ជីវិត និង សង្គម

កុមារានីហ្សេរីយ៉ាកើតនៅកម្ពុជា ប្រាថ្នាសញ្ជាតិខ្មែរ តំណាងកម្ពុជាដណ្ដើមពាន បាល់ទាត់ធំៗនៅបរទេស

October 22, 2024
August Stella
Heading
Option 1

ជាមួយ​សក់រួញ ភ្នែកមូល​ក្រឡង់ធំៗកុមារា វីសដឹម (Wisdom Chukwuebuka Onyekachi) កំពុងតែ​ជជែក​ជាមួយ​ក្រុម​បាល់ទាត់​តាម​​ទូរស័ព្ទ។នៅពេលដែល​ឪពុក​​សួរនាំ​ថា​ តើ​ខ្លួន​កំពុង​តែ​និយាយ​រឿង​អ្វី? វីសដឹម តបវិញ​ថា៖ «ពួកម៉ាក​ខ្ញុំ​​សួរថាពេល​ណា​ខ្ញុំ​បានវីសា ហើយ​ធ្វើម៉េច​ខ្ញុំអាចទៅ​ប្រកួត​នៅ​​ឥណ្ឌូនេស៊ី​​ជាមួយពួកគេ»​។​

នៅលើអេក្រង់ទូរស័ព្ទកុមារា Toon ដែលជា​មិត្ត​រួម​ក្រុម​របស់ វីសដឹម ​បាន​​ផ្ញើ​សារ​មក​យ៉ាងញាប់រន្ថើនជាមួយ​នឹង​សំនួរ​យ៉ាងអន្ទះសារ​ថា៖ ​«អេ វីសដឹម លទ្ធផលយ៉ាងម៉េចហើយ? ឯងបានទៅ​ទេ? អាចទៅជាមួយ​ពួកយើង​​បានទេ?»។

​គួរ​ឱ្យសោកស្ដាយវីសដឹម មិន​អាច​ចូលរួម​ជាមួយ​ក្រុមកម្ពុជា​​ទៅប្រកួត​នៅ​ប្រទេស​ឥណ្ឌូនេស៊ីទេ ហើយកុមារា Toon បាន​ត្រឹមសម្ដែងភាពសោកសៅថា៖ «​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​សម្លាញ់។ខ្ញុំ​នឹង​ខំប្រកួត​ដើម្បីឯង ខ្ញុំ​នឹង​យកឆ្នះការប្រកួតនេះ​ដើម្បី​ឯង។ ខ្ញុំ​នឹងតស៊ួ​ធ្វើ​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាចធ្វើ​បានដើម្បី​ឯង​»​។​

​វីសដឹម និង​ Toon ស្ថិតនៅ​​នៅ​ក្រុម BoengketFootball Academy Elite​។ពួកគេ​ស្ថិតនៅក្នុង​លី​គ U12 និង U13 ដែលជា​ផ្នែក​មួយ​របស់ Boungket FC និង​​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​ព្រឹត្តិការណ៍ប្រកួត ​Garuda International Cup 2024 ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២២-២៥ ខែសីហា នៅកីឡដ្ឋាន​ហ្វឹកហាត់​ Asiop Training Ground (ATG) Sentul ប្រទេស​ឥណ្ឌូនេស៊ី​។​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី១០ ខែមិថុនា ពី​នាយក​គម្រោង​លោក Wahyu Budiarto លោក​បាន​សម្ដែង​ក្ដី​​ ជឿជាក់ថា ជំនាញ និង​កីឡា​របស់​ក្រុមកុមារ​នៃ​ Boungket FC នឹង​រួមចំណែក​យ៉ាង​ធំធេង​ដល់​ភាព​ជោគជ័យ​​នៃ​ព្រឹត្តិការណ៍​​ Garuda International Cup 2024។

លោក​បាន​បន្ត​ថា៖«​​យើង​មាន​កិត្តិយស​ដែលអ្នក​នឹង​ចូលរួម​​​សម្រាប់​ការប្រកួត​ចុង​សប្តាហ៍​ដ៏​គួរឱ្យ​រំភើប»។

