ក្រោយពីឆ្លងកាត់ប្រកួតសម្រិតសម្រាំងថ្នាក់ជាតិទាំងសិស្សសាលារដ្ឋនិងឯកជន បេក្ខភាពកម្ពុជា ១១៩នាក់ បានឈ្នះមេដាយសរុបចំនួន ៧៩ ពីការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤ (SIMOC 2024) ដែលប្រមូលផ្តុំអ្នកចូលចិត្តគណិតវិទ្យាវ័យក្មេងមកពីជុំវិញពិភពលោកមកបញ្ចេញសមត្ថភាពចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែកក្កដានៅប្រទេសសិង្ហបុរី។
ក្នុងចំណោមបេក្ខជនចំនួន៥៧០៧៥ នាក់ មកពី៣៨ប្រទេសទូទាំងពិភពលោក សិស្សកម្ពុជាបានឈ្នះមេដាយមាសចំនួន១១ ប្រាក់ ២១ និងមេដាយសំរឹទ្ធចំនួន ៣៣ រួមជាមួយមេដាយកិត្តិយសចំនួន ១៤ គួរជាទីមោទនៈ។
លោកយ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ដែលបានសហការគ្នាជាមួយសាលាអន្តរជាតិចំនួន ២១ ដើម្បីរៀបចំការប្រកួតថ្នាក់ជាតិបាននិយាយថា៖ «ក្នុងចំណោមបេក្ខជនកម្ពុជាទាំង ១១៩នាក់ក៏មានកូនប្រុសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមប្រកួតផងដែរគឺប្អូនប្រុស ហ៊ុន ពេជមុនីរិទ្ធិសិទ្ធិដែលប្អូនធ្លាប់ទទួលបានមេដាយមាសក្នុងការប្រកួតគណិតវិទ្យាសង្ហបុរីអាស៊ីអន្តរជាតិ (SASMO) ២០២៤កម្រិតថ្នាក់ទី១»។
កុមារាហ៊ុន ពេជមុនីរិទ្ធិសិទ្ធិជាសិស្សថ្នាក់ទី ១ នៃសាលាអន្តរជាតិភ្នំពេញ ទទួលបានមេដាយប្រាក់ចំណាត់ថ្នាក់លេខ ១ ក្នុងសាលា និងប្រចាំប្រទេស និងទី ១៧ ទូទាំងពិភពលោក។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ចៅ រិទ្ធិសិទ្ធិ ប្រឡងនៅសិង្ហបុរីបានមេដាយប្រាក់មួយនិងសំរឹទ្ធមួយ។ខុសពីនៅឌូបៃដែលចៅសិទ្ធិរៀននៅមតេយ្យតែត្រូវប្រឡង ជាមួយសិស្សថ្នាក់ទី១។លើកនេះ ចៅសិទ្ធិ ត្រូវប្រឡងជាមួយសិស្សដែលមានកម្រិតខ្ពស់ជាង»។
ការប្រកួតជាក្រុមតម្រូវឱ្យបេក្ខជនកម្ពុជាដោះស្រាយវិញ្ញាសាជាក្រុមដែលមានសមាជិក៥ នាក់មកពីបណ្តាប្រទេសខុសៗគ្នា។ បេក្ខជនអាចប្រើប្រាស់និងអភិវឌ្ឍជំនាញប្រាស្រ័យទាក់ទងគ្នា ជំនាញធ្វើការជាក្រុម កិច្ចសហប្រតិបត្តិការនិងជំនាញភាពជាអ្នកដឹកនាំ ក្នុងការប្រកួតជាក្រុមបែបនេះដែលសុទ្ធសឹងជាជំនាញសតវត្សទី២១។
ការប្រកួត SIMOC មាន ៣ វិញ្ញាសារ រួមមាន វិញ្ញាសាគណិតវិទ្យា ប្រកួតជាឯកទត្តជន Math Olympiad (MO) វិញ្ញាសារល្បែងគិតលេខ ប្រកួតជាក្រុម Math Warrior (MW) and Math Master Mind (MMM) និងវិញ្ញាសារល្បែងប្រាជ្ញា ប្រកួតជាក្រុម Mind Sport (MS)។
