សហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិតនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រខ្នងភ្នំគូលែនគឺជាទីដ៏មនោរម្យសម្រាប់អ្នកទេសចរផ្សងព្រេងមកបោះតង់កម្សាន្ត ទស្សនាប្រាសាទក្នុងព្រឹក្សាភ្លក្សរសជាតិផ្លែឈើព្រៃតាមរដូវកាល និងមើលសិប្បកម្មពីដូនតា។
ដោយសម្លឹងឃើញពីសក្ដានុពលទេសចរណ៍ដែលអាចរួមចំណែកការពារនិងអភិរក្សព្រៃឈើ សហគមន៍នេះត្រូវបានបង្កើតឡើងដោយអាជ្ញាធរមូលដ្ឋាន មន្ទីរនិងក្រសួងបរិស្ថានគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» ក្រោមការជួយជ្រោមជ្រែងពីអង្គការអាគ្រីស៊ូតនិងអង្គការមូលនិធិបុរាណវិទ្យា និងការអភិរក្ស (ADF)។នេះបើយោងតាមប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំ លោក ផាន់ ផុន។
លោកបានប្រាប់សារព័ត៌មាន SRពីមូលហេតុនៃការបង្កើតសហគមន៍ព្រៃធំអន្លង់ធំថា៖ «ដោយសារតែចង់ទប់ស្កាត់ការកាប់ឆ្ការព្រៃ និងទន្ទ្រានដីធ្វើចម្ការវិលជុំដោយខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋនិងដើម្បីអភិរក្សធនធានធម្មជាតិដែលនៅសេសសល់ក្នុងមូលដ្ឋានដើម្បីឱ្យក្មេងជំនាន់ក្រោយបានឃើញ។មួយទៀតទាក់ទងនឹងអនុផលព្រៃឈើ ដូចជាគូលែនព្រៃ គុយ ផ្ញៀវ ផ្សិតដែលមាននៅក្នុងព្រៃនេះស្រាប់»។
ស្ថិតនៅចម្ងាយជាង ៨០គីឡូម៉ែត្រពីក្រុងសៀមរាបសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ មានសមាជិក១៧នាក់។ សហគមន៍ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០១ដោយលាតសន្ធឹងលើផ្ទៃដីប្រមាណ៣៦៥ហិកតា ក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំស្រុកស្វាយលើ ខេត្តសៀមរាប។
ការបង្កើតសហគមន៍ក៏ដូចជាកិច្ចការអភិរក្សធនធានធម្មជាតិធម្មជាតិ មានទិសដៅសំខាន់ គឺទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ។
ប្រធានសហគមន៍ការពារធម្មជាតិព្រៃធំអន្លង់ធំបានលើកឡើងថា៖«បើសិនការពារធនធានធម្មជាតិបានល្អ ទឹកភ្លៀងក៏ទទួលផលបានល្អ ប្រើបានយូរ ដូចជាមានទឹកប្រើខួប មិនដាច់! មានទឹកភ្លៀងទាំងប្រាំង ទាំងវស្សា។បើអត់ជួយថែរក្សាការពារទាំងអស់គ្នា ធនធានយើងនឹងប្រែប្រួលកម្ដៅក៏ឡើងខ្លាំង ភ្លៀងអត់ទៀងទាត់»។
ក្រោយពីបង្កើតសហគមន៍នេះឡើង ប្រជាពលរដ្ឋកាន់តែច្រើនឡើងបានយល់ដឹងពីសារៈប្រយោជន៍នៃធនធានធម្មជាតិនិងបានចូលរួមការពារយ៉ាងសកម្ម ដោយងាកពីការកាប់ឆ្ការដីធ្វើចម្ការក្នុងព្រៃ មកអាស្រ័យជីវភាពដោយការចិញ្ចឹមសត្វអនុផលព្រៃឈើ និងអេកូទេសចរណ៍។
លោក ផុន បានឱ្យដឹងថា៖ «ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំនេះឡើងដើម្បីជួយបង្កើតប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការលក់ផលិតផល ក្នុងស្រុករបស់ខ្លួននិងសេវាកម្មដឹកជញ្ជូនភ្ញៀវទស្សនាព្រៃព្រឹក្សាផងដែរ»។
