ទេសចរណ៍

«ម្លប់បៃតង» ល្បីមាន់ដុតទឹកឃ្មុំ ទីលម្ហែសមបំណងអ្នកចូលចិត្តទេសភាពស្ងប់ស្ងាត់

October 22, 2024
លៀប ទេពិទូ
Heading
Option 1

សៀមរាបៈ ការ​​រចនា​បែបទេសភាពស្រុកស្រែ​និង​រសជាតិ​មាន់​ដុតទឹកឃ្មុំ​ដ៏ឆ្ងាញ់​​ បានធ្វើ​ឱ្យ​ភោជនីយដ្ឋាន «ម្លប់​បៃតង» ក្លាយទី​​សម្រាក​លម្ហែ​ដ៏​ស្ងប់ស្ងាត់ដែល​ភ្ញៀ​វ​អាច​ស្រូប​ខ្យល់ធម្មជាតិ ​​ បំបាត់ទុក្ខ​កង្វល់ និង​ភ្លក្ស​អាហារ​ខ្មែរ​ស្រុក​ស្រែ​ចម្ការក្រោមម្លប់ឈើ​​​​​ជំនោរ​ធម្មជាតិ​ត្រជាក់​កាយ​។

​​​សាងសង់​លើ​ផ្ទៃ​ដី​ជិត ​២ ​ហិកតា ម្លប់បៃតង ​​មាន​​បឹងធំ​ស្ថិត​នៅចំកណ្ដាល​ដែលពោរពេញ​ដោយ​ដើមឈូក និងព្រលឹត​រីកស្គុសស្គាយ។ នៅលើ​បឹង​មាន​ស្ពាន​​ឫស្សី​សម្រាប់​ដើរ​ឆ្លង​កាត់ក៏ដូចជា​​កន្លែង​ដែល​ភ្ញៀវ​អាច​ថត​រូបស្អាតៗ​ជាមួយធម្មជាតិ​ផង​ដែរ។

បន្ទាប់ពីដើរលេង​ថត​រូប​រួចហើយភ្ញៀវ​ក៏អាច​ចូលទៅ​អង្គុយសម្រាក​ក្រោម​ម្លប់ក្យូស ដើម្បី​ស្រស់ស្រូប​​អាហារ​ល្បី​ប្រចាំហាង​ផង​ដែរ។

ម្លប់បៃតង​មាន​ ក្យូស​ឈើ​ប្រក់​ស្បូវ​​ចំនួន ១៧ ​ដែល​​ហែហម​ដោយ​​ដើម​ត្នោតដើម​ស្វាយ ដើម​ក្រូចវល្លិ ចេកទឹក និង​មាន​ផ្កា​ចម្រុះ​ពណ៌​ បង្កើត​បាន​ជា​បរិយាកាសស្រស់ស្រាយ​ក្នុង​​​អង្គុយ​សម្រាក​គេង​យោល​អង្រឹង​​​យ៉ាង​​រីករាយ​។​

ភោជនីយដ្ឋាន​ដ៏​ពេញនិយម ​និងរក្សាបាន​បរិយាកាស​ស្ងប់ស្ងាត់​មួយនេះមាន​បម្រើ​ជូន​នូវ​ម្ហូបអាហារ និង​ភេសជ្ជៈ​ដ៏​មានឱជារស។

​ជម្រើស​​​​ម្ហូប​ខ្មែរប្រចាំហាងមានដូចជា​​​មាន់​អាំង​អំបិល​ម្ទេស មាន់​លីង​អំបិល​ម្ទេស មាន់​​​​អាំង​ទឹកឃ្មុំនិង​មាន់​ដុត​ទឹក​ឃ្មុំ។ ​​​​ម្ហូប​ជា​ច្រើនមាន​​​ទៀត​ដូចជាត្រី​ដុត​ទឹក​ត្រី​ផ្អែម ទឹក​គ្រឿង ប្រហុកលីង សម្ល​ម្ជូរ​ស្រែ សម្លម្ជូរ​ព្រៃនិង​ស្ងោរជ្រក់ មាន់​ស្រែ និង​បន្លែ​ធម្មជាតិផងដែរ ​។

សាច់ និង​គ្រឿងផ្សំសម្រាប់​យក​ទៅ​ចម្អិន​ម្ហូបនេះទៀត​សោតក៏​ត្រូវបាន​ទិញ​ពី​ប្រជាសហគមន៍​ បន្ថែមពី​លើ​ឱកាស​ការងារ​ ដែល​​រួមចំណែក​ដល់សេដ្ឋកិច្ច​គ្រួសារប្រជាពលរដ្ឋ​ក្នុង​តំបន់​​ផង​ដែរ។​

​ថ្ងៃ​ធម្មតា ភោជនីយដ្ឋាន​​ទទួល​បាន​ភ្ញៀវ​ប្រមាណ ១០០ នាក់​ដោយ​ចំនួន​កើន​ឡើង​ជាង​​ទ្វេ​ដង​នៅ​ចុង​សប្ដាហ៍​​។ រីឯ​ថ្ងៃ​បុណ្យ​ទាន ចំនួនទេសចរ​​មក​​កម្សាន្ត​យ៉ាង​ច្រើន​កុះករលើស​ពី​ចំនួន​ក្យូស​ដែល​មាន​រហូត​​ភ្ញៀវ​មួយ​ចំនួនសុខចិត្ត​​​ក្រាល​​កន្ទេល​អង្គុយ​លេង​មាត់​ទឹក​ទៀត​ផង​។

ភោជនីយដ្ឋាន ​ម្លប់​បៃតង មានទីតាំង​ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀមរាប នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៦ ទៅ​បារាយណ៍​​ខាង​លិចចុះ​ពី​ផ្លូវ​ជាតិ​តាម​ស្ពាន​វត្ត​ខ្នាត​​ប្រហែល ៨00​ម៉ែត្រ​។ ម្លប់បៃតងចាប់បើកពី​​​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ​ល្ងាច។ ទំនាក់ទំនង​​​គេហទំព័រ​ហ្វេ​ស​ប៊ុ​កម្លប់បៃតង និង​​​​ទូរស័ព្ទលេខ ០១២ ៨២១០០៤​​៕​

អត្ថបទពេញនិយម

អត្ថប្រយោជន៍ទាំង ៦ បានមកពីទម្លាប់នៅ Gym

ពិធីសែននំចាំង មានអត្ថន័យដូចម្តេច? សែនបែបណាទើប ត្រឹមត្រូវ?

តើពិភពលោកនឹងទៅជាយ៉ាងណា បើគ្មានមូស?

សិតទៀនវស្សា ជាព្រះរាជពិធី និងជាទំនៀមរបស់ពុទ្ធបរិស័ទ មានសារៈសំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា

អ្នកប្រើ Facebook និង IG បារម្ភពីឯកជនភាព ខណៈ Meta យកព័ត៌មានសាធារណៈបណ្ដុះ Chatbot