ចំណេះដឹង

តើសិទ្ធិមនុស្ស ជាអ្វី?

December 6, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ សិទ្ធិមនុស្សគឺជា​សិទ្ធិ​ដែល​កើតមាន​ចំពោះ​មនុស្ស​គ្រប់រូប ដោយ​មិន​គិតពី​ពូជសាសន៍ ភេទ សញ្ជាតិជាតិ​ពិ​ន្ធុ ភាសា សាសនា ឬ​ស្ថានភាព​ផ្សេងៗ​ដទៃទៀត​ឡើយ​។សិទ្ធិមនុស្ស​រួមមាន​សិទ្ធិ​រស់រានមានជីវិត និង​មាន​សេរីភាពសេរីភាព​រួចផុត​ពី​អំពើ​ទាសភាព និង​ការធ្វើ​ទារុណកម្មសេរីភាព​ខាង​ការ​មាន​ទស្សន​យោបល់ និង​ការបញ្ចេញមតិ សិទ្ធិ​ការងារ និង​ការអប់រំនិង​សិទ្ធិ​ផ្សេងៗ​ទៀត​ជាច្រើន​។ មនុស្ស​គ្រប់រូប​ទទួលបាន​នូវ​សិទ្ធិ​ទាំងអស់នេះដោយ​គ្មាន​ការរើសអើង​នោះឡើយ​។​

​សេចក្ដីថ្លែងការណ៍​ជា​សាកល​ស្ដីពី “​សិទ្ធិមនុស្ស​” ត្រូវបាន​អង្គការសហប្រជាជាតិ​ប្រកាស​ឱ្យ​ប្រតិ​ប​ត្ដិ នៅ​ថ្ងៃទី​១០ខែធ្នូ ឆ្នាំ​១៩៤៨​។ “​ទិវា​១០​ធ្នូ​” ជា​ថ្ងៃ​ទទួលស្គាល់ថា​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នានៅ​ចំពោះមុខ​ច្បាប់ និង​លើកតម្កើង​តម្លៃ​មនុស្ស​ឱ្យមាន​សេចក្ដីថ្លៃថ្នូរ​ពេញលេញ​។​

មាត្រា​ទាំង ៣០​នៃ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​រួមមាន​៖

* មាត្រា​១៖

​មនុស្ស​ទាំងអស់​កើតមក​មាន​សេរីភាពនិង​សមភាព​ក្នុង​ផ្នែក​សេចក្ដីថ្លៃថ្នូរ​និង​សិទ្ធិ​។ មនុស្ស​មាន​វិចារណញ្ញាណនិង​សតិសម្បជញ្ញៈ ជាប់​ពី​កំណើត ហើយ​គប្បី​ប្រ​ព្រឹ​ត្ដ​ចំពោះ​គ្នា​ទៅវិញទៅមកក្នុង​ស្មារតី​ភាតរ​ភាពជា​បងប្អូន​។​

* មាត្រា​២៖

​មនុស្ស​ម្នាក់ៗ អាច​ប្រើប្រាស់​សិទ្ធិ​និង​សេរីភាព​ទាំងអស់ដែល​មានចែង​ក្នុង​សេចក្ដីប្រកាស​នេះ ដោយ​គ្មាន​ការប្រកាន់​បែងចែក​បែបណា​មួយមាន​ជាអាទិ៍​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ​ឬ​មតិ​ផ្សេងៗ​ទៀតដើមកំណើត​ជាតិ ឬ​ទ្រព្យសម្បត្តិ កំណើត ឬ​ស្ថានភាព​ដទៃ​ផ្សេងៗ​ទៀតឡើយ​។

