ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ៦៥០ នាក់នៅក្នុងផ្នែកហ្គេម Xbox របស់ខ្លួន ដែលជាសញ្ញានៃការកាត់បន្ថយការងារមួយផ្សេងទៀតនៅក្នុងឧស្សាហកម្មវីដេអូហ្គេម។នេះគឺជាលើកទីបីនៃការបញ្ឈប់ការងារបុគ្គលិកសម្រាប់ផ្នែកហ្គេមរបស់ Microsoft បន្ទាប់ពីការទិញយកក្នុងតម្លៃ ៦៩ ពាន់លានដុល្លារ នៃ Activision Blizzard ដែលជាក្រុមហ៊ុនល្បីខាងផលិតហ្គេមជាស៊េរី Call of Duty ដ៏ពេញនិយម។
នៅក្នុងអនុស្សរណៈផ្ទៃក្នុង នាយកប្រតិបត្តិក្រុមហ៊ុន Microsoft Gaming លោក Phil Spencer បានពន្យល់ថាការសម្រេចចិត្តត្រូវបានធ្វើឡើងក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមឡើងវិញ ក្រោយពីការទិញយកដោយធានានូវភាពជោគជ័យរយៈពេលវែងសម្រាប់អាជីវកម្ម។ លោកទទួលស្គាល់ថាវាជាជម្រើសដ៏លំបាកប៉ុន្តែចាំបាច់សម្រាប់អនាគតរបស់ក្រុមហ៊ុន។
លោក Spencer បាននិយាយថា៖ «យើងពិតមានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់សហសេវិករបស់យើងដែលជាអ្នករងផលប៉ះពាល់ឥឡូវនេះ»។
នៅសហរដ្ឋអាមេរិក អ្នកដែលរងផលប៉ះពាល់នឹងទទួលបានកញ្ចប់ចាកចេញដែលរួមមានប្រាក់បំណាច់ ការថែទាំសុខភាពបន្ថែម និងសេវាផ្តល់ការងារ ដើម្បីជួយគាំទ្រពួកគេក្នុងដំណើរផ្លាស់ប្តូរទៅរកតួនាទីការងារថ្មី។សម្រាប់បុគ្គលិកនៅក្រៅសហរដ្ឋអាមេរិក លក្ខខណ្ឌនៃការគាំទ្រនឹងប្រែប្រួលទៅតាមទីតាំង។
លោក Spencer ក៏បានលើកឡើងផងដែរថាក្រុមបុគ្គលិកផ្សេងទៀតមួយចំនួនអាចប្រឈមនឹងការផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរអាទិភាពប៉ុន្តែបានធានាដល់បុគ្គលិកថា មិនមានគម្រោងហ្គេម ឧបករណ៍ឬបទពិសោធន៍លេងហ្គេមណាមួយត្រូវបានលុបចោលនោះទេ។ លើសពីនេះ ក៏គ្មានស្ទូឌីយោណាមួយនឹងត្រូវបិទដោយសារតែការបញ្ឈប់បុគ្គលិកលើនេះដែរ។
ការកាត់បន្ថយការងាររបស់ Microsoft គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយដើម្បីកាត់បន្ថយការចំណាយធ្វើឱ្យការវិនិយោគដ៏ធំរបស់ខ្លួនក្នុងវិស័យហ្គេម និងធានានូវនិរន្តរភាពក្រោយការទិញយកដោយActivision។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏បានទិញយក ZeniMax Media ដែលជាក្រុមហ៊ុននៅពីក្រោយFallout និង The Elder Scrolls ក្នុងតម្លៃ៧.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។
និន្នាការនៃការបញ្ឈប់ការងារនេះមិនមានលក្ខណៈពិសេសសម្រាប់Microsoftទេ។
ក្រុមហ៊ុនវិស័យហ្គេមសំខាន់ៗផ្សេងទៀតនៅក្នុងឧស្សាហកម្មហ្គេមរួមមាន Sony,Unity, Twitch (គ្រប់គ្រងដោយ Amazon), Playtika និង Discord ក៏បានកាត់បន្ថយកម្លាំងការងាររបស់ពួកគេផងដែរ។ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយរបស់ក្រុមហ៊ុន Microsoft គឺស្ថិតក្នុងកម្រិតធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន ១៩០០នាក់នៅក្នុងផ្នែកហ្គេម។ នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft បានបិទស្ទូឌីយ៉ូជាច្រើនដូចជាArkane Austin, Tango Gameworks និង Alpha Dog ទោះបីជាវាមិនបានបង្ហាញពីចំនួនមនុស្សដែលរងផលប៉ះពាល់នៅក្នុងការបិទទាំងនោះក៏ដោយ។
ខណៈពេលដែលឧស្សាហកម្មនេះកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក Microsoft មានបំណងផ្តោតលើកំណើនរយៈពេលវែងនិងភាពជោគជ័យនៅក្នុងអាជីវកម្មហ្គេមរបស់ខ្លួន បើទោះបីជាមានការកាត់បន្ថយបុគ្គលិកជាចាំបាច់ក៏ដោយ៕
ប្រភព៖ CNBC