សេដ្ឋកិច្ច

កសិករ សាន ធារ៉ា៖ កណ្ដូបជាសត្វងាយស្រួលចិញ្ចឹម និងមានទីផ្សារល្អ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ:កសិករចិញ្ចឹមមាន់ លោក សាន ធារ៉ា បានងាកមកចិញ្ចឹមកណ្ដូបបានរយៈពេល២ ឆ្នាំមកហើយ ដោយទទួលបានទិន្នផលខ្ពស់ ជាពិសេសសត្វល្អិតមួយប្រភេទនេះ មានរសជាតិ ឆ្ងាញ់ងាយស្រួលក្នុងការចិញ្ចឹម និងមានទីផ្សារល្អ។

លោក សាន ធារ៉ា អ្នកចិញ្ចឹមកណ្តូប មានបាន​ប្រាប់​សារព័ត៌មានអេសអ័រ(SR)ឱ្យដឹងថា ការងាក មកចិញ្ចឹមសត្វល្អិតមួយប្រភេទនេះ ដោយសារលោកធ្លាប់រៀនពីបច្ចេកទេសខ្លះៗក្នុងការចិញ្ចឹម កណ្តូបនេះ ហើយនៅក្នុងឆ្នាំ២០២២ លោកបានទិញពូជកណ្ដូបចំនួន២ខាំ មកពីខាងព្រំដែនថៃដើម្បីធ្វើការភ្ញាស់ពង។

លោកបន្តថា ដំណាក់ការដំបូងនេះ លោកចំណាយដើមទុនប្រមាណ២០ម៉ឺនរៀល លើពូជកណ្ដូប និងការសាងសង់ទ្រុងកណ្តូបចំនួន៤ ហើយលោកបានចំណាយរយៈពេល ៤៥ថ្ងៃនៃការចិញ្ចឹម កណ្តូប ដោយទទួលបានផលកណ្តូបសាច់ចំនួនជាង១០ គីឡូក្រាម និងមានពងកណ្តូប ជាច្រើនទៀត។

មានបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ដោយត្រូវការចំណាយថវិកាច្រើន ផ្តល់ចំណីឱ្យបានគ្រប់គ្រាន់ ចាក់វ៉ាក់សាំងការពារនិងមើលថែទាំងឱ្យបានដិតដល់ផ្សេងនោះ កសិករខាងលើនេះ អះអាងថា ការចិញ្ចឹមកណ្តូបងាយស្រួលជាងការចិញ្ចឹមមាន់ច្រើនណាស់ ដោយកណ្តូប ជាសត្វដែលស៊ីស្មៅ និងស្លឹកឈើជាអាហារហើយធន់នឹងអាកាសធាតុ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កណ្ដូប វាធន់ណាស់ទោះអាកាសធាតុត្រជាក់ ឬក្តៅក៏ដោយ ប៉ុន្តែ វាចាញ់តែទឹកភ្លៀងទេ អ៊ីចឹងយើងត្រូវធ្វើទ្រុងក្នុងម្លប់តែត្រូវមានពន្លឺចូលគ្រប់គ្រាន់ ហើយត្រូវ ចៀសវាង កុំឱ្យសាចទឹកភ្លៀងចូលឬក៏ត្រូវទឹកភ្លៀង ព្រោះបណ្តាលឲ្យកណ្ដូបងាប់»។

ចិញ្ចឹមកណ្តូបក្នុងទ្រុងហ៊ុមព័ទ្ធដោយស្បៃ ឬមុងលោក សាន ធារ៉ា បានឱ្យដឹងថា ក្នុងមួយទ្រុង លោកដាក់ពូជកណ្ដូបចន្លោះពី ​៣ ទៅ៥ខាំដោយចំនួននេះនឹងទទួលបានផលមកវិញ ជាកណ្ដូបសាច់ចន្លោះពី១០ ទៅ១៥ គីឡូក្រាម។

លោកបន្ថែមថា ការប្រមូលផលកណ្តូបអាចធ្វើឡើងចាប់ពីកណ្តូបមានអាយុ ៣៥ថ្ងៃរហូតទៅ ដល់៤៥ ថ្ងៃ ដោយក្នុងអំឡុងនេះ សត្វកណ្តូបពេញសាច់និងមានពងល្អ ដែលធ្វើឱ្យអ្នកបរិភោគ ទទួលបានរសជាតិឆ្ងាញ់ និងមានពងក្នុងនោះផងដែរ។

ទាក់ទងនឹងតម្លៃកណ្តូបសាច់លើទីផ្សារ គឺមានតម្លៃខុសៗគ្នាទៅតាមអ្នកចិញ្ចឹមនិងអ្នកទិញ ដោយកណ្តូបសាច់ដែលកសិករ អាយុ ៦៥ នេះចិញ្ចឹម មានទីផ្សារល្អលក់ក្នុងតម្លៃ ៣៥០០០រៀល ក្នុង ១គីឡូក្រាម និងពងកណ្ដូបមានតម្លៃ ១០ ម៉ឺនរៀលក្នុង១ខាំ។

លោកបញ្ជាក់ថា៖ «កណ្ដូបខ្ញុំមានទីផ្សារ ដោយវាមានសុខភាពល្អមាំមួន និង សាច់ណែនហើយ ធំៗទៀត អ៊ីចឹងធ្វើឲ្យឈ្មួញគេ ដណ្ដើមគ្នាទិញរហូតខ្ញុំពង្រីកការចិញ្ចឹមដល់១០ទ្រុងហើយ តែនៅតែមិនអាចចិញ្ចឹមផ្ទត់ផ្គង់ទីផ្សារទាន់ពេលវេលាទៀត»។

ដោយទទួលបានជោគជ័យក្នុងការចិញ្ចឹមសត្វកណ្តូបកសិករ ធារ៉ា បង្ហាញពីបំណងចែករំលែក ពីបច្ចេកទេសនៃការចិញ្ចឹមកណ្តូបនេះទៅដល់អ្នកដែលចង់សាកល្បងចិញ្ចឹមសត្វល្អិតនេះ ព្រោះមុខរបរមួយនេះទទួលបានប្រាក់កម្រៃប្រសើរ និងអាចដោះស្រាយជីវភាពគ្រួសារ បានមួយកម្រិត។

គួរបញ្ជាក់ថា កសិករចិញ្ចឹមកណ្តូប លោក សានធារ៉ា មានទីលំនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងតាមគេហទំព័រហ្វេសប៊ុកៈកសិដ្ផានចិញ្ចឹមកណ្ដូប សាន ធារ៉ា និងលេខទូរសព្ទ៖ ០១៥​ ៨៥០ ៥៦៥៕

អត្ថបទពេញនិយម

ក្រុមអ្នកស្រាវជ្រាវរកឃើញ ពស់ពិសមាន ១៦ ប្រភេទ ក្នុងចំណោមពស់ដីគោក ៩៩ ប្រភេទ

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ

ផ្ទះឈើចល័តស្រុកស្រីសន្ធរ ផ្ទុះការចាប់អារម្មណ៍ និងកុម៉្មង់ជាប់គ្នាឥតស្បើយ

ប្រវត្តិ និងអត្ថន័យពិធីបណ្តែតប្រទីប