លិខិត​នោះ​ក៏បាន​រួមបញ្ចូល​ព័ត៌មាន​លម្អិត​អំពី​ការរ៉ាប់រង​ថ្លៃ​​​ស្នាក់នៅអាហារ ការដឹកជញ្ជូន និង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត​។ ជា​អកុសល កុមារា វីសដឹម​ ចេះ​និយាយ​ខ្មែរ​​ខ្មែរនិង​អង់គ្លេសយ៉ាង​​ស្ទាត់ជំនាញ​នោះ បែរ​មិនអាច​ចូលរួមជាមួយ​ក្រុម​របស់ខ្លួន និង​បានត្រឹមតែ​លើកទឹកចិត្តពួកគេ​ពីចម្ងាយ។

ជាមួយ​ក្ដីសោកស្ដាយ​នឹង​អវត្តមាន​កូន​ទៅ​ប្រកួត​នៅ​ឥណ្ឌូនេស៊ីលោក Michael Onyekachi ដែលជាឪពុក​របស់កុមារា វីសដឹម បាន​និយាយ​ថា៖ «​បាល់ទាត់​គឺជា​អ្វី​គ្រប់​យ៉ាង​​សម្រាប់​កូនប្រុស​ខ្ញុំ។គេ​ខំ​ហ្វឹកហាត់ណាស់​​​​បួន​ដង​ក្នុង​មួយ​សប្តាហ៍​។ ពេលខ្លះ ពេល​ខ្ញុំ​រវល់ គេតែងតែ​​​ទូរស័ព្ទ​មក​រំឭក​ខ្ញុំ​ឲ្យ​យកគេទៅ​ហ្វឹកហាត់»។

ដោយ​ចាត់ទុក​កម្ពុជា​ជា​ផ្ទះ​ទីពីរលោក Michael អាយុ ៤៧ឆ្នាំជាជនជាតិ​នី​ហ្សេ​រី​យ៉ា​បានរស់នៅ​ទីនេះ​អស់រយៈពេល​ ១៨​ឆ្នាំ​បន្ទាប់ពីបទពិសោធន៍​រស់នៅបណ្ដាប្រទេស​​អាស៊ី​ដូចជា​សិង្ហ​បុរីថៃ និង​ម៉ាឡេស៊ី ដើម្បី​ស្វែងរក​ឱកាស​អាជីវកម្ម​។ លោក​​​បានសម្រេច​ចិត្តសាកល្បង​រស់នៅប្រទេស​កម្ពុជា​ពីរបីឆ្នាំ​មុន​នឹង​​នាំ​ប្រពន្ធ​មកជាមួយ ហើយកសាង​គ្រួសារ​នៅ​កម្ពុជា ជា​ប្រទេស​ដែល​កុមារាវីសដឹម កើត​​ និង​ធំធាត់​ផងដែរ។

លោក Michael បានលើកឡើង​ថា៖ «​តាំងពី​ពេលនោះ​មក ជីវិតក្រុមគ្រួសារ​យើង​ពិត​ជា​អស្ចារ្យ​ណាស់​​បើទោះបី​ជាយើងរស់នៅ​ក្នុងសង្គម​មាន​វប្បធម៌ និង​ជាតិ​សាសន៍​ខុសគ្នា​ក៏ដោយ​»។​

​លោក​បាន​បន្ត​ទៀត​ថា៖«និយាយ​ដោយ​​ស្មោះត្រង់ទៅ​ការរស់នៅ​ក្នុងប្រទេស​កម្ពុជា​បាន​បង្រៀន​ខ្ញុំ​ពីអ្វី​ដែលមាន​សន្តិភាពការរស់នៅ​ជាមួយ​មនុស្ស​ល្អ​ជុំវិញ​អ្នក បរិស្ថាន​មិត្តភាព និង​សន្តិភាព»​។​

​ក្រោពីរីករាយ​នឹង​ជីវិត​ប្រចាំ​ថ្ងៃលោក​ក៏​សម្គាល់ឃើញ​ក្ដី​ស្រឡាញ់ និង​ចំណង់​ចំណូលចិត្ត​របស់ កូនប្រុស វីសដឹម​ តាំងពី​​​អាយុ៩ឆ្នាំ​។ ជា​រៀងរាល់ថ្ងៃ វីសដឹម តែង​លេង​​​បាល់​នៅក្នុង​ផ្ទះ​រហូត​ដល់បែកបាក់​របស់របរទើប​​​ឪពុកម្ដាយ​ក៏​​សម្រេច​ចិត្ត​ចុះឈ្មោះ​កូន​នៅក្លិប​បាល់ទាត់មួយ។ ជារៀង​រាល់​ថ្ងៃចុងសប្ដាហ៍វីសដឹម ដឹង​តែ​​បាត់មុខ​តាំង​​ពី​ព្រឹកដល់​យប់ទៅ​លេង​បាល់ទាត់ជាមួយ​មិត្តភ័ក្ដិ​ដោយ​សម្រាក​ត្រឹមតែ​ពេល​ញ៉ាំបាយ​ថ្ងៃត្រង់ប៉ុណ្ណោះ។

