ជីវិត និង សង្គម

យុវជនកូរ៉េខាងត្បូងលែងចង់ឈោងចាប់អាជីពជាតារាចម្រៀង K-pop ដូចពីមុន

October 22, 2024
August Stella
Heading
Option 1

អាជីពជា​​​តារាខេផប់ (K-pop) ​ដើមឡើយ ​​ធ្លាប់ជា​ក្តី​សុបិន​កំពូល​សម្រាប់​យុវជន និង​យុវតី​​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។ ខណៈ​ដែល​យុវតី​​​ជាច្រើន​នៅតែ​ប្រាថ្នា​ចង់​​ក្លាយជា​តារា​ចម្រៀង ខេផប់ ​​(K-pop) ក្តី​សុបិន​មួយ​នេះ ​លែង​សូវ​ទាក់ទាញ​យុវជន​ដូចមុន​ហើយ ​ដោយសារតែ​ពួកគេ​កាន់តែដឹងច្បាស់​​អំពីការប្រឈម​ដ៏លំបាក​ក្នុងការ​ក្លាយ​ខ្លួនជា​តារាខេផប់​ (K-pop) បុរស​។​​

បេក្ខជន​ហ្វឹកហាត់​​ធ្វើជាតារា​ចម្រៀង​ខេផប់ តែងតែ​ឆ្លងកាត់​ការហ្វឹកហ្វឺន​យ៉ាង​ម៉ត់ចត់​ពី ៣ ទៅ ៥ ឆ្នាំ ​ជាមួយ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ដើម្បី​មានឱកាស​តិចតួច​ក្នុងការ​បង្ហាញខ្លួន​​លើ​ឆាកតន្ត្រី​។ ទោះបីជា​ពួកគេ​សម្រេចបាន​ភាពជោគជ័យ​ជា​តារាចម្រៀង​​ក៏ដោយ ពួកគេ​តែងតែ​បាត់បង់​សេរីភាព​ និង​ជីវិត​ឯកជន​មួយ​ផ្នែកធំ ​​ក្នុង​ដំណើរការ​សម្រេច​ក្ដីសុបិន​មួយ​នេះ​​។​

​ទីភ្នាក់ងារ K-pop រាយការណ៍​ពី​ការលំបាក​ក្នុងការ​ស្វែងរក​បេក្ខភាព​បុរស​មក​បង្វឹក​ដែល​មានទាំង​បរិមាណ និង​​​គុណភាព ដោយសារតែពេលនេះ ​យុវជន​ជាច្រើន សុខចិត្ត​​ធ្វើ​ជា​តារា​បណ្ដាញសង្គម​ជា​ Influencer  ឬ​ YouTubers វិញ ដោយសារអាជីពនេះ មាន​សក្តានុពលទាញ​ប្រាក់​ចំណេញ​កាន់តែច្រើន និងមាន​សេរីភាពជាង​ការ​នៅក្រោម​ទីភ្នាក់ងារ​គ្រប់គ្រងឬ​ផលិតកម្ម​ចម្រៀង។​

ប្រភព​មកពី​ផលិតកម្ម​តន្ត្រី​ក្នុងស្រុក​ម្នាក់ បាន​និយាយ​ថា៖ «​រយៈពេល​ប្រហែល​ពីរ​ទៅ​បី​ឆ្នាំ​ហើយ​ ដែលខ្វះ​បេក្ខភាព​បុរស ​​មក​បង្វឹក​​ធ្វើ​តារា​ចម្រៀង​ខេផប់​​ (K-pop)។ បេក្ខភាព​យុវជន ​ចង់​ចាប់អាជីព​ជាតារា​ចម្រៀង​ខេផប់ ​បាន​ធ្លាក់ចុះ​​​ជាង​​៣០​ភាគរយ​ ដោយក្នុង​ចំណោម​បេក្ខភាព​ ៣០​ នាក់ មាន​យុវជន​មិនដល់ ១០​នាក់​ផង ​ដែលចុះឈ្មោះហ្វឹកហាត់​ត្រៀមខ្លួន​ធ្វើតារាចម្រៀង»​​។​