​លើសពីនេះមិនត្រូវ​ធ្វើការ​ប្រកាន់​បែងចែក​ណាមួយ​ដោយ​សំអាង​ទៅលើ​ឋានៈ​ខាង​នយោបាយខាង​ដែន​សមត្ថកិច្ច ឬ​ខាង​អន្ដរជាតិ​របស់​ប្រទេសឬ​ដែនដី​ដែល​បុគ្គល​ណា​ម្នាក់​រស់នៅ​ទោះបីជា​ប្រទេស ឬ​ដែនដី​នោះ​ឯករាជ្យ​ក្ដីស្ថិតក្រោម​អាណាព្យាបាល​ក្ដី ឬ​គ្មាន​ស្វយ័ត​គ្រប់គ្រង​ក្ដីឬ​ស្ថិតក្រោម​ការដាក់​កម្រិត​ផ្សេងទៀត​ណាមួយ ដល់​អធិបតេយ្យភាព​ក្ដី​។​

* មាត្រា​៣៖

​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​រស់រានមានជីវិត សេរីភាពនិង​សន្ដិភាព​ផ្ទាល់ខ្លួន​។​

* មាត្រា​៤៖

​គ្មាន​ជនណាម្នាក់​ត្រូវ​ស្ថិតនៅក្នុង​ទាសភាពឬ​ស្ថិតក្នុង​ភាពជា​អ្នកបម្រើ​ដាច់​ថ្លៃ​ឡើយ​។ ទាសភាពនិង​ទាស​ពាណិជ្ជកម្ម​តាម​គ្រប់​ទម្រង់​ទាំងអស់​ត្រូវ​ហាមឃាត់​។​

* មាត្រា​៥៖

​គ្មាន​ជនណាម្នាក់​ត្រូវ​ទទួល​ទារុណកម្មឬ​ការ​ប្រ​ព្រឹ​ត្ដិ​មកលើ​ខ្លួន ឬ​ទណ្ឌកម្ម​ឃោរឃៅ​អមនុស្សធម៌ឬ​បន្ថោក​បន្ទាប​បានឡើយ​។​

* មាត្រា​៦៖

​ជន​គ្រប់រូប​មាន​សិទ្ធិ​ឲ្យ​គេ​ទទួលស្គាល់​បុគ្គលិកលក្ខណៈ​គតិ​យុ​ត្ដរបស់​ខ្លួននៅ​គ្រប់​ទីកន្លែង​។​

* មាត្រា​៧៖

​ជន​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់និង​មាន​សិទ្ធិ​ទទួល​ការការពារ​ពី​ច្បាប់​ស្មើៗ​គ្នា ដោយ​គ្មាន​ការរើសអើង​។មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួល​ការការពារ​ស្មើៗ​គ្នាប្រឆាំងនឹង​ការរើសអើង​ណា​ដែល​រំលោភ​លើ​សេចក្ដីប្រកាស​នេះ ព្រមទាំង​ប្រឆាំងនិង​ញុះញង់​ឲ្យ​មានការ​រើសអើង​។​

* មាត្រា​៨៖

​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​រក​ដំណោះស្រាយ​សក្ដិ​សិទ្ធ​មួយនៅ​ចំពោះមុខ​សាលាជំរះក្ដី​ជាតិ ដែលមាន​សមត្ថកិច្ច​ចំពោះ​អំពើ​ទាំងឡាយណាដែល​រំលោភសិទ្ធិ​មូលដ្ឋាន​របស់ខ្លួន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញឬ​ដោយ​ច្បាប់​។​

* មាត្រា​៩៖

​គ្មាន​ជនណាម្នាក់​ត្រូវបាន​ចាប់ខ្លួន​ឃុំខ្លួនឬ​និរទេស​ខ្លួន​តាម​អំពើ​ចិត្ត​ឡើយ​។​

* មាត្រា​១០៖

​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្មើគ្នា​ពេញលេញសុំ​ឲ្យ​តុលាការ​ឯករាជ្យ និង​មិន​លំអៀង​ពិនិត្យ​រឿងក្ដី​របស់ខ្លួន​ជា​សាធារណៈនិង​ដោយ​សមធម៌​ដើម្បី​សម្រេច​លើ​សិទ្ធិ​និង​កាតព្វកិច្ចនិង​លើ​ភាពសមហេតុ​ផល​នៃ​ការចោទប្រកាន់​ទាំងឡាយ​ខាង​បទ​ព្រហ្មទណ្ឌ​មកលើ​ខ្លួន​។​

