ភ្នំពេញៈគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងបុណ្យអន្តរជាតិនឹងរៀបចំការបាញ់កាំជ្រួចរយៈពេល ៣ យប់ជាប់គ្នា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនីនៅឆ្នាំនេះ។
ការបាញ់កាំជ្រួចនេះធ្វើឡើងនៅយប់ថ្ងៃទី២៨, ២៩ និង ៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៩:០០ នាទីយប់ នៅមុខព្រះបរមរាជវាំង ខណៈព្រះរាជពិធីរំឭកខួបលើកទី២០ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រនេះ ក៏នឹងប្រារព្ធឡើងទ្រង់ទ្រាយធំមហោឡារិកជាងរាល់ឆ្នាំផងដែរ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំកម្មវិធីដូចខាងក្រោម៖
- នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៤ នឹងមានព្រះរាជពិធីសាសនា ទៅតាមព្រះរាជប្បវេណីនៅក្នុងព្រះបរមរាជវាំង។
- នៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៤ ព្រះរាជពិធីថ្វាយព្រះពរ នឹងប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង។
- នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក ចាប់ផ្ដើមមិទ្ទិញមហាជននៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី។
ជាមួយគ្នានេះ គ្រប់ក្រសួងរដ្ឋលេខាធិការដ្ឋាន និងស្ថាប័នរដ្ឋ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រដោយមានតុបតែងលម្អបំភ្លឺភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរព្រមទាំងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក នៅតាមក្រសួងរដ្ឋលេខាធិការដ្ឋាន និងសា្ថប័នរបស់ខ្លួនជាដើម។
គួរគូសបញ្ជាក់ថា ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកឆន្ទឡើងសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤។ ការជ្រើសរើសឱ្យព្រះអង្គឡើងសោយរាជ្យនៅពេលនោះ ធ្វើឡើងខណៈដែលព្រះអង្គកំពុងគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីថែទាំព្រះរោគព្រះបិតា។ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានសោយរាជ្យសម្បត្តិ ជាព្រះមហាក្សត្រកម្ពុជាជាផ្លូវការ៕