ភ្នំពញ: សម្រេចក្តីស្រម៉ៃជួយកសិករឱ្យទទួលបានចំណូល កាត់បន្ថយការចំណាកស្រុក និង ពង្រឹងការចិញ្ចឹមទាឡើងវិញអ្នកស្រី ម៉ោង ស្រីពៅ ប្រមូលទិញពងទាប្រមាណ ១០ម៉ឺន ទៅ ២០ម៉ឺនគ្រាប់ក្នុង ១ខែផលិតជាបណ្ដូលពងទាប្រៃ និងចែកចាយលើទីផ្សារទូទាំងប្រទេស។
អ្នកស្រីម៉ោង ស្រីពៅ ម្ចាស់សិប្បកម្មភូមិពងទាខ្មែរបានឱ្យដឹងថា មូលហេតុនៃការបង្កើតសិប្បកម្មនេះឡើង ដោយសារអ្នកស្រីចង់ផលិតអ្វីដែលថ្មី ចេញពីគំនិតខ្លួនឯងផ្ទាល់ដូច្នេះហើយ បានជាអ្នកស្រីជ្រើសរើសការកែច្នៃពងទាស្រស់ ទៅជាពងទាប្រៃដែលអាចនិយាយបានថា ជាផលិតផលថ្មីមួយប្លែកពីគេ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖«ខ្ញុំព្យាយាមស្វែងរករូបមន្តនិងដៃគូ ហើយសួរខ្លួនឯងថា តើផលិតផល ខ្ញុំមានតម្រូវការទីផ្សារបែបណា? ផលិតផលមួយហ្នឹងអាចរួមផ្សំជាមួយផលិតផលផ្សេងទៀតហើយសម្រេចបានជាផលិតផលថ្មីមួយទៀតបានបែបម៉េច? ឧបមាថាបណ្ដូលពងទាប្រៃអាចច្នៃយកទៅធ្វើអ្វីបានខ្លះ? ហើយផលិតផលមួយហ្នឹងរីកទៅបែបម៉េច?អ៊ីចឹងហើយបានជាខ្ញុំ យកផលិតផលមួយហ្នឹងជាគោលដៅរបស់ខ្ញុំ»។
បច្ចុប្បន្ននេះសិប្បកម្មផលិតបណ្ដូលពងទាប្រៃ បានប្រមូលទាំងពងទាស្រស់ចន្លោះពី១០ម៉ឺនទៅ២០ម៉ឺនគ្រាប់នៅក្នុង១ខែ ដែលពងទាទាំងអស់នេះ មានប្រភពមកពីខេត្តតាកែវ កំពតព្រៃវែង បាត់ដំបង និងខេត្តកំពង់ឆ្នាំង។
សិប្បកម្មមួយនេះអាចផលិតបណ្ដូលពងទាប្រៃ បាន ២០ម៉ឺនគ្រាប់ ក្នុង ១ខែ ហើយបើនៅក្នុងរដូវ បុណ្យទានដូចជាសែនក្បាលទឹក និងសែនលោកខែ សិប្បកម្មមួយ នេះ ផលិតបណ្ដូលរហូតដល់ ៣០ម៉ឺនគ្រាប់។
អ្នកស្រីស្រីពៅ បានឱ្យដឹងថា បណ្ដូលពងទាប្រៃ លក់រាយមានតម្លៃ ៨០០ រៀល ក្នុង ១គ្រាប់ចំណែកលក់លក្ខណៈបោះដុំ តម្លៃអាចចុះជាងនេះ ហើយបណ្តូលពងទាប្រៃមានលក់នៅតាមផ្សារទូទៅផ្សារទំនើប សួនធម្មជាតិ។
ម្ចាស់សិប្បកម្មខាងលើរៀបរាប់ពីដំណើរការផលិតបណ្ដូលពងទាប្រៃនេះថា៖ «យើងត្រូវយកពងទា មកលាងទឹកឲ្យស្អាត រួចយកត្រាំក្នុងទឹកអំបិលយើងឈប់ប្រឡាក់ពងទាជាមួយ ផេះទៀតហើយ ដោយយើងយកពងទា អំបិល ទឹកកំណត់ឲ្យសមស្របគ្នាទៅតាមអាយុកាល ដូចជាអាយុ ១៤ថ្ងៃ សម្រាប់ញ៉ាំធម្មតាមិនប្រៃពេកអាយុ ១៨ថ្ងៃ សម្រាប់ឆាជាមួយបន្លែ និងគ្រឿងសមុទ្រ និងអាយុ ២៥ថ្ងៃសម្រាប់យកទៅធ្វើជាស្នូលនំប៉ាវ ង៉ូវយីង និងនំពាជាដើម»។
