ជីវិត និង សង្គម

ប្រវត្តិ និងស្នាដៃ ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ

October 22, 2024
សួស យ៉ាមី
Heading
Option 1

ភ្នំពេញៈ ព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារ គង់ណៃ ជាតន្ត្រីករផ្នែកចាប៉ីដងវែងល្បីល្បាញមួយរូបទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ ។ លោកប្រសូតនៅឆ្នាំ ១៩៤៥ ក្នុងខេត្តកំពត។ ភ្នែកទាំងពីររបស់លោក បានពិការនៅពេលលោកអាយុ៤ឆ្នាំ ដោយជំងឺអុតធំ។

លោកបានរៀនចាប៉ីដងវែងពីឳពុកធំរបស់លោកឈ្មោះ គង់ទិត ដែលកាលនោះលោកមានអាយុ ១៣ ឆ្នាំ។ បើទោះបីជាលោកពិការភ្នែកក៏ពិតមែន ប៉ុន្តែនេះមិនមែនជាឧបសគ្គដែលអាចរាំងស្ទះចំពោះឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់លោក ជាមួយសិល្បៈតន្ត្រីនេះឡើយ។ បន្ទាប់ពីបានហ្វឹកហាត់ជាមួយឪពុកធំ របស់លោកកន្លងទៅរយៈពេល៨ឆ្នាំ លោកក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈទេពកោសល្យផ្នែកចាប៉ីដងវែងនៅអាយុ ១៩ ឆ្នាំ។

ដោយភាពប៉ិនប្រសព្វលើទំនុកច្រៀង ឃ្លោងឃ្លាក្លែមឥតទាស់នោះនៅក្នុងឆ្នាំ ១៩៨២ លោកក៏ទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត ហើយក្រោយមកក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជធានីភ្នំពេញបន្ថែមទៀត។  

រូបភាព៖ សិល្បៈខ្មែរអមតៈ/CLA

មិនយូរប៉ុន្មានក្នុងឆ្នាំ ២០០១ លោកក៏បានទទួលវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌ ពីរាជរដ្ឋាភិបាលផងដែរ។

១ឆ្នាំក្រោយមកនៅឆ្នាំ២០០២ លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចរំលងបាន៥ឆ្នាំនៅឆ្នាំ ២០០៧ លោកបានទទួលគ្រឿងឥស្សរិយយសម្ដងទៀតពី រដ្ឋាភិបាលហើយនៅឆ្នាំ២០១២ លោកក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិ ជាមត៌កមនុស្សរស់ដែលមាននាមថា កោសល្យវោហារ គង់ណៃ។  

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ លោកព្រឹទ្ធាចារ្យ ក៏ទទួលបាន​ពាន​រង្វាន់​សិល្បៈ​ និង​វប្បធម៌​ ហ្វូគុអុកា (FukuokaPrize) ជាពានរង្វាន់ដែលបាន​បង្កើតឡើង​ ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូគុអុ​កា ប្រទេស​ជប៉ុនសម្រាប់​ផ្តល់​ជូន​បុគ្គល​ ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែកអប់រំ សិល្បៈ និង​វប្បធម៌ ក្នុងឆ្នាំ២០១៧ ទៀតផងដែរ។

ព្រឹទ្ធាចារ្យសិល្បៈ គង់ណៃ គឺជាព្រឹទ្ធាចារ្យដំបូងគេ ដែលបានចូលរួមក្នុងកម្មវិធីព្រឹទ្ធាចារ្យសិល្ប:សម្តែងក្នុងឆ្នាំ ២០០៣ របស់អង្គការសិល្បៈខ្មែរអមតៈ ដែលកម្មវិធីនោះឡើងក្នុងគោលដៅ ដើម្បីធានាឲ្យបានថា ចំណេះដឹងសិល្ប:របស់ព្រឹទ្ធាចារ្យសិល្ប:ដែលនៅរស់រានមានជីវិត ក្រោយរបបខ្មែរក្រហមត្រូវបានផ្ទេរទៅកាន់ក្មេងជំនាន់ក្រោយ។

លោក ព្រឹទ្ធាចារ្យសិល្បៈ គង់ណៃ បានទទួលមរណភាពដោយរោគាពាធក្នុងព្រះជន្មាយុ៨០ ឆ្នាំ នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤។  ព្រឹទ្ធាចារ្យសិល្បៈកោសល្យវោហារ គង់ណៃ  បានលះបង់យ៉ាងធំធេង ចំពោះវិស័យសិល្បៈវប្បធម៌នៅកម្ពុជា បានបន្សល់ទុកនូវកេរដំណែល និងស្នាដៃតជំនាន់។

លោកពិតជាបានផ្តល់នូវការចងចាំដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា អំពីទេពកោសល្យដ៏អស្ចារ្យរបស់លោក ព្រមទាំងបានពាំនាំនូវអត្ថន័យ គុណតម្លៃ និងភាពសម្បូរបែបនៃ សិល្បៈតន្ត្រីរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ឲ្យកូនចៅជំនាន់ក្រោយយ៉ាងច្រើនក្រាស់ក្រែលរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

អត្ថបទៈ សិល្បៈខ្មែរអមតៈ/CLA

អត្ថបទពេញនិយម

លោក ធីម ម៉ាដុកស៍ បង្កើតសាលារៀន និងមណ្ឌលកុមារកំព្រា ដើម្បីជួយកុមារក្រីក្រ នៅក្នុងខេត្តសៀមរាប

៨០% នៃបុគ្គលិកជា Gen Z គាំទ្រទម្លាប់គេងថ្ងៃនៅកន្លែងធ្វើការ

លោក ឆាយ ស៊ីនឿន ប្រមូលទិញផ្លែដូងជាច្រើន ចម្រាញ់ជាប្រេងធម្មជាតិ សម្រាប់ថែរក្សាសម្ផស្ស និងព្យាបាលជំងឺ

អ្នកស្នេហាសៀវភៅត្រៀមខ្លួន! Big Bad Wolf ត្រឡប់មកវិញជាមួយសៀវភៅរាប់លានក្បាល

អ្នកនិពន្ធ កូនទន្សាយ ចេញផ្សាយសៀវភៅប្រលោមលោកទី ៤ អង្រួនបេះដូងមិត្តអ្នកអាន