សហគមន៍ព្រៃធំអន្លង់ធំ ជាកន្លែងមាត់ទឹកសម្រាប់ឱ្យភ្ញៀវជាតិឬអន្តរជាតិមកកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍។
ប្រធានសហគមន៍បានបន្តថា៖ «សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំជាតំបន់ដែលមានព្រៃឈើក្រាស់ មានទេសភាពស្រស់ស្អាតហើយអាចឱ្យភ្ញៀវទេសចររបោះតង់សម្រាកក្បែរមាត់ទឹក»។
ចំពោះតម្លៃវិញ លោកបានរៀបរាប់ថា៖ «ក្នុង១តង់តម្លៃ១៥ដុល្លារគេងបាន២នាក់ ការរៀបចំម្ហូបមួយកញ្ចប់រួមទាំងទឹកនិងបង្អែមតម្លៃ ៤,៥ដុល្លារក្នុងម្នាក់។រីឯផ្ទះស្នាក់តម្លៃ ២០ដុល្លារ ដែលអាចគេបានជាក្រុមប្រមាណ ១០នាក់និងសេវាកម្មម៉ូតូឌុប កន្លះថ្ងៃ ៤ម៉ឺនរៀល និងមួយថ្ងៃពេញ តម្លៃ ៨ម៉ឺនរៀលទស្សនាប្រាសាទនានាក្នុងព្រៃជាច្រើនទៀតផង»។
សហគមន៍នេះមានតំបន់ទេសភាពទូទៅ និងទីទួលប្រាសាទបុរាណ។ប្រាសាទនីមួយៗស្ថិតដាច់ឆ្ងាយពីគ្នា ដែលតម្រូវឱ្យភ្ញៀវមកលេងមានជម្រើសដើរទស្សនាដោយស្នាក់នៅ ២ យប់ ឬជម្រើសមិនស្នាក់នៅ តែអាចជួលម៉ូតូឌុបជិះ ដោយមានមគ្គុទេសក៍ទេសចរណ៍ពន្យល់ពីប្រវត្តសាស្ត្រនិងការបម្រើម្ហូបអាហារផងដែរ។
លោក ផុន បានបញ្ជាក់ថា៖ «ពេលនេះពលរដ្ឋបានរួមគ្នាអភិរក្សធនធានធម្មជាតិក៏ដូចជាសត្វព្រៃ តំបន់ប្រាសាទដើម្បីបម្រើលើវិស័យទេសចរណ៍។ពួកគាត់បានអាស្រ័យផលទៅលើវិស័យនេះដូចជា ការចិញ្ចឹសត្វ មាន់ទា ជ្រូកនិងពិសេសដាំដំណាំកសិកម្មសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរណ៍»។
លោកបានរៀបរាប់បន្តទៀតថា៖«សហគមន៍ការពារធម្មជាតិព្រៃធំ អន្លង់ធំភ្នំគូលែន មានអនុផលដូចជាគូលែនព្រៃធម្មជាតិ គុយ សិរមាន់ ផ្ញៀវ មានឱសថបុរាណ ទឹកធ្លាក់តំបន់ប្រវត្តិសាស្ត្រ តំបន់បុរាណស្ថានទេសភាពស្រស់ស្អាតមើលពីលើភ្នំទៅភូមិខាងក្រោមផងដែរ»។
ក្រៅពីសេវាកម្មនាំភ្ញៀវទស្សនាតំបន់ទីទួលបុរាណប្រាសាទបុរាណ និងតំបន់ទេសភាពទូទៅហើយសហគមន៍ក៏មានទីតាំងសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ដោយដៃដូចជា ត្បាញកន្ទេលកញ្ជើរ ចង្អេរ ទីតាំងដំដែក ដែលជាមុខរបរពីដូនតាមក។ រោងសិប្បកម្មមានផ្ដល់ការបង្រៀនអនុវត្តផ្ទាល់ដល់ភ្ញៀវទេសចរដែលមកដល់ទីតាំងផ្ទាល់ផងដែរ។
ព័ត៌មានលម្អិតអំពីសេវាកម្មសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំភ្នំគូលែនមាននៅលើហ្វេសប៊ុក សហគមន៍ភ្នំគូលែនhttps://www.facebook.com/PhnomKulenCommunity ឬទំនាក់ទំនងប្រធានសហគមន៍ផ្ទាល់តាមរយៈលេខ 085 404 640 ឬ 068 651134 និងលេខអនុប្រធានសហគមន៍ 061 322 311៕