បញ្ហាក្លិនក្លៀក គឺជាកង្វល់សម្រាប់មនុស្សទូទៅខណៈការបំបាត់ក្លិនរាងកាយមួយនេះ មាននូវវិធីសាស្ត្រជាច្រើន ជាពិសេសការប្រើប្រាស់ផលិតផលគ្រឿងសម្អាងប៉ុន្តែពេលនេះ សារព័ត៌មាន អេសអ័រ (SR) នឹងបង្ហាញពីវិធីបំបាត់ក្លិនក្លៀកតាមបែបធម្មជាតិដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព គឺជាការប្រើប្រាស់ក្រូចឆ្មា។
វេជ្ជបណ្ឌិត Geeta Yadav គ្រូពេទ្យជំនាញខាងសើស្បែកនៅសាកលវិទ្យាល័យ Toronto, Johns Hopkins បានឱ្យដឹងថា ក្លិនក្លៀកគឺកើតឡើងដោយបាក់តេរីនៅក្នុងញើស ដែលវាលូតលាស់បំបែកខ្លួនហើយបង្កើតបានជាក្លិនមិនល្អ ចំណែកក្រូចឆ្មា មានអាស៊ីត alpha-hydroxy ប្រឆាំងនឹងបាក់តេរីដូច្នេះ អាស៊ីតនៃក្រូចឆ្មា អាចសម្លាប់បាក់តេរីដែលបង្កក្លិនបាន។
ខាងក្រោមនេះគឺជារបៀបនៃការប្រើប្រាស់ក្រូចឆ្មាក្នុងការបំបាត់ក្លិនខ្លួន៖
ក្រូចឆ្មាស្រស់៖ កាត់ក្រូចឆ្មារស្រស់ជាចំនិតហើយយកវាជូតលើសាច់ក្លៀករបស់អ្នក ត្រូវប្រាកដថាអ្នកបានជូតលើរង្វង់ក្លៀកទាំងមូលហើយទុកឱ្យវាស្ងួតរយៈពេល ១៥នាទី មុនពេលអ្នកងូតទឹកលាងសម្អាតវាចេញ។ វិធីនេះអាចធ្វើជាប្រចាំថ្ងៃ និងទទួលបានផលល្អជាទីគាប់ចិត្ត។
ស្ព្រាយទឹកក្រូចឆ្មា៖ សម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មការលាយទឹកក្រូចឆ្មាជាមួយទឹកបន្តិចអាចកាត់បន្ថយការរលាកបាន។ លាយទឹកក្រូចឆ្មារ និងទឹកធម្មតាក្នុងដប រួចបាញ់លើសាច់ក្លៀកឱ្យសព្វរួចទុកអោយស្ងួត ចាំស្លៀកពាក់ធម្មតា។ វិធីនេះគួតែអនុវត្តជាប្រចាំថ្ងៃ នោះអ្នកនឹងមានអារម្មណ៏ថាទោះជាបែកញើសយ៉ាងណាក៏មិនមានភាយក្លិនមិនល្អមកដល់ច្រមុះអ្នកដែរ។
ទឹកក្រូចឆ្មា និងម្សៅ Baking Soda Paste៖ ការលាយទឹកក្រូចឆ្មារជាមួយ baking soda ដើម្បីបង្កើតជាម្សៅបិទលើក្លៀក។ លាបល្បាយនេះលើក្លៀករបស់អ្នក រួចទុកចោល២០នាទី មុននឹងលាងសម្អាតចេញ។ ការរួមបញ្ចូលគ្នានេះមិនត្រឹមតែកម្ចាត់បាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រូបយកសំណើមទៀតផង។ វិធីនេះអ្នកអាចធ្វើ ២ ឬ ៣ដងក្នុងមួយសប្តាហ៏ មុនពេលអ្នកងូតទឹក នោះប្រសិទ្ធភាពកាន់តែឆាប់បានទទួលផល៕