* មាត្រា​១១៖

១៖ ជន​ណា​ដែល​ជាប់ចោទ​ពីបទ​ល្មើស​ព្រហ្មទណ្ឌត្រូវ​សន្មត​ជា​ជន​គ្មាន​ទោស​រហូតដល់​ពិរុទ្ធភាព​ត្រូវបាន​រកឃើញ​នៅក្នុង​សវ​នាករ​ជា​សាធារណៈដែលមាន​ការធានា​ចាំបាច់​ដើម្បី​ឲ្យ​ជន​នោះ​ការពារ​ខ្លួន​។​

២៖គ្មាន​ជនណាម្នាក់​ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​នៅពេល​ធ្វើអំពើឬ​មានការ​ខកខាន​នេះ​ដូចគ្នានេះដែរមិនត្រូវ​មានការ​ផ្ដន្ទាទោស​ឲ្យ​ធ្ងន់ធ្ងរ​ជាង​ទោសដែល​បានកំណត់​ឲ្យ​អនុវត្ត​ក្នុងអំឡុង​ពេលដែល​បទ​ល្មើស​បាន​កើតឡើង​នោះឡើយ​។​

* មាត្រា​១២៖

​គ្មាន​មនុ​ស្សណា​ម្នាក់​ត្រូវ​រង​ការរំលោភ​ជ្រៀតជ្រែក​តាម​អំពើ​ចិត្ត​ក្នុង​ជីវិត​ឯកជនគ្រួសារ ទីលំនៅ ឬ​ការ​ឆ្លើយឆ្លង ឬ​ការធ្វើ​ឲ្យ​បះ​ពាល់​ដល់​កិត្តិយសនិង​កេរ្ដិ៍ឈ្មោះ​របស់ខ្លួន​បានឡើយ​។ជន​គ្រប់រូប​មាន​សិទ្ធិ​ទទួល​ការការពារ​ពី​ច្បាប់​ប្រឆាំងនឹង​ការជ្រៀតជ្រែកឬ​ការប៉ះពាល់​បែបនេះ​។​

* មាត្រា​១៣៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ធ្វើដំណើរ​ដោយ​សេរីនិង​មាន​សិទ្ធិ​ជ្រើសរើស​និវេសនដ្ឋាន​ក្នុង​រដ្ឋ​មួយ​។​

២៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ចាក​ចេញពី​ប្រទេស​ណាមួយរួមទាំង​ប្រទេស​របស់ខ្លួន​ផង និង​មាន​សិទ្ធិ​វិល​ត្រឡប់មក​ប្រទេស​របស់ខ្លួន​វិញ​។​

* មាត្រា​១៤៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ស្វែងរក និង​ទទួល​កន្លែង​ជ្រកកោន​ក្នុងប្រទេស​ដទៃទៀតក្នុងករណី​មានការ​ធ្វើ​ទុក​បុក​ម្នេញ​មកលើ​ខ្លួន​។​

២៖ សិទ្ធិ​សុំ​ជ្រកកោន​នេះ​មិនអាច​លើក​មក​សំអាង​បានទេក្នុងករណី​មានការ​ចោទប្រកាន់​ដែល​ពិតជា​កើតឡើង​ពីបទ​ល្មើសមិនមែន​នយោបាយ​រប​ស់​សហប្រជាជាតិ​។​

* មាត្រា​១៥៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​សញ្ជាតិ​មួយ​។​

២៖ គ្មាន​ជនណាម្នាក់​អាច​ត្រូវ​ដកហូត​សញ្ជាតិឬ​រារាំង​សិទ្ធិ​ប្ដូរ​សញ្ជាតិ​របស់ខ្លួន​បានឡើយ​។​

