ចំណេះដឹង

តើអ្នកមានវ័យក្មេងមិនត្រូវបានអនុញ្ញាតឲ្យទូលត្រៃកឋិនទានឬ?

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

កណ្ដាល​: ​អ្នក​ដែល​ស្ដាប់រឿងរ៉ាវបុណ្យកឋិនអាចធ្លាប់​​ឮគេនិយាយតៗគ្នា​ថា អ្នកទូលត្រៃ ទាល់តែ​មានវ័យ​ចំណាស់បន្តិចហើយអ្នកមានវ័យ​​ក្មេងទូលត្រៃ​គឺ​ជារឿងអភ័ព្វទៅវិញ​។ ទោះជា​​ការ​តំណាលតៗគ្នា​ពុំ​មានប្រភពច្បាស់លាស់​តែ​ជំនឿ​ក្មេងមិនអាច​ទូលត្រៃកឋិនទាននេះ នៅបន្តដិតដាម​ក្នុងសង្គម​ពុទ្ធសាសនា​ខ្មែរ។

កន្លងមក ព្រះសង្ឃនិង​មន្ត្រីជាន់ខ្ពស់​ក្រសួងធម្មការ​ក៏​​ធ្លាប់​បាន​ច្រាលចោល​​បម្រាម​ក្មេងទូលត្រៃ​កឋិន​នេះ​ផង​ដែរ។

យោង​តាម​ព្រះចៅអធិការហោ ម៉េង​ខេង នៃ​​វត្ត​មហាសាគរ​កោះ​ប្រាំ​រយ (​ហៅ បឹង​ប្រាំ​រយ​)​ដែល​ស្ថិត​នៅ​​ស្រុក​ស្អាងខេត្តកណ្តាល បុណ្យ​កឋិនទាន ប្រារព្វ​ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជដល់​ថ្ងៃទី​១៥​កើត​ខែកត្តិក មាន​រយៈពេល ២៩​ថ្ងៃ​។

​ពិធី​នេះ​អាចធ្វើ​បាន​គ្រប់​វ័យឲ្យ​តែ​បុគ្គល​នោះ​មាន​ប្រាក់​កាសធនធាន​​គ្រប់គ្រាន់​​ដើម្បី​រៀបចំ​។​

​ព្រះអង្គ​មាន​សង្ឃ​ដីកា​បញ្ជាក់ប្រាប់​សារព័ត៌មានSR News យ៉ាង​ដូច្នេះ​ថា​៖ «​ពាក្យ​ចចាមអារ៉ាម ដែល​​ថា ក្មេងៗ​មិនអាច​ទួល​ត្រៃ​បានទេព្រោះ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​ស្លាប់ ឬ​អាយុ​ខ្លី ជាដើមជា​ពាក្យ​ដែល​មិន​ពិត​នោះទេ​។ ​ចំពោះ​ការ​ទូល​ត្រៃ​នេះ អាច​ទូល​បាន​មិន​ប្រកាន់ចាស់​ឬ​ក្មេង ឡើយ»។

​ព្រះអង្គ​ក៏​សំណូមពរ​ឱ្យ​ឈប់​បន្ត​ប្រើពាក្យ​នេះ​បន្តទៀត​។

ដូចគ្នា​នេះដែរ​​រដ្ឋ​លេ​ខា​ធិ​ការនៃ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ ​លោកញៀន ភឿន ត្រូវបានដកស្រស់ប្រសាសន៍​ដោយ​​​ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKPថា តាមពិតទៅ​អ្នកមាន​វ័យ​ប៉ុន្មាន​​ក៏​អាចធ្វើ​បុណ្យ​នេះ​បានដែរមិន​ទាស់ខុស​អី​ទេ​។

