បន្ទាប់ពីពិធីសម្ពោធដាក់បញ្ចាំងក្រោមវត្តមានតំណាងក្រសួង ផលិតករ សិល្បករ Influencers និងតារាល្បីៗកាលពីចុងសប្ដាហ៍ ខ្សែភាពយន្តខ្មែររឿង «ប្រវត្តិស្នេហ៍នាងនាថ :យុវវ័យក្រោយសម័យអង្គរ» ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយតាមបណ្ដារោងកុននានាបានដាក់កាលវិភាគចាក់បញ្ចាំងជាប់គ្នារដឹករហូតដល់ម៉ោង ១០យប់ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤។
កាលវិភាគចាក់បញ្ចាំង រឿង «ប្រវត្តិស្នេហ៍នាងនាថ» នៅរោងភាពយន្ត លេជេន បានចាប់ផ្ដើមតាំងពីព្រឹករហូតដល់ម៉ោង ១០យប់ ដែលនៅរោងភាពយន្តសាខាខ្លះ បានបន្ថែមរហូតដល់ ១០វេននៃការចាក់បញ្ចាំងរឿងនេះ។
ដូចគ្នាដែរ នៅរោងភាពយន្ត Major Cineplex by Smart កាលវិភាគបញ្ចាំងរឿង «ប្រវត្តិស្នេហ៍នាងនាថ» មានចន្លោះពី ៨ ទៅ១០វេនបញ្ចាំង។ ខណៈដែលភាពយន្តនេះមានរយៈពេល ១ ម៉ោង និង ៥០នាទី ដូច្នេះទស្សនិកជនដែលគាំទ្រភាពយន្តខ្មែរគុណភាពអន្តរជាតិមួយនេះអាចរីករាយនឹងសាច់រឿងរហូតដល់ពាក់កណ្ដាលអាធ្រាត្រឯណោះ។
ជាអ្នកគាំទ្រភាពយន្តខ្មែរមួយរូប លោក ហេង រតនៈ ជាអ្នកគ្រប់គ្រងទូទៅនៅភោជនីយដ្ឋានបានលើកឡើងថា លោករង់ចាំទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» នេះយូរមកហើយដោយសារតែជាប់ចិត្តនឹងវណ្ណកម្មពីផលិតកម្មអ៊ិលឌី។
លោកបាននិយាយថា៖ «យើងធ្វើការនៅកន្លែងភោជនីយដ្ឋានអ៊ីចឹង ទាល់តែដល់ម៉ោងហាងបិទបានអាចឆ្លៀតទៅមើលបាន ព្រោះអត់មានសៅរ៍ អាទិត្យទេ។ តែខ្ញុំចូលចិត្តមើលកុនពេលយប់ព្រោះអត់សូវមានមនុស្ស»។
យុវជនវ័យ២៥ឆ្នាំរូបនេះបានបន្តថា៖ «រឿង ប្រវត្តិស្នេហ៍នាងនាថ ហ្នឹងមានតួប្រុសភូមាដែលជាអាយដលរបស់ខ្ញុំ ហើយតួស្រីកូនកាត់បារាំងហ្នឹងក៏ស្អាតដែរ ធ្លាប់ឃើញដើរតួក្នុងMV ជាមួយវណ្ណដា អ៊ីចឹងខ្ញុំគិតថាច្បាស់ជាល្អមើលហើយ។ គ្រាន់តែចេញ Trailer ក៏ទាក់ទាញដែរ»។
ជាមួយដាក់ដាក់ទុនប្រមាណ ១លានដុល្លារ និងការចំណាយពេលផលិតយ៉ាងសម្រិតសម្រាំងរយៈពេលជាច្រើនរឿង «ប្រវត្តិស្នេហ៍នាងនាថ» ដែលមានចំណងជើងជាភាសាអង់គ្លេសថា Neath’s Love Storyបានទាក់ចិត្តទស្សនិកជនជាខ្លាំង ដោយសារតែសាច់រឿងលាយឡំប្រវត្តិសាស្ត្រនិងជម្រើសតួអង្គកូនកាត់ខ្មែរ-បារាំង កញ្ញា Melia Constantin និងតារាសម្តែងរូបសង្ហាល្បីឈ្មោះពីមីយ៉ាន់ម៉ាលោក Paing Takhon។