* មាត្រា​១៦៖

១៖មនុស្ស​ប្រុស​ស្រី​ដល់​អាយុ​គ្រប់ការ​មាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍និង​កសាង​គ្រួសារ​ដោយ​មិន​ប្រកាន់ពូជសាសន៍​សញ្ជាតិ ឬ​សាសនា​ឡើយ​។មនុស្ស​ប្រុស​ស្រី​មាន​សិទ្ធិ​ស្មើគ្នាក្នុង​ការរៀប​អាពាហ៍ពិពាហ៍​ក្នុង​ចំណង​អ​ពា​ហ៍​ពិពាហ៍និង​ក្នុងពេល​រំលាយ​ចំណងអាពាហ៍ពិពាហ៍​។​

២៖អាពាហ៍ពិពាហ៍​អាច​នឹង​ប្រព្រឹត្តទៅបាន​លុះត្រាតែ​មានការ​ព្រមព្រៀង​ដោយ​សេរីនិង​ពេញលេញ​ពី​អនាគត​ប្ដី​ប្រពន្ធ​។​

៣៖ គ្រួសារ​ជា​អង្គភាព​ធម្មជាតិ​និង​ជា​អង្គភាព​មូលដ្ឋាន​នៃ​សង្គមហើយ​គ្រួសារ​មាន​សិទ្ធិ​ទទួល​ការការពារ​ពី​សង្គម​និង​រដ្ឋ​។​

* មាត្រា​១៧៖

១៖ មនុស្ស​គ្រប់រូប​ទោះ​តែម្នាក់ឯង​ក្ដីឬ​ដោយ​រួមជាមួយ​អ្នកដទៃ​ក្ដី​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​។​

២៖ គ្មាន​ជនណាម្នាក់​ត្រូវបាន​ដកហូត​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​ឡើយ​។​

* មាត្រា​១៨៖ជន​គ្រប់រូប​មាន​សិទ្ធិសេរីភាព​ខាង​ការគិត​សតិសម្បជញ្ញៈ និង​សាសនា​សិទ្ធិ​នេះរាប់បញ្ចូល​ទាំង​សេរីភាព​ផ្លាស់ប្ដូរ​សាសនា ឬ​ជំនឿ​ព្រមទាំង​សេរីភាព​សម្ដែង​សាសនាឬ​ជំនឿ​របស់ខ្លួន​តែម្នាក់ឯង ឬ​ដោយ​រួមជាមួយ​អ្នកដទៃ​ជា​សាធារណៈឬ​ជា​ឯកជន​តាម​ការបង្ហាត់​បង្រៀន​ការអនុវត្ត​ការគោរព​បូជានិង​ការ​ប្រ​ព្រឹ​តិ្ត​តាម​។​

* មាត្រា​១៩៖ មនុស្ស​គ្រប់រូប​មាន​សិទ្ឋិ​សេរីភាព ក្នុងការ​មានមតិនិង​ការសម្តែង​មតិ​។ សិទ្ឋិ​នេះ​រាប់បញ្ចូល​ទាំង​សេរីភាពក្នុងការ​ប្រកាន់​មតិ​ដោយ​គា្មន​ការជ្រៀតជ្រែកនិង​សេរីភាព​ក្នុងការ​ស្វែងរក​ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាននិង​គំនិត​នានា​ដោយ​គា្មន​ព្រំដែន​ទឹកដីទោះ​តាមរយៈ​មធ្យោបាយ​សម្តែង​មតិ​ណាមួយ​ក៏ដោយ​។​

* មាត្រា​២០៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ឋិ​សេរីភាព ក្នុងការ​ប្រជុំឬ​ការរួម​គា្ន​ជា​សមាគម​ដោយ​សន្តិវិធី​។​

២៖ គ្មាន​ជនណាម្នាក់​ត្រូវបាន​បង្ខិតបង្ខំឲ្យ​ចូលរួម​ក្នុង​សមាគម​ណាមួយ​ឡើយ​។​

* មាត្រា​២១៖

១៖មនុស្ស​គ្រប់រូប​មាន​សិទ្ឋិ​ចូលរួម​ក្នុងការ​ដឹកនាំ​កិច្ចការ​សាធារណៈ​នៃ​ប្រទេស​របស់ខ្លួន​ដោយផ្ទាល់ឬ​តាមរយៈ​តំណាង​ដែល​បានជ្រើសរើស​ដោយ​សេរី​។​

