កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ និងកីឡាករ នន់ សុខចម្រើនដែលត្រូវជាក្មួយប្រុសបង្កើត បានទទួលជោគជ័យដ៏អស្ចារ្យ ដោយឈ្នះមេដាយមាសចំនួន០៥ គ្រឿង ក្នុងកម្មវិធី FIF International Thailand Championship កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមការបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករ សំបូរ សុភ័ណ្ឌ។
ក្នុងការប្រកួតដែលធ្វើឡើងនៅប្រទេសថៃនេះកីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ បានឈ្នះមេដាយមាស ០២គ្រឿងលើវិញ្ញាសា Men's Physique Open Up 170cm និងវិញ្ញាសា Men's Classic Physique Open Up 170cm។ ក្រៅពីនេះកីឡាករកម្ពុជារូបនេះ ក៏ឈ្នះពាន Overall Champ Men's Physique និងពាន Pro Card FIF Men's Physique ផងដែរ។
ចំណែកកីឡាករ នន់ សុខចម្រើន បានឈ្នះមេដាយមាស ០៣ គ្រឿងលើវិញ្ញាសាMen's Physique Up 24 Year, វិញ្ញាសា Men's Model Fitness 24 Year និងវិញ្ញាសា Men's Model Fitness Open Up 170cm។ បន្ថែមពីនេះ កីឡាករសុខចម្រើន ក៏ឈ្នះពាន Pro Card FIF Men's Model Fitness ផងដែរ។
បន្ទាប់ពីឈ្នះមេដាយមាស កីឡាករ នន់ សុខចម្រើន បានបង្ហោះសារលើគណនីផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖«ជាដំបូងខ្ញុំបាទសូមអរគុណដល់ក្រុមគ្រួសារបើសិនជាខ្ញុំដើរផ្លូវនេះតែម្នាក់ឯងដោយគ្មានពួកគាត់ទេខ្ញុំប្រហែលជាខ្ញុំមិនអាចឈានមកដល់ចំនុចនេះបានដែរ ហើយអរគុណប៉ា ពូសំបូរ ណាន សំបូរសុភ័ណ្ឌដែលត្រូវជាគ្រូ ដែលតែងតែតាមដានលើរបបអាហារនិងការហ្វឹកហាត់តាំងពីដើមរហូតមក។ លើសពីនេះទៅទៀត សូមអរគុណដល់មិត្តភក្តិ ពុកម៉ែបងប្អូន ដែលតែងតែស្រឡាញ់គាំទ្រផ្ដល់ជាកម្លាំងចិត្តនិងជួយឧបត្ថម្ភជាថវិកា ដល់រូបខ្ញុំសម្រាប់ការចំណាយលើការប្រកួតហើយការជោគជ័យមួយនេះក៏ដូចជាជោគជ័យរបស់បងប្អូនដែលស្នេហាវិស័យកីឡាទាំងអស់»។
ចំណែក កីឡាករ សំបូរ សុភ័ណ្ឌ វិញបានបង្ហោះសារមុនពេលចេញទៅប្រកួតកាយវប្បកម្មនៅក្នុងប្រទេសថៃថាប្រសិនបើលោកឈ្នះមេដៃមាស លោកនឹងបរិច្ចាគប្រាក់រង្វាន់នៃមេដៃមាសនោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ហើយលោកក៏អរគុណដល់អ្នកស្នេហាវិស័យកីឡាកាយវប្បកម្មទាំងអស់ដែលតែងតែស្រលាញ់ និងគាំទ្រដល់រូបលោករហូតមក។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កីឡាករកាយវប្បកម្ម សំបូរសុភ័ណ្ឌ ក៏បានឈ្នះមេដាយចំនួន ២គ្រឿងផងដែរ មានមេដាយមាស ១គ្រឿងនិងមេដាយប្រាក់ ១គ្រឿង ពីការប្រកួតជើងឯកកាយវប្បកម្ម PCA Elite Classic ប្រទេសថៃ៕