ប្រភពដដែលពិវិស័យ​ឧស្សាហកម្មចម្រៀង​ខេផប់ បាន​បន្ត​ទៀត​ថា៖ «អ្នក​មាន​​ទេពកោសល្យជា​ច្រើន​បាន​​​ក្លាយខ្លួន​ទៅជាតារា​បណ្ដាញសង្គម​​លើ Instagram ឬ YouTube ពីព្រោះ​ផ្លូវ​ទាំងនោះ​ផ្តល់ឱកាស​ជោគជ័យ​ និងមានលក្ខខណ្ឌ​ប្រសើរ​ជាង​ការ​បង្ហាញខ្លួនក្នុងក្រុមចម្រៀងខេផប់​។ ទន្ទឹមនឹងនេះ បេក្ខភាព​ខេផប់​ ​ប្រឈម​​នឹង​ការ​រឹតបន្តឹង​ផ្សេងៗ ដូចជា មិនអាច​មានស្នេហា និង​ត្រូវ​ប្រកាន់ខ្ជាប់​​របប​អាហារ​ដ៏​តឹងរ៉ឹង​»​​។​

​តារាចម្រៀងខេ​ផប់ ឬគេនិយមហៅថា K Pop Idol (ខេផប់អាយដល) ត្រូវបានសាធារណជន​រំពឹងថា បាន​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដា​សីលធម៌​ដ៏​តឹងរ៉ឹង​ រួមទាំង​ការសម្ពាធ​លើ​ការ​មានស្នេហា​ផង​ដែរ។

​ថ្មីៗ​នេះ Jennie មកពី​ក្រុម Blackpink ត្រូវតែ​សុំទោស​ជា​សាធារណៈ​ ចំពោះ​ការជក់បារីអេឡិចត្រូនិក​​ក្នុង​បរិវេណបិទជិត​នៅ​​ប្រទេស​អ៊ីតាលី​។​

​កាលពី​ខែមីនា Karina មកពីក្រុម​ aespa បាន​ប្រកាស​ចែកផ្លូវ​​​ជាមួយ​មិត្ត​ប្រុស​របស់​នាង ដោយនាង​​បាន​សុំទោស​អ្នកគាំទ្រ​របស់​នាងជាសាធារណៈ។ ទោះជាយ៉ាងណា នាង​ត្រូវ​​​បានអ្នកគាំទ្រ​​​ចោទ​ប្រកាន់​​នាង​​ពីបទ «បោកប្រាស់​» ផ្លូវចិត្ត​ពួកគេ ដោយសារ​តែនាង​មាន​​​ទំនាក់ទំនង​ស្នេហា​។​

​មានរឿងរ៉ាវ​ច្រើនប៉ុណ្ណឹង​ហើយ​លើ​​នារី​ក្នុង​ឧស្សាហកម្ម​ខេផប់ ​ប៉ុន្តែ​ហេតុអ្វី​បានជា​មាន​តែ​ចំនួន​បេក្ខភាព​​បុរស​ធ្លាក់ចុះ​?​

​ប្រភព​ពី​​​​ឧស្សាហកម្ម​ចម្រៀងខេផប់​ម្នាក់​ទៀត បាន​​ចាត់ទុក​ថា កង្វះបេក្ខភាព​បុរស​​ចុះឈ្មោះ​ហ្វឹកហាត់​​ប្រឡូក​ក្នុង​វិស័យ​ខេផប់ កើតឡើង​ដោយសារ​​កត្តា​ខ្វះ​និរន្តរភាព​សម្រាប់​ក្រុម​ចម្រៀង​ប្រុស​។​

អ្នកបម្រើការ​ក្នុង​ឧស្សាហកម្ម​ចម្រៀង​ខេផប់​​បាន​លើកឡើង​ថា៖ «សម្រាប់​តារាចម្រៀង​ប្រុស​ការ​បំពេញ​​កាតព្វកិច្ច​យោធា​គឺ​សំខាន់​ណាស់​។ បេក្ខភាព​កំពុង​បង្វឹក​​​ជា​បុរស​ត្រូវ​ពិចារណា​លើ​​រយៈ​ពេលដែល​ពួកគេ​អាច​ទ្រទ្រង់​អាជីព​របស់​ពួកគេ​បាន ​បន្ទាប់ពីពួកគេ​​​ត្រូវបានចូលបម្រើ​យោធា និង​ចប់​ពីកាតព្វកិច្ចយោធា​​។ ភាគច្រើន​ពួកគេ​បាត់បង់​អ្នកគាំទ្រ និង​បរាជ័យ​ក្នុង​ការបន្ត​អាជីព​របស់​ពួកគេ​។ ក្រុម BTS និង Seventeen គឺជា​ករណី​ពិសេស ដែល​មិន​មែនគ្រប់ក្រុម​ចម្រៀង​បុរស​សុទ្ធ​តែមាន​សំណាង​ដូច្នោះទេ​»។