កុមារី សេងសំរេច សិរីរ័ត្នសិស្សថ្នាក់ទី ២ នៃសាលាអន្តរជាតិ អាយ.ស៊ី.អេស ក៏ទទួលបានមេដាយចំនួន ៣ផងដែរ ដែលបង្ហាញពីទេពកោសល្យកំពុងរីកចម្រើនរបស់កម្ពុជាក្នុងផ្នែកគណិតវិទ្យា។
លោកស្រី ជា សំរេចដែលអមដំណើរកូនស្រីទៅចូលរួមប្រកួតប្រជែងគណិតវិទ្យានៅប្រទេសសិង្ហបុរីបានឱ្យដឹងថា កុមារី សេងសំរេច សិរីរ័ត្ន អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ទទួលបានមេដាយប្រាក់ចំនួន ២ លើវិញ្ញាសារ (Maths Warriors & Mind Sports Challenge) និងបានវិញ្ញាបនប័ត្រកិត្ដិយសមួយ(Math Olympia)។
លោកស្រី បានឱ្យដឹងថា៖«មុនពេលចូលរួមប្រកួតប្រជែងដំបូងគាត់ទទួលបានមេដាយជាសិស្សពូកែក្នុងក្របខ័ណ្ឌក្នុងប្រទេសដើម្បីមានសិទ្ធិអាចចុះឈ្មោះប្រឡងកម្រិតអន្តរជាតិនៅប្រទេសសិង្ហបុរី»។
លោកស្រី សំរេច បានសម្ដែងចំណាប់អារម្មណ៍ថា៖ «ឪពុកម្តាយមានសេចក្តីរីករាយ ដោយបានឃើញកូនៗមានសេចក្តីក្លាហានខិតខំប្រឹងប្រែងរៀនសូត្រ ហ៊ានចូលរួមប្រឡងកម្រិតអន្តរជាតិ។ បើទោះជាបានមេដាយឬមិនបាន ក៏ជាបទពិសោធន៍ដ៏ល្អសម្រាប់ការសិក្សារបស់ពួកគេ»។
លោក សុភ័ណ្ឌ បានឱ្យដឹងថា បេក្ខជនជ័យលាភីនៅប្រទេសសិង្ហបុរី នឹងទទួលបានមេដាយ មាស ប្រាក់ សំរិទ្ធ រួមជាមួយនឹងពិន្ទុអាហារូបករណ៍សម្រាប់ចូលរួមកម្មវិធីបោះជំរុំ ភាពជាអ្នកដឹកនាំវ័យក្មេង (YALA) នៅចុងឆ្នាំ២០២៤នេះ នៅប្រទសចិន។
លោក បានបន្តទៀតថា៖ «បេក្ខជននឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការបង្ហាញសមត្ថភាពលើឆាកអន្តរជិតការអភិវឌ្ឈចំណេះដឹងគណិតវិទ្យារួមជាមួយនឹងជំនាញទន់តាមរយៈការប្រកួតជាក្រុម និងបង្កើតទំនាក់ទំនងជាមួយសិស្សពូកែៗមកពីបណ្តាប្រទេសទាំង៣០ប្រទេសជុំវិញពិភពលោក»។
កាលពីឆ្នាំ២០២៣មានបេក្ខជនកម្ពុជាចូលរួមការប្រកួតនេះចំនួន ៣៧នាក់ បានឈ្នះពាន១ និងមេដាយសរុបចំនួន៤២គ្រឿង ជូនប្រទេសជាតិ។
លោក សុភ័ណ្ឌ បានសង្កេតឃើញថា៖ «សិស្សានុសិស្សកម្ពុជាមានការរីកចម្រើនលើមុខវិជ្ជាគណិតវិទ្យាគួរឲ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលមានកំណើននៃបេក្ខជនដាក់ពាក្យចូលប្រកួតការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សផ្ទាល់ និងការជំរុញអាណាព្យាបាលសិស្សដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាគម្រូក្នុងការបញ្ជូនកូនប្រុសឲ្យចូលរួមការប្រកួតគណិវិទ្យាកម្រិតអន្តរជាតិបែបនេះ៕