២៖ មនុស្ស​គ្រប់រូប​មាន​សិទ្ឋិ​ចូល​បម្រើ​មុខងារ​សា​រណៈ​នៃ​ប្រទេស​របស់ខ្លួនក្នុង​លក្ខខណ្ឌ​សមភាព​។​

៣៖ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​មូលដ្ឋាន​អំណាច​នៃ​ការដឹកនាំ​កិច្ចការ​សាធារណៈ​។ឆន្ទៈ​នេះ ត្រូវ​សម្តែង​ចេញ​តាមរយៈ​ការបោះឆ្នោត​ទៀងទាត់​តាម​ពេល​កំណត់និង​ពិតប្រាកដ​ដែលមាន​លក្ខ​ណៈ​សាកល​ស្មើភាព និង​សម្ងាត់ឬ​តាម​នីតិវិធី​សមមូល​ដែល​ធានា​សេរីភាព​នៃ​ការបោះឆ្នោត​។​

* មាត្រា​២២៖

​ក្នុងឋានៈ​ជា​សមាជិក​នៃ​សង្គមមនុស្ស​គ្រប់រូបមាន​សិទ្ឋិ​ទទួលបាន​សន្តិសុខ​សង្គមនិង​មាន​បុព្វ​សិទ្ឋិ​សម្រេចបាន​សិ​ទិ្ឋ​ខាង​សេដ្ឋកិច្ច​សង្គមកិច្ច និង​វប្បធម៌​ដែល​ចាំបាច់​សម្រាប់​សេចក្តីថ្លៃថ្នូរនិង​ការរីកចំរើន​ដោយ​សេរី​នៃ​បុគ្គលិកលក្ខណៈ​របស់ខ្លួន​តាមរយៈ​ការខិតខំ​របស់​ជាតិនិង​សហប្រតិបត្តិការ​អន្ដរជាតិ និង​ដោយយោង​ទៅតាម​ការ​រៀ​ចំនិង​ធនធាន​របស់​ប្រទេស​នីមួយៗ​។​

* មាត្រា​២៣៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​មានការ​ងារ​ធ្វើ​ជ្រើសរើស​ការងារ​ដោយ​សេរីទទួល​លក្ខ​ណ្ឌ​ការងារ​ត្រឹមត្រូវ និង​ពេញចិត្តនិង​មានការ​ការពារ​ប្រឆាំងនឹង​ភាព​អត់​ការងារ​ធ្វើ​។​

២៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួល​ប្រាក់បៀវត្ស​ស្មើគ្នាចំពោះ​ការងារ​ដូចគ្នា​ដោយ​គ្នាន​ការរើសអើង​។​

៣៖ អ្នកធ្វើការងារ​មាន​សិទ្ធិ​ទទួលបាន​លាភការ ដោយ​សមធម៌និង​ពេញចិត្ត​ដើម្បី​ធានា​អត្ថិភាព​រស់នៅ​រស់​ខ្លួននិង​គ្រួសារ​ឲ្យ​សមស្រប​នឹង​សេចក្ដីថ្លៃថ្នូរ​នៃ​មនុស្ស និង​ត្រូវបាន​បំពេញ​ប​ន្ដែ​ម​ទៀត​ដោយ​មធ្យោបាយ​ផ្សេៗ​នៃ​កា​រកា​ពារ​ផ្នែក​សង្គម​ប្រសិនបើ​ចាំបាច់​។​

៤៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​បង្កើត​សហជីពនិង​ចូលរួម​ក្នុង​សហជីព​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​។​

* មាត្រា​២៤៖

​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ឈប់សម្រាក និង​លំហែកាយ​កំសាន្ដ​រូ​ម​ប​ញ្ជូ​ល​ទាំង​កម្រិត​ម៉ោង​ការងារ​សម​ហេតុផលនិង​ការឈប់​សម្រាក​ដោយបាន​ប្រាក់បៀវត្ស​តាម​ពេល​កំណត់​ទៀងទាត់​។​