តួអង្គសំខាន់ៗផ្សេងទៀតរួមមាន លោក ទេព រិនដារ៉ូ ជា សុវណ្ណនរាហ និងអ្នកនាង សារ៉ាយ សក្ខណា។
លោក លៀក លីដា ចាងហ្វាងផលិតកម្មអ៊ិលឌី ធ្លាប់បានបង្ហើបថា៖ «អ្វីដែលរឹតតែពិសេសគឺរឿងប្រវត្តិស្នេហ៍នាងនាថមានដាក់បញ្ចូលនូវសិល្បៈវប្បធម៌ដូចជា ល្ខោនខោស្បែកក្បាច់គុនខ្មែរតម្លៃនៃសន្តិភាព ការត្បាញសូត្រ ទូកងនិងរបៀបធ្វើដាវប្រគាក់កាំបិតខ្មែរ»។
ជាមួយព្រះវត្តមានចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្តនេះ ព្រះនាង នរោត្តមជេនណា បានសម្ដែងការកោតសរសើរដោយស្មោះចំពោះផលិតកម្មអ៊ិលឌី ដែលតែងតែខិតខំបង្កើតស្នាដៃភាពយន្តជាច្រើននិងរួមចំណែកក្នុងការបម្រើទស្សនិកជននិងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌របស់ជាតិ។
ព្រះនាងមានព្រះបន្ទូលថា៖ «ការរំលេចនូវឈុតឆាកមួយចំនួនមានល្ខោនស្រមោលស្បែកតូច ក្បាច់គុនល្បុកតោ គុនដំបងព្រមទាំងវប្បធម៌ប្រពៃណីរបស់ខ្មែរជាច្រើនទៀតបានរំលេចនូវវប្បធម៌ប្រពៃណីនិងអត្តសញ្ញាណជាតិខ្មែរ»។
ព្រះនាងបានបន្តថា៖ «មិនតែប៉ុណ្ណោះការ ផលិតកម្មអ៊ិលឌី ខិតខំបង្កើតគុណភាពនៃភាពយន្តទាំងបច្ចេកទេសនៃការថត ការកាត់តព្រមទាំងសាច់រឿងពោរពេញដោយភាពច្នៃប្រឌិតនិងគំនិតអប់រំខ្ពស់ដែលនេះជាមោនភាពមួយដ៏ធំរបស់ខ្មែរយើងដែលអាចផលិតភាពយន្តសម្រាប់ប្រកួតប្រជែងលើឆាកអន្តរជាតិបាន»។
រឿង ប្រវត្តិស្នេហ៍នាងនាថ ត្រូវបានផលិតក្រោមទុនវិនិយោគពីមនុស្ស១០ នាក់ ក្នុងទឹកប្រាក់ប្រមាណ ១ លានដុល្លារ។
ភាពយន្តដែលផលិតដោយកូនខ្មែរសុទ្ធសាធ «ប្រវត្តិស្នេហ៍នាងនាថ»ជាវណ្ណកម្មមានគុណភាព ប្លង់សាហាវ បច្ចេកទេសរឿង តួអង្គ ការសម្តែងការបង្ហាញនូវក្បាច់គុណល្បុក្កតោ និងសម្លៀកបំពាក់បុរាណខ្មែរមានគ្រប់ឈុតឆាកទាំងអស់។
លោក លៀក លីដា សង្ឃឹមថារឿង « ប្រវត្តិស្នេហ៍នាងនាថ »នឹងមានអ្នកចូលរួមគាំទ្រច្រើនដើម្បីជាកម្លាំងចិត្តដល់អ្នកផលិតនិងតារាសម្ដែងទាំងអស់គ្នា ហើយសូមឱ្យការគាំទ្រនេះបន្តមានច្រើនដូចថ្ងៃចាក់បញ្ចាំងលើកដំបូង។
ភាពយន្តរឿង «ប្រវត្តិស្នេហ៍នាងនាថ : វគ្គយុវវ័យក្រោយអង្គរ» ដែលមានទាំងឈុតឆាកបែបកំប្លែង និងកម្សត់លាយឡំគ្នានោះនឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា៕