គេហទំព័រទេសចរណ៍ដ៏ល្បី Tripadvisor បានកំណត់តំបន់ទេសចរណ៍២ ក្នុងខេត្តសៀមរាប គឺប្រាសាទអង្គរវត្ត និងភូមិកំពង់ភ្លុក ជាទីតាំងដែលអ្នកទេសចរគួរទៅប្រចាំឆ្នាំ២០២៤ ក្នុងចំណោមទីតាំងទេសចរណ៍ចំនួន ២៥ ក្នុងបណ្តាប្រទេសអាស៊ី។ នេះបើតាមអ៊ីម៉េលរបស់ Tripadvisor ប្រចាំខែកក្កដា ដែលបានផ្ញើទៅកាន់អ្នកប្រើប្រាស់អេប Tripadvisor ។
ក្នុងនោះ Tripadvisor បានសរសេរថា បទពិសោធន៍ល្អបំផុតនៃតំបន់អាស៊ីនេះ ធ្វើឡើងតាមការ វាយតម្លៃរយៈពេល១២ខែ របស់អ្នកទេសចរគ្រប់ប្រភេទ ដែលបានទៅលេងតំបន់ទាំងនោះ ហើយពួកគេបានបង្ហាញពីបទពិសោធន៍ល្អៗនៅទីនោះ។
សម្រាប់អង្គរវត្ត Tripadvisor បានសរសេរថា ការទស្សនាព្រះអាទិត្យរះនៅប្រាសាទអង្គរវត្ត ជាលក្ខណៈក្រុមតូចៗ រួមជាមួយអ្នកមគ្គទ្ទេសមកពីខេត្តសៀមរាប (Small-Group Explore Angkor WatSunrise Tour with Guide from Siem Reap)។
Tripadvisor បានបញ្ជាក់ថា ការទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាលក្ខណៈក្រុមតូចៗ ដែលមានការដឹកនាំ ឬណែនាំដោយអ្នកមគ្គុទ្ទេសក៍មានចំណេះដឹង នោះដំណើរកម្សាន្តរបស់អ្នក នឹងប្រព្រឹត្តទៅ បានយ៉ាងល្អ ដែលរួមបញ្ចូលទាំងការស្វែងរកប្រាសាទ, ពេលវេលាថតរូបដ៏ស្អាតអស្ចារ្យ និងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារ។ ជាមួយគ្នានេះ អ្នកទេសចរនឹងបានសិក្សាពីប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍, ស្វែងរកព័ត៌មាន ឬការពិតដែលបានកប់បាត់ និងចំណុចសំខាន់មួយគឺអ្នកហាក់ដូចជាកំពុងស្ថិតនៅក្នុងរឿងនិទាន ព្រោះតែទីតាំងដ៏ស្អាតអស្ចារ្យនេះ។
ចំណែកកំពង់ភ្លុកវិញ Tripadvisor បានសរសេរថា ដំណើរកម្សាន្តពេលថ្ងៃលិចនៅភូមិផ្ទះបណ្តែតទឹក កំពង់ភ្លុក នៃបឹងទន្លេសាប (Sunset tour of Kampong Phluk stilts home village on theTonle Sap)។
Tripadvisor បានរៀបរាប់ថា បឹងទន្លេសាប មានភូមិបណ្តែតទឹកឈ្មោះ កំពង់ភ្លុក ដែលជាកន្លែងទេសចរណ៍ដ៏ល្បីបំផុតមួយក្នុងខេត្តសៀមរាប។ ដំណើរកម្សាន្តជាលក្ខណៈក្រុមតូចៗ អ្នកទេសចរ នឹងទទួលបាននូវភាពស្និទ្ធស្នាលជាមួយអ្នកស្រុកក្នុងតំបន់ និងបាននិយាយលេង ឬពិភាក្សាជាអ្នកភូមិ, ស្វែងយល់ពីការរស់នៅ និងការកកើតនៃភូមិបណ្តែតទឹកនេះផងដែរ។ បន្ថែមពីនោះ ភ្ញៀវទេសចរ ក៏នឹងបានយល់ដឹងពីរបៀបផ្លាស់ប្តូរការរស់នៅ, ភូមិសាស្ត្រ, និងទិដ្ឋភាពនៃភូមិបណ្តែតទឹកកំពង់ភ្លុក នៅក្នុងរដូវប្រាំង និងរដូវវស្សា តួយ៉ាងនៅពេលទឹកឡើងយើងនឹងដឹងពីរបៀបនៃការធ្វើការ, ការធ្វើដំណើរ, ការប្រកបរបរចិញ្ចឹមជីវិត និងការសិក្សាតាមផ្ទះបណ្តែតទឹក ឬតាមទូករបស់អ្នកស្រុកកំពង់ភ្លុកនេះ៕