ក្នុងការ​ចុះផ្សាយកាលពីឆ្នាំ២០២២​ លោក​​បានច្រានចោល​មតិថា​​ អ្នក​នៅ​វ័យក្មេង​មិនអាច​ផ្តើម​ធ្វើបុណ្យ​កឋិនទានឬ​ទូល​ត្រៃ​បានឡើយ​​ដែលនាំឱ្យ​អាយុ​ខ្លី​​រកស៊ី​ដាក់ និង​ជួប​គ្រោះ​ចង្រៃ​ផ្សេងៗ​​​ជាដើម​។​

​លោក​បាន​បញ្ជាក់ច្បាស់ៗ​ថា​៖«​វា​មិនដែល​បុណ្យ​ឯណា​ធ្វើ​មិនបាន គឺអាច​ធ្វើបុណ្យ​កឋិន​បាន​ទាំង​ក្មេង​ទាំងចាស់​ធ្វើបាន​ទាំងអស់ព្រោះ​បុណ្យ​ប្រែ​ថាស​ទ្ធា​ជ្រះថ្លា​»​។​

សម្ដេចព្រះព្រហ្ម​រតន​មុនី សិរី​សុ​វ​ណ្ណោ ពិន សែម ក៏​បាន​ចេញវីដេអូ​ផ្សាយ​ពី​វត្ត​រាជ​បូ​ណ៌ក្រុង​សៀមរាប​អំពីជំនឿ​មិនត្រឹមត្រូវ​នេះ​ផង​ដែរ។

ព្រះអង្គ​មានសង្ឃដីកាថា៖«មានមតិចង្រៃ​និយាយថា​ក្មេងៗ​ទូល​ត្រៃ​កឋិន​អាយុ​ខ្លី​ឆាប់​ងាប់ បើ​មិន​អ៊ីចឹង​​ទេ​គេ​ថា​វា​ឆុងធ្វើ​អ្វី​ក៏​មិនមាន​ដែរ បើ​មន្ត្រី​រាជ​ការធ្វើការ​ក៏​មិន​ឡើងបុណ្យ​ឡើង​ស័ក្ដិ។ បើ​និយាយ​​ពី​ពាក្យ​អ៊ីចឹង​វិញវា​កើតមាន ហើយ​អ្នក​ជឿ​នោះ​ជឿ​ហើយជឿ​ងាប់​ជឿ​រស់​ថា​​នៅ​ក្មេង​មិនទាន់​ធ្វើ​បានទេទាល់តែ​មានកូន មាន​ដន្លងដងស្នែង មានកូន​ប្រសា បានធ្វើ​មេ​កឋិន​បាន»​។

ព្រះអង្ឃ ពិន សែមបាន​ស្នើសុំ​ឱ្យ​លប់ជំនឿ​នេះ​ចេញ​​ ដោយវា​ពុំ​មាន​ទេ​ក្នុង​ព្រះពុទ្ធសាសនា​។

​ព្រះអង្គ​មានសង្ឃដីកាថា៖«អ្នក​ដែល​អាច​ធ្វើជា​មេ​កឋិន​នាំ​សំពត់​កឋិន​យកទៅ​ប្រគេន​ប្រស​ង្ឃ​បានជាតិ​ជា​ទេវតា​ក៏​នាំ​បាន ជាម​នុស្សក៏បាន​​ មនុស្ស​អត់​គិតថា​មនុស្ស​ស្រី ម​នុស្ស​ប្រុសចាស់​ក្មេង​អី​ទេ។ នរណា​​ក៏ដោយ អាយុ​ប៉ុន្មាន​ក៏ដោយឱ្យ​តែមាន​សទ្ធា​ជ្រះថ្លា​ក៏​អាចធ្វើ​កឋិន​បានដែរ​​»។

​ឆ្នាំ​នេះ​បន្ទាប់ពី​បុណ្យ​ចេញ​វស្សាបុណ្យកឋិនទាន​ចាប់ផ្ដើមពីថ្ងៃទី ១៨ ខែតុលា រហូត​ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។ បុណ្យកឋិន​តែង​ត្រូវបាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់។ពុំមាន​ទី​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ។