លោក Michael បាន​រំឭក​ប្រាប់ថា៖ «ខាង​​សាលា​ធ្លាប់​​បាន​ប្រាប់​ខ្ញុំ​ថា​វីសដឹម ​លេង​បាល់ទាត់​សូម្បីតែ​នៅចន្លោះ​​ម៉ោង​រៀន​។ ខ្ញុំ​ក៏​បានយក​គេ​ទៅ​ក្លិប​បាល់ទាត់​បឹងកេតហើយ​ វីសដឹម បាន​លេង​នៅ​ទីនោះ​តាំងពី​គាត់​អាយុ ៩ឆ្នាំ​»។​

​វីសដឹម​ ជាសិស្ស​​​ថ្នាក់​ទី​៤នៅ​សាលា​អន្តរជាតិ​មួយ​ក្នុង​រាជធានី​​ភ្នំពេញ​។ ការ​លេង​បាល់ទាត់​បានជួយ​​ទំនុកចិត្តនិង​បង្រៀន​គាត់​ឱ្យមាន​ភាពរួស​រាយ​រាក់ទាក់ និង​មាន​ទំនាក់ទំនងល្អ​ក្នុង​​សហគមន៍  ជាពិសេស​ការ​រាប់អាន​​មិត្តភ័ក្ដិ​​ខ្មែរ​។

ជាមួយ​សមត្ថភាពលេង​បាល់និង​ការ​និយាយភាសា​ខ្មែរ​យ៉ាងស្ទាត់ជំនាញ លោក Michael បានឱ្យដឹង​ថា៖ «បាល់ទាត់ បាន​នាំ​ឱ្យ វីសដឹមមានរហស្សនាម​ថា​ Mbappe តូច និង​នាំ​ឱ្យ​គេ​​ ​ជួបបុគ្គល​ល្បីៗ​មាន​ឥទ្ធិពល​ជា​ច្រើន​នៅប្រទេស​កម្ពុជា»។

​វីសដឹម ក៏​បាន​ក្លាយជាតារាល្បី​​លើបណ្ដាញសង្គម TikTok និង Facebook​ ​និង​មាន​ឱកាស​បាន​ថត​រូប​ជាមួយ​​​ប្រធាន​សហព័ន្ធ​យុវជននិងជា​​ឧបនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ា​នី លោក​​ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល់និង​ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​បឹងកេត​ផង​ដែរ។

​អ្នក​ដែល​ស្រឡាញ់​ចូលចិត្តវីសដឹម តែងតែ​ស្ងើចសរសើរ​​ជំនាញ និង​ភាពក្លាហាន​របស់​កីឡាករ​បាល់ទាត់​រូបនេះ​។ ដោយមានកំណើត​​កើតជានៅ​​ប្រទេស​កម្ពុជាក្ដីស្រមៃ​របស់ វីសដឹម គឺ​ការ​ក្លាយ​ខ្លួនជា​​​កីឡាករ​បាល់ទាត់​អាជីពនិង​លេង​ឱ្យ​ក្រុម​ជម្រើ​សជាតិ​កម្ពុជានា​ថ្ងៃអនាគត​​។​

​ក្នុងចំណោម​មិត្ត​រួម​ក្រុម​របស់គាត់​នៅ​ក្រុម Boengket Football Academy Elite វីសដឹម ​គឺជា​ជនកីឡាករ​​សំខាន់ និង​ជា​ជន​​បរទេស​​តែមួយគត់​។គ្រប់​ពេលដែល​ពួកគេ​មានការ​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​អាស៊ាន​  វីសដឹម គឺជាសមាជិក​តែម្នាក់គត់​​​ដែល​ត្រូវដាក់​លិខិតឆ្លងដែន​ដើម្បី​សុំ​​​ទិដ្ឋាការ។

