ប្រទេសចិនកំពុងរៀបចំប្រារព្ធខួបលើកទី ៥០នៃការរកឃើញចម្លាក់អ្នកចម្បាំង Terracotta ដែលជាភាពអស្ចារ្យនៃបុរាណវត្ថុពណ៌នាអំពីកងទ័ពរាជវង្សឈិនដ៏ខ្លាំងពូកែ។
ទាហានដីឥដ្ឋដែលមានទំហំប៉ុនមនុស្សត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៤ នៅជិតទីក្រុងស៊ីអាន ខេត្ត សានស៊ីកំឡុងពេលជីកយកផ្នូររបស់អធិរាជឈិនស៊ីហ័ង។
ចម្លាក់ទ័ពអ្នកចម្បាំងដ៏អស្ចារ្យទាំងនេះត្រូវបានឆ្លាក់បំពាក់ដោយអាវុធសំរិទ្ធ និងរទេះសេះដែលស្ដែងនូវកងទ័ពដ៏មានឥទ្ធិពលរបស់អធិរាជ ដែលបានបង្រួបបង្រួមប្រទេសចិនកាលពីជាង ២០០០ឆ្នាំមុន។
លោក លី ហ្គាង នាយកសារមន្ទីរ បាននិយាយថា៖ «ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះអ្នកបុរាណវត្ថុវិទូបានរកឃើញអាថ៌កម្បាំងច្រើនជាងចម្លាក់អ្នកចម្បាំងទាំងនេះទៅទៀត»។
លោកបានឱ្យដឹងទៀតថា៖ ««យើងបានរកឃើញរណ្តៅដែលមានរូបចម្លាក់កាយសម្ព័ន្ធសត្វបក្សីទឹកធ្វើពីសំរិទ្ធ និងថែមទាំងមានផ្នូរអមជាមួយផងដែរ»។
សារមន្ទីរកន្លែងបញ្ចុះសពរបស់អធិរាជ ឈិនស៊ីហ័ងគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីរំឭកខួបនៃការរុករកឃើញនេះ។
បទពិសោធន៍ឌីជីថលដ៏អស្ចារ្យនឹងរំលេចឡើងនៅចុងខែកក្កដានេះដោយប្រើបច្ចេកវិទ្យាដើម្បីបង្ហាញអំពីរាជវង្សឈិន កន្លែងបញ្ចុះព្រះសពនិងផ្នូររណបនៅក្បែរនោះ។
ភាពយន្តឯកសារនិងការបោះពុម្ភផ្សាយថ្មីៗក៏មានចេញផ្សាយផងដែរ។ ភាពយន្តឯកសារចំណងជើងថា «Mysteriesof the Terracotta Warriors» នៅលើ Netflix បានទទួលការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិរួចមកហើយខណៈដែលស៊េរី ៦ នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CCTV-១០ក្នុងខែកញ្ញា។សៀវភៅជាច្រើននឹងស្វែងយល់កាន់តែស៊ីជម្រៅទៅលើការសិក្សាផ្នែកបុរាណវិទ្យាថ្មីៗការខិតខំប្រឹងប្រែងអភិរក្ស និងការផ្លាស់ប្តូរវប្បធម៌។
សន្និសីទនិងការតាំងពិព័រណ៍រំឭកខួបដ៏ធំមួយត្រូវបានគ្រោងសម្រាប់ខែកញ្ញា នៅក្នុងទីក្រុងស៊ីអានដោយបង្ហាញពីការស្រាវជ្រាវ ដែលបាននឹងកំពុងបន្តនិងកេរដំណែលដ៏យូរអង្វែងនៃការរកឃើញចម្លាក់កងទ័ពក្រោមដីដ៏គួរឱ្យស្ញប់ស្ញែងមួយនេះ៕