* មាត្រា​២៥៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​កម្រិតជីវភាព​គ្រប់គ្រាន់ដើម្បី​ធានា​សុខភាព និង​សុខមាលភាព​របស់ខ្លួន​និង​គ្រួសារ​រួមមាន​ចំណីអាហារ​សម្លៀកបំពាក់​លំនៅដ្ឋាន​ការថែទាំ​សុខភាពនិង​ការងារ​សង្គមកិច្ច​ចាំបាច់​ផ្សេងៗ​ទៀ​ផង​។មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បានការ​គាំពារនៅពេល​គ្មាន​ការងារ​ធ្វើ​មាន​ជំងឺ​ពិការ​មេម៉ាយ ឬ​ពោះម៉ាយ​ចាស់ជរាឬ​នៅពេល​បាត់បង់​មធ្យោបាយ​ធានា​ជីវភាព​ដែល​បណ្ដាលមកពី​កាលៈទេសៈ​ផុតពី​ឆន្ទៈ​របស់ខ្លួន​។​

២៖ មាតុភាព​និង​កុមារភាព​មាន​សិទ្ធិ​ទទួល​ជំនួយនិង​ការថែទាំ​ពិសេស​។ កុមារ​គ្រប់រូប​ទោះ​កើត​ពី​ឪពុកម្ដាយ​មាន​ខាន់ស្លាឬ​ឥត​ខាន់ស្លា​ក្ដី ត្រូវ​បានទទួល​ការការពារ​ខាង​សង្គមកិច្ច​ដូចគ្នា​។​

* មាត្រា​២៦៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ការអប់រំ​។ការអប់រំ​ត្រូវ​ឥត​បង់ថ្លៃ​យ៉ាងហោចណាស់​សម្រាប់​ការអប់រំ​បឋមសិក្សានិង​អប់រំ​មូលដ្ឋាន​។ ការអប់រំ​បឋមសិក្សា គឺជា​កាតព្វកិច្ច​។ការអប់រំ​ខាង​បច្ចេកទេស​និង​វិជ្ជាជីវៈ ត្រូវ​រៀបចំ​ឲ្យ​មាន​ជាទូទៅ​។ការអប់រំ​ឧត្ដមសិក្សា​ត្រូវ​បើក​ឲ្យ​ចូលរៀន​ស្មើភាព​គ្នា​ដោយ​ឈរលើ​មូលដ្ឋាន​សមត្ថភាព​។​

២៖ ការអប់រំ​ត្រូវ​សំដៅ​ទៅរក​ការ​រើ​ក​លូតលាស់​ពេញលេញនៃ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស និង​ការពង្រឹង​ការគោរព​សិទ្ធិមនុស្សនិង​សេរីភាព​មូលដ្ឋានការអប់រំ​នេះ​ត្រូវ​លើក​កំពស់​ការយល់ដឹង​ការអត់ឱន​អធ្យាស្រ័យ​គ្នានិង​មិត្តភាព​រវាង​ប្រជាជាតិ និង​ក្រុម​ពូជសាសន៍ឬ​ក្រុម​សាសនា​ទាំងអស់​ព្រមទាំង​ការអភិវឌ្ឍ​សកម្មភាព​របស់​សហប្រជាជាតិក្នុងការ​ថែរក្សា​សន្ដិភាព​។​

៣៖ មាតាបិតា​មាន​សិទ្ធិ​ជា​អាទិភាពក្នុងការ​ជ្រើសរើស​ប្រភេទ​នៃ​ការអប់រំ​សម្រាប់​បុត្រ​ធីតា​របស់ខ្លួន​។​

* មាត្រា​២៧៖

១៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ចូលរួម​ដោយ​សេរីក្នុង​ជីវភាព​វប្បធម៌​របស់​សហគមន៍​អាស្រ័យ​ផល​សិល្បៈនិង​ចូលរួមចំណែក​ក្នុង​វឌ្ឍនភាព​វិទ្យាសាស្ដ្រនិង​ក្នុង​ផលប្រយោជន៍​ដែល​បានមកពី​វឌ្ឍនភាព​នេះ​។​

