងជំនឿត្រណមនានាទាក់ទងនឹងវិញ្ញាណត្រូវបានអនុវត្តជាបន្តបន្ទាប់ពេញមួយខែច័ន្ទគតិ (ថ្ងៃទី ៤ ខែសីហាដល់ថ្ងៃទី ៣ ខែកញ្ញា)។
តាមវប្បធម៌ចិននេះជាវេលាដែលទ្វារនរកបើកអនុញ្ញាតឱ្យព្រលឹងខ្មោចឡើងទៅឋានមនុស្ស។ដោយសារវិញ្ញាណទាំងអស់នេះត្រូវបានគេជឿថា ដើរជុំវិញផ្លូវរបស់យើងតំណមមួយចំនួនត្រូវបានប្រកាន់ខ្ជាប់ដើម្បីការពារខ្លួនតាមផ្លូវងងឹត។
ខាងក្រោមនេះជាការចងក្រងនូវត្រណម ចំនួន ២២ដែលគួរចៀសវាងក្នុងរដូវកាលសែនក្បាលទឹក៖
១. ព្យួរខោអាវនៅក្រៅផ្ទះពេលយប់
ស្រមោលរូបរាងសម្លៀកបំពាក់អាចទាក់ទាញវិញ្ញាណឱ្យ«ខ្ចី» ស្លៀកនៅពេលយប់ហើយវាអាចនាំសំណាងអាក្រក់ដល់ខោអារបស់អ្នក។
២. ដោតចង្កឹះបញ្ឈរក្នុងចានបាយ
នេះជាបម្រាមក្នុងវប្បធម៌ទទួលទានអាហារចិនហើយគេរឹតតែប្រកាន់ខ្លាំងទៅទៀត ក្នុងអំឡុងខែសែនក្បាលទឹក។ចង្កឹះដាក់ត្រង់ស្រដៀងនឹងការដោតធូបសែនឱ្យព្រលឹងខ្មោចមកហូបបាយក្នុងចានរបស់អ្នកដែរ។
៣. កុំឈរជិតជញ្ជាំងពេក
យោងតាមរឿងព្រេងចិន ជញ្ជាំងមានធាតុត្រជាក់ដែលទាក់ទាញការប្រមូលផ្ដុំរបស់ខ្មោច។ អ្នកក៏គួរតែចៀសវាងដើរលើផ្លូវចង្អៀតមានជញ្ជាំងខ្ពស់ៗអមសងខាងផងដែរ។
៤. បើកឆ័ត្រក្នុងផ្ទះ
ខ្មោចដែលវង្វេងត្រូវបានគេជឿថាស្វែងរកជ្រកក្រោមម្លប់ឈើ ឬឆ័ត្ររបស់អ្នក។ដូច្នេះកុំបើកឆ័ត្រក្នុងផ្ទះ ហើយរឹតតែគួរចៀសវាងនោះសូមកុំរើសឆ័ត្រដែលអ្នកឃើញនៅខាងក្រៅយកមកចូលផ្ទះព្រោះវាបីដូចជាទទួលយកខ្មោចអនាថាដោយចៃដន្យដូច្នោះដែរ។
៥. ជិះឡានក្រុង ឬរថភ្លើងចុងក្រោយ
ប្រសិនបើអ្នកដើរហើរយឺតម៉ោងហើយឡើងជិះចំជើងរថយន្តក្រុង ឬរថភ្លើងចុងក្រោយ អ្នកមិនឯកាទេ។ជើងដឹកជញ្ជូនចុងក្រោយនៅពេលយប់ ត្រូវបានគេជឿថាពោរពេញព្រលឹងខ្មោច។ដូច្នេះប្រយ័ត្នអង្គុយលើអ្នកដំណើរគ្មានរូប។
៦. ហែលទឹកសមុទ្រ
ខ្មោចទឹកពោរពេញដោយកំហឹងនិងចង់ឱ្យមនុស្សលង់ទឹក ដើម្បីខ្លួនឯងបានទៅកំណើតឡើងវិញ។ប្រសិនបើអ្នកត្រូវហែលទឹកដោយចៀសពុំរួច សូមហែលនៅពេលថ្ងៃតែក៏មិនមែនហែលទឹកសមុទ្រដែរ។
៧. ទុកស្បែកជើងបែរមុខទៅគ្រែ
មានជំនឿថា ស្បែកជើងដើរតួជាត្រីវិស័យសម្រាប់ខ្មោចដែលស្វែងរកជនរងគ្រោះ។ ដូច្នេះស្បែកជើងតម្រង់ទៅ កាន់គ្រែរបស់អ្នកវាដូចជានាំខ្មោចទៅរកអ្នកលើគ្រែដូច្នោះដែរ។
៨. ការចាប់ផ្តើមទំព័រថ្មីនៃជីវិត
តាមទំនៀមទម្លាប់ពេញមួយខែរដូវកាលសែនក្បាលទឹក គេមានតំណមមិនត្រូវរើផ្ទះ បង្កើតអាជីវកម្មថ្មីរៀបការ ឬធ្វើសេចក្ដីសម្រេចចិត្តសំខាន់ៗក្នុងជីវិត។
៩. ថតរូបនៅពេលយប់ជ្រៅ
មិនខុសពីក្នុងខ្សែភាពយន្តខ្មោចនោះទេកាមេរ៉ា និងកញ្ចក់ សុទ្ធតែអាចផ្ដិតជាប់វិញ្ញាណសងសឹក។ដូច្នេះបើមិនចង់សំណាងអាក្រក់ទេ ទុកទូរស័ព្ទថតពេលថ្ងៃ ក្រែងបានរូបភាពស្អាតមានពន្លឺល្អពេញភ្នែកផងមិនចាំបាច់ត្រូវថតពេលយប់ងងឹតនោះទេ។