អ្នកស្រីបញ្ជាក់ពីផលលំបាក៣ចំណុចដូច្នេះថា៖ «ទី១ការផលិត មានផលពិបាកច្រើនដែរ ដោយយើងស្មានបរិមាណទឹក និងបរិមាណអំបិលមិនសមាមាត្រគ្នា ដែលធ្វើឲ្យពងទាប្រៃពេក ឬសាបពេកធ្វើឲ្យពងទាខូចហើយពេលខ្លះសំបកពងទាស្ដើងក៏ធ្វើឲ្យខូចដូចគ្នា ទី២ ការប្រមូល ទិញពងទាក៏ជួបការលំបាកដូចគ្នា ព្រោះកសិករចិញ្ចឹមទាយកពង គាត់មិនបានសហការជាមួយ យើងទេពេលពងទាឡើងថ្លៃគាត់លក់ឲ្យអ្នកផ្សេង តម្លៃមានការប្រគួតប្រជែង ទី៣ការយកពងទាពីខេត្តឆ្ងាយ វាធ្វើឲ្យពងទាបែកច្រើនផងដែរ»។
សម្រាប់ទីផ្សារវិញអ្នកស្រីអះអាងថា បណ្ដូលពងទាប្រៃមានទីផ្សារល្អប្រសើរ និងទទួលបានគាំទ្រច្រើនពិសេសនៅតាមបណ្តាហាងលក់នំខេក និងនំពា ដោយសារតែការទិញយកតែបណ្តូល ពងទាប្រៃនេះធ្វើឱ្យអ្នកផលិតនំទាំងនោះ មានភាពងាយស្រួល ដោយមិនចាំបាច់ត្រូវផលិតបណ្តូល ពងទាប្រៃខ្លួនឯងនិងចំណេញពេលវេលា។
សិប្បកម្មផលិតបណ្ដូលពងទាប្រៃដែលមានទីតាំងនៅរាជធានីភ្នំពេញនេះបានជួយសម្រួល យ៉ាងច្រើនដល់ជីវភាពកសិករចិញ្ចឹមទា តួយ៉ាងមានទីតាំងលក់ពងទាច្បាស់លាស់មិនមាន ការបន្ទាបតម្លៃ ដែលធ្វើឲ្យពងទាសល់ខូច ជួយកសិករឱ្យពង្រឹងការចិញ្ចឹមទាឡើងវិញជាពិសេសផ្តល់ឱកាសការងារដល់ស្ត្រីមេម៉ាយ និងអ្នកមិនចេះអក្សរឱ្យទទួលបានចំណូលផ្គត់ផ្គងគ្រួសារ។
នាពេលអនាគតអ្នកស្រី ម៉ោង ស្រីពៅ មានបំណងបង្កើតកសិដ្ជានចិញ្ចឹមទា និងសមាគមន៍ស៊ុតដែលមានស្ដង់ដារទាំងការចិញ្ចឹម និងផលិតស៊ុត ហើយអាចកែច្នៃម្ហូបអាហារពីសាច់ទា ពងទានិង យកសាច់លក់ជាបំណែកៗដូចជា ទ្រូង ស្លាប និងអណ្ដាតជាដើមដើម្បីបំពេញតម្រូវការអតិថិជន។
សិប្បកម្មភូមិពងទាខ្មែរមានទីតាំងស្ថិតនៅផ្ទះលេខ១១៨ ភូមិ ស្វាយតាអក ផ្លូវលេខ ១៨៩ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ទំនាក់ទំនងគេហទំព័រហ្វេសប៊ុក ភូមិពងទាខ្មែរ ឬ លេខទូរសព្ទ៖ ០៩៣ ៣១២ ១៣៩៕