Google រួមជាមួយនឹងដៃគូជាច្រើនកំពុងវិនិយោគលើគម្រោងផ្កាយរណបមួយ ដែលមានឈ្មោះថាFireSatដើម្បីស្វែងរកភ្លើងឆេះព្រៃបានយ៉ាងឆាប់រហ័ស និងជួយអ្នកពន្លត់អគ្គីភ័យប្រតិបត្តការបានលឿនជាងមុន។
ផ្កាយរណបទីមួយនៅក្នុងស៊េរីនេះគ្រោងនឹងបាញ់បង្ហោះនៅដើមឆ្នាំក្រោយ ក្នុងគោលបំណងផ្តល់រូបភាពទាន់សភាពការនៃភ្លើងឆេះព្រៃពីជុំវិញពិភពលោករៀងរាល់២០ នាទីម្តង។
ផ្កាយរណបចំនួន ៥២ របស់FireSatដែលត្រូវបានសាងសង់ឡើងជាមួយនឹងឧបករណ៍ចាប់សញ្ញាផ្ទាល់ខ្លួន នឹងអាចចាប់បានសូម្បីតែភ្លើងតូចៗដែលមានទំហំរហូតដល់ ៥ គុណនឹង ៥ ម៉ែត្រពីគ្រប់ទីកន្លែងក្នុងពិភពលោក។
នេះគឺជាការកែលម្អដ៏សំខាន់លើផ្កាយរណបបច្ចុប្បន្នដែលផ្តល់រូបភាពកម្រិតច្បាស់ តែមិនសូវញាក់ញាប់ ឬក៏ផ្ដល់រូបភាពញឹកញាប់ ប៉ុន្តែជារូបគុណភាពទាប។
AI ដើម្បីបង្កើនការរកឃើញភ្លើង
ប្រព័ន្ធ FireSat ក៏នឹងប្រើប្រាស់ឧបករណ៍ AI របស់ Google ដើម្បីស្វែងរក និងតាមដានសញ្ញាដំបូងនៃភ្លើងឆេះព្រៃផងដែរ។ ការរួមបញ្ចូលគ្នានៃរូបភាពផ្កាយរណបនិង AI នឹងត្រូវបានចែករំលែកជាមួយភ្នាក់ងារពន្លត់អគ្គីភ័យដោយឥតគិតថ្លៃដោយជួយពួកគេឱ្យយល់អំពីសណ្ឋានអគ្គីភ័យ ពង្រាយធនធានឱ្យកាន់តែប្រសើរឡើង និងជម្លៀសមនុស្សប្រកបដោយសុវត្ថិភាព។
ភ្លើងឆេះព្រៃបានក្លាយជារឿងធម្មតាដោយសារការប្រែប្រួលអាកាសធាតុខណៈដែលសីតុណ្ហភាពកើនឡើងធ្វើឱ្យព្រៃ និងវាលស្មៅស្ងួតក្រោម។ ម្យ៉ាងវិញទៀត ភ្លើងទាំងនេះបន្ថែមការឡើងកម្ដៅផែនដី។ជាឧទាហរណ៍ អគ្គីភ័យនៅប្រទេសកាណាដាកាលពីឆ្នាំមុនបានបញ្ចេញកាបូនឌីអុកស៊ីត ៤ដងនៃឧស្សាហកម្មអាកាសចរណ៍។
ប្រសិទ្ធភាពនៃFireSat
អ្នកជំនាញជឿថា FireSat អាចជួយអ្នកពន្លត់អគ្គីភ័យ ដោះស្រាយភ្លើងតូច មុនពេលពួកគេមិនអាចគ្រប់គ្រងបាន។វាក៏នឹងជួយក្នុងការសម្រេចចិត្តរហ័ស និងសង្គ្រោះជីវិតផងដែរ ដូចជាកន្លែងដែលត្រូវបញ្ជូនអ្នកពន្លត់អគ្គីភ័យឬរបៀបជម្លៀសមនុស្សដោយសុវត្ថិភាព។
ខណៈពេលដែលតំបន់មួយចំនួនដូចជាកាលីហ្វ័រញ៉ាបានប្រើប្រាស់បច្ចេកវិទ្យាទំនើបរួចហើយFireSatអាចមានប្រយោជន៍ជាពិសេសនៅក្នុងប្រទេសដែលខ្វះខាតធនធានបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយខណៈពេលដែល FireSatនឹងជួយរកឃើញភ្លើង អ្នកជំនាញសង្កត់ធ្ងន់លើតម្រូវការសម្រាប់យុទ្ធសាស្ត្រផ្សេងទៀតដូចជាបច្ចេកទេសដុតរុក្ខជាតិងាយបង្កហានិភ័យដើម្បីកាត់បន្ថយការឡើងនៃរុក្ខជាតិស្ងួត និងគោលនយោបាយប្រសើរជាងមុនក្នុងការរៀបចំតំបន់លំនៅដ្ឋានសហគមន៍ក្នុងតំបន់ងាយរងហានិភ័យភ្លើងឆេះ។
ការផ្តល់មូលនិធិនិងការបើកដំណើរការនាពេលអនាគត
ក្រុមហ៊ុន Google បានប្តេជ្ញាចិត្តដាក់ថវិកា ១៣ លានដុល្លារដល់កម្មវិធី ដោយផ្កាយរណបដំបូងគេនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។នៅឆ្នាំ ២០២៦ ផ្កាយរណបដែលដំណើរការពេញលេញចំនួន ៣ នឹងត្រូវបានដាក់ពង្រាយ ហើយគោលដៅគឺដំណើរការផ្កាយរណបចំនួន៥២ទាំងអស់នៅក្នុងគន្លងនៅចុងបញ្ចប់នៃទសវត្សរ៍នេះ។
ភ្នាក់ងារពន្លត់អគ្គីភ័យនឹងចាប់ផ្តើមទទួលបានការជូនដំណឹងទាន់ហេតុការណ៍រៀងរាល់ម៉ោងភ្លាមៗនៅពេលដែលផ្កាយរណបពាក់កណ្តាលដំណើរការ។
ការចំណាយសរុបនៃកម្មវិធីFireSatត្រូវបានគេរំពឹងថានឹងលើសពី ៤០០ លានដុល្លារ ប៉ុន្តែអ្នកជំនាញនិយាយថាចំនួនទឹកប្រាក់នេះគ្រាន់តែជាផ្នែកតូចមួយនៃការបាត់បង់សេដ្ឋកិច្ចដែលបណ្តាលមកពីភ្លើងឆេះព្រៃទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ។
បច្ចេកវិទ្យាជាច្រើនទៀតកំពុងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយភ្លើងឆេះព្រៃដូចជាកាមេរ៉ា យន្តហោះគ្មានមនុស្សបើក និងការព្យាករណ៍ AI ប៉ុន្តែFireSat ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនារយៈពេលយូរអង្វែង។
អ្នកជំនាញជឿថា វាប្រហែលជាត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីចាប់យកហានិភ័យនៃអគ្គីភ័យដែលកើនឡើងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ប៉ុន្តែជាមួយនឹងឧបករណ៍ដូចជា FireSat និងគោលការណ៍ប្រសើរជាងនេះ សង្ឃឹមថា យើងអាចរៀនរស់នៅជាមួយគ្រោះភ្លើងឆេះព្រៃនាពេលអនាគត៕