​យោងតាម​សំណេរ​​ភិក្ខុតេជ​វរោ ថាច់​ដេ​វ គង់នៅ​វត្ត​ផ្នោ​ដូង​​លើ​គេហទំព័រ WordPressពាក្យ​ថា​ «កឋិន​» ជា​ភាសាបាលី​សំដៅយក​ក្រប​ក្ដារដែល​ភិក្ខុសង្ឃ​សម័យបុរាណ​ឥណ្ឌា​ប្រើ សម្រាប់​ដេរ​សំពត់​ធ្វើជា​ស្បង់​ចីវរ​។សំពត់​ដែល​បានរៀបចំ​តាក់តែងឡើង​នោះ​មាន​ឈ្មោះថា​ «សំពត់​កឋិន​។

​​ព្រះចៅអធិការ​​វត្ត​មហាសាគរ​កោះ​ប្រាំ​រយនៅស្រុកស្អាងក៏​​មាន​សង្ឃ​ដីកា​បន្ថែមទៀតថា បើ​ទីវ​ត្ត​អារាម​ណាមួយមិនមាន​កឋិនទាន​ហែ​ចូល​ទេនោះ គណៈកម្មការ​វត្ត ត្រូវតែ​ប្រមូល​កៀរគរ​ពុទ្ធបរិស័ទ​​ចំណុះជើងវត្ត​ដើម្បី​ប្រារព្វពិធី​ដង្ហែ​កឋិនទាន​ចូល​វត្ត​ដែរ ។

​កម្មវិធី​ហែ​អង្គ​កឋិនទាន​ចូលទៅ​ទីវ​ត្ត​អារាម​នី​មួយៗតែងត្រូវបាន​​រៀបចំ​​យ៉ាង​អធិក​អធម​និងមាន​ភាពសប្បាយ​រីករាយ​បំផុត។ ​អ្នក​ផ្ដើមបុណ្យ​បានរៀបចំ​គ្រឿង​បរិក្ខា​កឋិនទានមានដូចជា ត្រៃចីវរ   ចិ​វរ សង្ឃា​ដិ ស្បង់ និងទេយ្យទានផ្សេងៗ​ទៀត​ដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័​ត្រ​ជាដើមដើម្បី​ហែ​ចូល​ទី​អារាម ដែល​បានកំណត់ ។​

​នៅក្នុង​កម្មវិធី​បុណ្យកឋិន​នេះមាន​មនុស្សម្នា​ប្រុស​ស្រី ក្មេង​ចាស់ តែង​ខ្លូន លាបម្សៅ ស្លៀកពាក់​ថ្មីៗ ចម្រុះ​ពណ៌​គ្នាក្នុងការ​ហែ​នេះ គេ​ក៏មាន​ការប្រគំ​ភ្លេង​ឆៃយ៉ាំ ដែល​បង្ក​ឲ្យ​មាន បរិយាកាសសប្បាយ​រីករាយ​យ៉ាង​ក្រៃលែង ។​

​លុះ​រសៀល​ជ្រៀលជ្រេរ​បន្ដិចទើប​នាំគ្នា​ដង្ហែ អង្គ​កឋិនទាន​ព័ទ្ធជុំវិញ​ព្រះវិហារ​ចំនួន​បី​ជុំ ទើប​នាំគ្នាចូលក្នុង​ព្រះវិហារ ហើយ​វេរ​អង្គ​កឋិនទាន​ប្រគេន​ព្រះសង្ឃ​ជា​កិច្ច​ឆ្លង​បង្ហើយ​បុណ្យ​៕

អត្ថបទពេញនិយម

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា

តិចនិក ៥យ៉ាងដើម្បីថែរក្សាស្បែកមុខក្នុងអំឡុងពេលវិស្សមកាល

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

ជិះឡានលើទឹកមើលទេសភាពតាមដងព្រែក ញ៉ាំអាហារ គេងលម្ហែ នៅភូមិថ្មីកំពត