អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត គឺជាតារាចម្រៀងខ្មែរ អ្នកនិពន្ធទំនុកច្រៀងអ្នកនិពន្ធបទភ្លេងនិងជាផលិតករភាពយន្តដ៏ល្បីល្បាញបំផុតក្នុងអំឡុងទសវត្សរ៍ ១៩៥០-១៩៧០។ នៅថ្ងៃទី ២៣ ខែសីហានេះ ដែលជាថ្ងៃកំណើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សារព័ត៌មាន SR News លើកយកពីជីវប្រវត្តិរបស់ស្តេចចម្រៀងខ្មែរលោក ស៊ីន ស៊ីសាមុត មកបង្ហាញជូន៖
លោកស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់។ លោកជាក្មេងដែលមានចរិតសុភាព រមទម សម្តីស្រទន់ផ្អែមនិងទទួលបានការស្រឡាញ់ចូលចិត្តពីមនុស្សជុំវិញខ្លួន។ នៅវ័យកុមារលោកចូលចិត្តកូតទ្រ ដេញម៉ុងដាលីន និងលេងចាប៉ី។
បញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ ១៩៥១ លោកក៏មករៀនបន្តនៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយអ៊ុំប្រុសលោក។ ឆ្លៀតពេលទំនេរ លោករៀនច្រៀង និងនិពន្ឋបទភ្លេង។លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់ហើយមិនយូរប៉ុន្មាន ក្រុមតន្ត្រីរបស់លោកទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ។
នៅឆ្នាំ ១៩៥៣ស្របពេលលោកសិក្សាខាងពេទ្យចប់ លោកត្រូវបានការអញ្ជើញឱ្យចូល ទៅធ្វើជាអ្នកចម្រៀងប្រចាំវិទ្យុជាតិតែយ៉ាងណាក៏លោកមិនចោលជំនាញរបស់លោកដែរ ។នៅអំឡុងធ្វើការនៅវិទ្យុជាតិនេះហើយ សំឡេងរបស់លោក ត្រូវបានផ្សាយគ្រប់ទីកន្លែងហើយ ក្នុងឆ្នាំ ១៩៥៥ លោកត្រូវបានក្រសួងអញ្ញើញឱ្យចូលច្រៀងក្នុងវង្សភ្លេងព្រះបរមរាជវាំងនិងទទួលបានពានរង្វាន់ក្រុមចម្រៀងជាតិ បំពាក់ថ្នាក់ជាកិត្តិយស សហមេត្រីភាពដែលជារាជព្រះទាន របស់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈនារីរ័ត្នសេរីវឌ្ឍនា ក្នុងពេលនោះផងដែរ ។
នៅទសវត្សរ៍៦០ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំដោយក្នុងពេលនោះ បទចំប៉ាបាត់ដំបងបានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ បន្ទាប់មក លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ និងច្រៀងដាក់ក្នុងភាពយន្តជាច្រើន។ នៅពាក់កណ្តាលទសវត្សរ៍ទី៦០កិត្តិសព្ទរបស់លោកឡើងដល់កំពូល។ នៅខែវិច្ចិកា ឆ្នាំ១៩៦៩ លោកស៊ីនស៊ីសាមុត ទទួលបានងារជា «អ្នកចម្រៀងសំឡេងមាស» (Emperor of the Golden Voice) ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយសពីព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហនុ ។
ទសវត្សរ៍៧០ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មានការផ្ទុះការគាំទ្រខ្លាំងលោកមិនអាចនិពន្ឋបទភ្លេងទាន់តំរូវការដូច្នេះលោកចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។
លោកស៊ីន ស៊ីសាមុត បានបាត់បង់ជីវិតក្នុងអំឡុងរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៦ ប៉ុន្តែឥទ្ធិពលរបស់គាត់នៅតែបន្តមាននៅក្នុងវង់តន្ត្រីខ្មែររហូតមកដល់មកសព្វថ្ងៃនេះ។ ស្នាដៃរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតគឺជាមរតកសិល្បៈដ៏មានតម្លៃមហាសាល ក្នុងប្រវត្តិសិល្បៈចម្រៀងនិងភាពយន្តខ្មែរ៕