ប្រភព​ខាងលើ​បាន​បន្ត​ថា៖ «លើសពីនេះទៅទៀត អ្នកត្រូវការ​ក្រុម​ចម្រៀង​ប្រុស​ដ៏​ជោគជ័យ​ថ្មីថ្មោង​ ដែល​អាច​ឱ្យ​បេក្ខភាព​ជំនាន់ក្រោយ​យកគម្រូតាម និង​រំពឹង​ជោគជ័យ​តាម​ពីក្រោយ​។ គួរ​ឱ្យ​សោកស្ដាយ មិនមាន​ក្រុម​ចម្រៀងខេផប់ណា ដែល​ទទួលបាន​ជោគជ័យ​ដូច​ក្រុម BTS នោះទេ​។ អាច​និយាយ​បានថា ក្រុម​ Seventeen ប៉ុន្តែ​ពួកគេ​មិនមែនជា​ក្រុមចម្រៀង​​ថ្មីថ្មោង​ជំនាន់​ក្រោយទេ​។ បេក្ខភាព​​​យុវជន​ជំនាន់​ក្រោយ អាច​​ដឹង​រឿងនេះច្បាស់ណាស់ ហើយ​ពួកគេ​មិន​សុខចិត្ត​លះបង់​ពេលវេលា​​កម្លាំងកាយចិត្ត ដើម្បី​​អនាគត​មួយដែល​មិន​ប្រាកដប្រជា​នោះទេ​»​។​

​អ្នកវិភាគ​ឧស្សាហកម្ម​​តន្ត្រីខេផប់ Kim Do-heon បាន​និយាយថា ក្រុមហ៊ុនផលិតកម្ម​​​គួរតែ​​ផ្ដល់​លក្ខខណ្ឌ​ឱ្យ​ប្រសើរ​ជាមុន​ ចំពោះ​បេក្ខភាព​ចុះឈ្មោះ​ហ្វឹកហាត់​​ប្រឡង​ធ្វើជា​តារាចម្រៀង មិនថា​យុវជន ឬ​យុវតីនោះទេ​​។​

អ្នកវិភាគ​រូបនេះ​បាន​លើកឡើង​ថា៖ «​បញ្ហា​នៃ​ការបាត់បង់​បេក្ខភាព​បុរស​​ហ្វឹកហាត់​ធ្វើ​តារា​ចម្រៀង​ខេផប់ ជាអ្វីដែល​ទីភ្នាក់ងារ​ចម្រៀង​ក្នុងស្រុក​​បាន​ប្រឈម​មួយ​រយៈ​ធំ​មក​ហើយ។ ក្រុមហ៊ុន​កម្សាន្ត​ត្រូវ​ផ្តល់​បរិយាកាស​ការងារ​កាន់តែ​ប្រសើរ​សម្រាប់យុវជន​ ស្របតាម​និន្នាការ​បច្ចុប្បន្ន​។ ខ្ញុំ​ច្បាស់ថា ចំនួន​បេក្ខនារី​ចុះឈ្មោះ​ប្រឡង​​ធ្វើជាតារា​ចម្រៀង​ ក៏​នឹងថយចុះដែរ​​នាពេល​អនាគត​ផង ប្រសិនបើ​ប្រព័ន្ធ​បណ្តុះបណ្តាល​ហួស​សម័យ​ មិនត្រូវបានកែ​ខៃ​ធ្វើ​ឱ្យប្រសើរឡើង​នោះទេ៕​

អត្ថបទពេញនិយម

យុវតី ឆែម ស្រីគា បង្កើតទេសចរណ៍អំណាន ដាក់សៀវភៅឱ្យសាធារណៈជនអានដោយឥតគិតថ្លៃ

តើនរណាជាម្ចាស់ក្រុមហ៊ុនយក្ស ដែល BTS កំពុងជ្រកកោន? ហើយ BTS មានហ៊ុនប៉ុន្មានភាគរយដែរនៅ HYBE?

សហគមន៍ព្រៃធំអន្លង់ធំ ប្ដូរពីការរានព្រៃធ្វើចម្ការ មកបម្រើទេសចរបោះតង់ ក្នុងតំបន់ប្រវត្តិសាស្ត្រធម្មជាតិភ្នំគូលែន

Google លែងជា «កិរិយាសព្ទ» សម្រាប់ Gen Z ទៀតហើយ

នាវា MV Doulos Hope នាំយកបណ្ណាល័យបណ្តែតទឹកមកទីក្រុងភ្នំពេញលើកដំបូង ដើម្បីបង្កើនវប្បធម៌អាននៅក្នុងស្រុក