វីសដឹមធ្លាប់បាន​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន និង​ថៃ​សម្រាប់​ការប្រកួត​នានា ប៉ុន្តែបញ្ហា​​ស្នើសុំ​​​ទិដ្ឋាការ​​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ីលើក​នេះ​​ បាន​​ធ្វើ​ឱ្យ​ វីសដឹម ខកខាន ​រួមដំណើរជាមួយ​​​ក្រុម​ទៅ​​​ប្រកួតGaruda International Cup 2024។

ដោយគ្មានជម្រើសអ្វីក្រៅពី​ខំ​លួងលោម​កូនប្រុសលោក Michael បាន​សារភាព​ថា៖ «​ទោះបីជា​យើងជា​​បរទេស ហើយ វីសដឹមកើតនៅទីនេះ​​ក៏ដោយ ខ្ញុំ​មិនទាន់បាន​ខ្នះខ្នែង​ស្នើសុំ​​​សញ្ជាតិ​នៅឡើយ​ទេ​»។

លោក​រំពឹង​ថាវីសដឹម នឹង​​អាច​ទទួលបាន​សញ្ជាតិ​ខ្មែរ ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់ខ្លួន​ជា​​​កីឡាករ​បាល់ទាត់ដែលអាច​ជាអនាគត​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា។

លោក Michael បាន​ទទូច​ថា៖ «​ក្នុងនាម​ខ្ញុំ​ជា​ឪពុកខ្ញុំ​សូម​អង្វរ​រាជរដ្ឋាភិបាល ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី សូមមេត្តា​ផ្តល់ឱកាស​ឱ្យ​កូនប្រុស​ខ្ញុំទទួលបាន​​សញ្ជាតិ​ខ្មែរ ដើម្បី​គាត់​អាច​បន្ត​ចូលរួម និង​តំណាងឱ្យ​ក្រុម​របស់គាត់និង​កម្ពុជា​ក្នុងការ​ប្រកួត​អន្តរជាតិ​។ ចំណង់​ចំណូលចិត្តនិង​ជំនាញ​របស់គាត់​ក្នុង​កីឡាបាល់ទាត់​គឺ​អស្ចារ្យ​ណាស់​»។​

​នាពេលនេះ​ខណៈ​មិត្ត​រួម​ក្រុម​បាន​ទៅដល់​ប្រទេស​ឥណ្ឌូណេស៊ី​រួចហើយម្នាក់​ក្នុងចំណោម​ពួកគេ​គឺកុមារា វីរបុត្រ បានឃើញ វីសដឹម យំ​​ពេល​ដឹង​ដំណឹង​ថាខ្លួន​​ពុំ​បានទៅ​ឥណ្ឌូនេស៊ីនោះ។

វីរបុត្រ បាន​ប្រាប់​អ្នកផ្សេង​ថា៖«​ខ្ញុំ​ស្ទើរតែ​យំ​ដែរ​»។ រីឯ​មិត្ត​រួមក្រុម​ម្នាក់ទៀត​ឈ្មោះ វីរៈ បាន​បន្ទរ​ថា៖«ខ្ញុំ​​ដូចគ្នា​»​។ មិត្តម្នាក់ទៀតAlex បាន​បន្ថែមថា៖ «​ខ្ញុំ​មាន​អារម្មណ៍អាណិត វីសដឹម»។ រីឯ​កុមារា Toon បាន​សន្យាថា៖«​នៅពេលដែល​ខ្ញុំ​ស៊ុត​បញ្ចូល​ទី ខ្ញុំ​នឹងធ្វើស្ដាយកាយវិការ​​អបអរ​តាម វីសដឹម​​»៕​

អត្ថបទពេញនិយម

ទឹកជ្រោះតាតៃ ទេសភាពស្អាតពន់ពេក លាក់ខ្លួនបង្អួតធម្មជាតិនៅក្នុងទឹកដីស្រុកកោះកុង

មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍

ប្រទាលពស់៖ រុក្ខជាតិពិសេសដែលអាចបន្សុទ្ធខ្សល់ពុល និងផ្តល់អត្ថប្រយោជន៍ជាច្រើន

ប្រទេសចិនបង្កើតបណ្តាញសាកល្បង ៦G ដំបូងបង្អស់លើពិភពលោក

ណាត់គ្នាទៅបាត់ដំបងខែវិច្ឆិកា មហោស្រព សៀក ទីនេះ ទីនោះ របស់ហ្វារ ដឹងតែអស្ចារ្យជាមួយសិល្បករ ១២ ប្រទេស