១០. សក់គ្រប់ថ្ងាស
តាមជំនឿរបស់ចិនថាមពលរបស់មនុស្សផុសចេញពីថ្ងាស។ ការបិទបាំងថ្ងាសបីដូចបិទបាំងប្រភពថាមពលនេះអាចធ្វើឲ្យអ្នកងាយទទួលរងការរំខានពីខ្មោច។
១១. កុំរើសលុយតាមផ្លូវ
នរណាក៏រំភើបនឹងឃើញលុយជ្រុះអត់មានម្ចាស់ដែរហើយរឹតតែពិបាកហាមចិត្តឱ្យរើសវាយកមកទុកថែមទៀត។ប្រសិនបើអ្នកមិនអាចទប់ចិត្តមិនបាន រើសលុយនោះហើយត្រូវចាយឱ្យអស់កុំយកវាមកផ្ទះ។
១២. ការកោររោមជើង
ពាក្យចាស់មួយក្នុងភាសាចិនដែលជឿថារោមជើងនីមួយៗអាចបន្លាចខ្មោចបាន ដូច្នេះការកោររោមជើងបីដូចជាដកអង្គរក្សផ្ទាល់ខ្លួនចេញ។
១៣. កុំដើររំលង ឬទាត់សំណែន
គំនរផ្លែឈើ អាហារឬក្រដាសដុតតូចៗនៅតាមផ្លូវសុទ្ធតែមានម្ចាស់ចាំទទួល។ប្រសិនបើអ្នកដើរទាត់ដោយចៃដន្យគួរតែសុំអភ័យទោសកុំឱ្យវិញ្ញាណទាំងនោះខឹងបៀតបៀនមនុស្សលោក។
១៤. ហួចនៅពេលយប់
ទោះជាអ្នកអផ្សុកប៉ុណ្ណាក៏ដោយជៀសវាងការហួចនៅពេលយប់។ ការផ្លុំកញ្ចែ ឬការច្រៀង អាចទាក់ទាញអនាថា ។
១៥. អង្គុយជួរមុខមើលការសម្ដែង
ជំនឿនេះកើតចេញពីសម័យកាលសម្តែងហ៊ីចិន។ខណៈមនុស្សត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួម មើលហ៊ីការសម្តែងទាំងនេះរឹតតែជាទស្សនីយភាពពិសេសសម្រាប់ខ្មោចព្រាយបិសាចក្នុងដំណើរប្រចាំឆ្នាំមកលេងឋានមនុស្ស។ដូច្នេះជាធម្មតា ជួរខាងមុខត្រូវបានទុកឱ្យនៅទំនេរសម្រាប់ភ្ញៀវគ្មានរូប។
១៦. មើលលើស្មារបស់អ្នក
យោងតាមរឿងព្រេងចិនមនុស្សមានអណ្តាតភ្លើងមើលមិនឃើញនៅលើស្មា និងថ្ងាស ដែលជាខែលការពារពួកគេ។ ប៉ុន្តែនៅពេលដែលអ្នកក្រឡេកមើលស្មាថាមពលនោះត្រូវបានរសាយចេញបន្តិចម្តងៗ ធ្វើឱ្យអ្នកងាយរងគ្រោះ។ដូច្នេះបើអ្នកចង់ងាក ត្រូវបង្វែររាងកាយរបស់អ្នកឱ្យបានពេញលេញកុំងាកតែកមើលរំលងស្មា។
១៧. ប្រតិកម្មទៅនឹងអ្វីដែលចម្លែក
ប្រសិនបើអ្នកមានអារម្មណ៍ស្រ៊ៀវញាក់រងារដោយចៃដន្យ ឮសម្លេងប្លែក ឃើញរបស់ប្លែក ឬស្រាប់តែធុំក្លិនប្លែកកុំចាំបាច់និយាយអ្វីទាំងអស់។
១៨. ជៀសវាងភាពងងឹត
អបិយជំនឿមួយក្នុងចំណោមអបិយជំនឿទូទៅបំផុតគឺជៀសវាងការនៅក្រៅយប់ជ្រៅជាវេលាដែលវិញ្ញាណខ្មោចសកម្មបំផុត។មនុស្សជាច្រើនជ្រើសរើសស្នាក់នៅក្នុងផ្ទះ ដើម្បីជៀសវាងការជួប។
១៩. ពណ៌ខោអាវ
ជ្រើសរើសការស្លៀកពាក់ពណ៌ស្រាលៗសាមញ្ញៗ។ការស្លៀកពាក់ខ្មៅ និងក្រហមក្នុងខែនេះមិនល្អទេ។ពណ៌ទាំងនេះត្រូវបានគេគិតថាទាក់ទាញវិញ្ញាណ ឬជាសញ្ញានៃសំណាងអាក្រក់។
២០. បម្រាមលេខ ៤
នៅក្នុងភាសាចិនការបញ្ចេញសំឡេងនៃលេខបួនគឺស្រដៀងទៅនឹងពាក្យ«មរណៈ» ហើយអំឡុងពេលពិធីបុណ្យសែនក្បាលទឹកគេរឹតតែចៀសវាងទៅទៀត។
២១. សត្វល្អិត
តាមជំនឿមេអំបៅ ពិសេសមេអំបៅរាត្រីអាចហោះទៅសួរសុខទុក្ខបុព្វបុរស ឬទុំលើផ្នូរខ្មោចដូច្នេះហើយព្យាយាមកុំវាយវាឱ្យសោះ៕