២៖ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួល​ការការពារ​ផលប្រយោជន៍ខាង​សីលធម៌និង​សម្ភារៈ ដែល​បានមកពី​ផលិតកម្ម​ខាង​វិទ្យាសាស្ត្រ និង​អក្សរសាស្ត្រ ឬ​សិល្បៈដែលជា​ស្នាដៃ​របស់ខ្លួន​។​

* មាត្រា​២៨៖

​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​នូវ​សណ្តាប់ធ្នាប់​សង្គមនិង​អន្តរជាតិ​ដែល​ធ្វើអោយ​សិទ្ធិ និង​សេរីភាព​ចែង​ក្នុង​សេចក្តីប្រកាស​នេះ អាច​សំរេចបាន​ដោយ​ពេញលេញ​។​

* មាត្រា​២៩៖

១៖ មនុស្ស​គ្រប់រូប​មាន​ករណី​កិច្ច​ចំពោះ​សហគមន៍ដែលជា​កន្លែង​តែមួយគត់​ដែល​អាចបង្កើត​បានការ​រីកចម្រើន​ដោយ​សេរីនិង​ពេញ​បរិបូរ​ណ៌​នូវ​បុគ្គ​លិ​ក្ខ​ណៈ​របស់ខ្លួន​។​

២៖ ក្នុងការ​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​របស់ខ្លួន​មនុស្ស​គ្រប់រូប​ត្រូវ​ស្ថិតនៅ​ត្រឹមតែ​កំរិត​ព្រំដែនដែល​ច្បាប់​បានកំណត់​សំរាប់​ការទទួលស្គាល់និង​ការគោរព​សិទ្ធិ​និង​សេរីភាព​របស់​អ្នកដទៃនិង​បំពេញ​សេចក្តីត្រូវការ​យ៉ាង​ត្រឹមត្រូវ​ខាង​សីលធម៌ សណ្តាប់ធ្នាប់​សាធារណៈនិង​សុខុមាលភាព​ទូទៅ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ​។​

៣៖ តែ​យ៉ាងណាក៏ដោយ សិទ្ធិ​និង​សេរីភាព​ទាំងនេះមិនអាច​យកទៅ​ប្រើ​ផ្ទុយ និង​គោលបំណង​និង​គោលការណ៍​ទាំងឡាយ​របស់​សហប្រជាជាតិ​ឡើយ​។​

* មាត្រា​៣០៖

​គ្មាន​បទ​បញ្ញា​តិ​ណាមួយនៃ​សេចក្តីប្រកាស​នេះ​អាច​ត្រូ​ច​បាន​បកស្រាយ​តម្រូវ​ថា​រដ្ឋ​ណាមួយ ក្រុម​ណាមួយ ឬ​បុគ្គល​ណា​ម្នាក់មាន​សិទ្ធិ​បែបណា​មួយ​ធ្វើ​ក្នុង​ការធ្វើសកម្មភាព ឬ​ការប្រព្រឹត្ត​អំពើ​អ្វីមួយដែល​សំដៅទៅ​បំផ្លិចបំផ្លាញ​នូវ​សិទ្ធិនិង​សេរីភាព​ទាំងឡាយ​ដែលមាន​ចែង​នៅក្នុង​សេចក្ដីប្រកាស​នេះឡើយ​៕

អត្ថបទដកស្រង់៖ មជ្ឈមណ្ឌលសិទ្ធកម្ពុជា

អត្ថបទពេញនិយម

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

យុវជនកូរ៉េខាងត្បូងលែងចង់ឈោងចាប់អាជីពជាតារាចម្រៀង K-pop ដូចពីមុន

អ្នកជំនាញណែនាំ ៣ ចំណុច ដោយសារមនុស្សច្រើនណាស់ផឹកកាហ្វេមិនបានត្រឹមត្រូវ

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត