សេដ្ឋកិច្ច

១២ វិធានការ ដើម្បីដោះស្រាយបញ្ហាអគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ

December 23, 2024
វង់ អូន
Heading
Option 1

ខេត្ដ​ព្រះសីហនុ​៖ កន្លងមក រាជរដ្ឋា​ភិបាល​បាន​ដាក់ចេញ​វិធានការ​ជា​កញ្ចប់ដើម្បី​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុពោលគឺ​គម្រោង​វិនិយោគ​ ដែល​ត្រូវ​បាន​សាងសង់ ហើយ​​បាន​ផ្អាក ពន្យារ និង​/​ឬពុំមាន​សកម្មភាព វិនិយោគ ឬ​​សកម្មភាព​ធុរកិច្ច ​​ចាប់ពី​ឆ្នាំ ២០១៦​។​

​ផ្អែក​តាម​បទពិសោធន៍​ក្នុងការ​អនុវត្ត ​​វិធានការ​កន្លងមក​បានផ្តល់​សញ្ញា​វិជ្ជមាននិង​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​​វិនិយោគិន ប៉ុន្តែ​បាន​កម្រិត​ត្រឹម​គម្រោង​វិនិយោគ​ជាប់គាំង។

​ជាក់ស្ដែង​សកម្មភាព​វិនិយោគ​ និង​សកម្មភាព​ធុរកិច្ច ក៏បាន​​និង​កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ដូចជាការបង់​ពន្ធអាករ និង​កម្រៃ​ផ្សេងៗ​ច្រើន សំណង់​សាងសង់​ពុំមាន ឬ​ខុស​លិខិត​អនុញ្ញាត​សាងសង់និងការសាងសង់​ពុំមាន​ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​ ការកំណត់​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ កង្វះ​ទុនវិនិយោគ​បន្ថែមនិងវិវាទ​រវាង​ម្ចាស់​សំណង់ និង​ម្ចាស់​ដី​ជាដើម​។​

​ដើម្បី​ដោះស្រាយ​គម្រោង​វិនិយោគ​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុឯកឧត្តម ជា កុក​ហុង ដែលមាន​តួនាទី​ជា​ប្រធាន​លេខាធិការដ្ឋាន​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុបាន​ថ្លែង​​ក្នុង​វេទិកា​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ដោយ​គូសបញ្ជាក់នូវ​​វិធានការ​បន្ថែម ដាក់ចេញ​ដោយ​​រាជរដ្ឋាភិបាល ​ដូចខាង​ក្រោមនេះ​៖

Facebook Page: រដ្ឋបាលខេត្តព្រះសីហនុ

១. លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូលនិង ពន្ធ​អប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែមសម្រាប់​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ (​គ​.​ល​.​គ​) និងសហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន​ចុះបញ្ជី​ពន្ធដារ​។

២. លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល ៣ ឆ្នាំ​, ពន្ធ​អប្ប​បរិ​មា​រយៈពេល៣ ឆ្នាំ និង ប្រាក់​រំដោះ​ពន្ធ​លើ ប្រាក់ចំណូល រយៈពេល ៣ ឆ្នាំសម្រាប់​គម្រោង​វិនិយោគ ឬ សកម្មភាព​ធុរកិច្ច​នានា ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

៣. លើកលែង​អាករ​លើ​តម្លៃបន្ថែម តាម​អត្រា​សូន្យ​ភាគរយចំពោះ​សហគ្រាស​តាម​របប​ស្វ័យ​ប្រកាស​ដែល ផ្គត់ផ្គង់​ក្នុងស្រុក​នូវ​ទំនិញ ឬសេវា​ដល់​គម្រោង ឬ សកម្មភាព​ធុរកិច្ច​ជាប់គាំង​ក្នុង ខេត្ត​ព្រះសីហនុ ក្នុងការសាងសង់​បញ្ចប់ និង ការជួសជុល​កែលម្អ​លើ​អគារ​ដែល​ជាប់​តាំង​។

៤. លើកលែង​ពន្ធ​កាត់​ទុក លើ​ការជួល​អចលនទ្រព្យ រយៈពេល ៥ឆ្នាំ​។

៥. លើកលែង​ពន្ធ​អចលនទ្រព្យ និង លើកលែង​ទណ្ឌកម្ម​រដ្ឋបាល(​ពន្ធ​បន្ថែម និង ការប្រាក់​) ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២៥ហើយ​ការលើកលែង​នេះ​ពុំមាន​អានុភាព​ប្រតិសកម្ម​ចំពោះ ប្រាក់​ពន្ធ រួមទាំង​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង ការប្រាក់​) ដែល​បាន​បង់​រួចហើយ​នោះទេ​។

៦. លើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ និងថ្លៃ​លើ​សស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី ចំពោះ​ការស្នើសុំ​លិខិត អនុញ្ញាត​សាងសង់លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សំណង់ លិខិត​បិទ​ការដ្ឋាន​សំណង់ ឬ វិញ្ញាបនបត្រប្រើប្រាស់​សំណង់​។​

៧. សម្រួល​នីតិវិធី និង បែបបទ​នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ចពាក់ព័ន្ធ​នឹង​ការងារ​សំណង់ រួមទាំង​កាត់បន្ថយ​រយៈពេល​នៃ​ការស្នើសុំ​លិខិតអនុញ្ញាតឬ វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់​។

៨.​ សម្របសម្រួល​ក្នុងការ​ផ្តល់​ការអនុគ្រោះ​លើ​ថ្លៃ​ត្រួតពិនិត្យ និងបញ្ជាក់​គម្រោង​ប្លង់​ស្ថាបត្យកម្ម ប្លង់​គ្រឿង​ផ្តុំ សំណង់ និង ថ្លៃ​ត្រួតពិនិត្យនិង បញ្ជាក់​គុណភាព និង សុវត្ថិភាព​សំណង់ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័នវិស័យ​ឯកជន ម្ចាស់​ដី និង ម្ចាស់​សំណង់​។

៩. សម្រួល​បែបបទ និង នីតិវិធី​វិនិយោគ និង ធុរកិច្ចរួមទាំង​ការស្នើសុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង លិខិត អនុញ្ញាត​នានាព្រមទាំង​ការចុះបញ្ជី​ជា គ​.​ល​.​គ និង សហគ្រាស​។

១០.​ រៀបចំ​គោលការណ៍ និងសម្របសម្រួល​ការបង្កើត​ទីផ្សារ​លក់ឡៃ​ឡុង​អចលនទ្រព្យ និង ផ្តល់​សេវា​ផ្គូផ្គងវិនិយោគិន រួមទាំង​កំណត់​តម្លៃ​យោង សម្រាប់​អចលនទ្រព្យ ក្នុង​ខេត្ត​ព្រះសីហនុ​។

១១. ​រៀបចំ​តំបន់​គម្រោង​វិនិយោគ និង​/​ឬ តំបន់​អភិវឌ្ឍនៅតាម​ភូមិ សង្កាត់ និង ផ្លូវ​សំខាន់ៗ ដូចជា តំបន់ ទេសចរណ៍​ពិសិដ្ឋតំបន់​លក់ទំនិញ​រួច​ពន្ធ​ដែល​គ្រប់​ជាតិ​សាសន៍​អាច​ទិញ​បាន វិថី អាហារ និងរមណីយដ្ឋាន​/ កន្លែង​កម្សាន្ត ជាដើម ជា​ជំហានៗ ស្របតាម​សក្តានុពល និងភូមិសាស្ត្រ​ជាក់ស្តែង​។

១២. ​ជំរុញ​ការប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការស្របតាម​បទ​ប្ប​ញ្ញ​តិ​ច្បាប់ ចំពោះ​វិវាទ​ដែល ពាក់ព័ន្ធ​នឹង​ការវិនិយោគ ។​

​គួរ​បញ្ចាក់​ឱ្យដឹង​ផងដែរ​ថា​រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្ត «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុឆ្នាំ ២០២៥» ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​ខែ មករា ឆ្នាំ ២០២៤៕​

អត្ថបទពេញនិយម

ពលរដ្ឋសហគមន៍ ៥ ម៉ឺននាក់ អាចទទួលផលពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា

យាង វណ្ឌី៖ កំណាត់ជូតជើងមានតម្លៃ និងស្អាត អាចដាក់លើក្បាល ឬច្នៃជាម៉ូតពាក់បាន

នារី YouTuber កូរ៉េខាងត្បូង ផ្សព្វផ្សាយពីភាពស្រស់បំព្រងនៃជីវិតនៅលីវ

គ្រាន់តែមើលយូធូប អាចផលិតម៉ាស៊ីនកាត់ស្មៅ លក់បានតម្លៃរាប់ពាន់ដុល្លារ

មុខរបរចិញ្ចឹមអន្ទង់ ជួយបង្កើនចំណូលបន្ថែមដល់កសិករតាមជនបទ