ទេសចរណ៍

ស្រុកវាលវែង ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញ ដែលទេសចរមិនដែលរំលង

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ពោធិ៍សាត់ៈបន្ទាប់ពី​លេចចេញ​នូវ​សមិទ្ធផល​ផ្លូវជាតិ​លេខ ​៥៥ រួចមក ទឹកដី​ស្រុក​វាលវែងខេត្ត​ពោធិ៍ សាត់ បាន​នឹង​កំពុង​អភិវឌ្ឍ​ខ្លួន​ទៅមុខ​ជា​លំដាប់ពិសេស​លើ​វិស័យ​ទេសចរណ៍ ដែល​ក្នុងនោះ​រួមមាន រមណីយដ្ឋាន​កែច្នៃតំបន់​ទេសចរណ៍ធម្មជាតិ​ព្រៃភ្នំ ទឹកធ្លាក់ និងកន្លែង​កម្សាន្ត​ជាប់​ព្រំដែន​ប្រទេស​ថៃដែល​ទីតាំង​ទាំងអស់នេះ សុទ្ធសឹងតែ​ជាទី​គាប់​ប្រាថ្នារបស់​បណ្ដា​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​។

​លោក ធៀង ឡេង អភិបាលស្រុក​វាលវែងបានបញ្ជាក់​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ចំនួន ៣៧ ស្ថាប័ន​ដែលដឹកនាំ​ក្លឹប​អ្នកកាសែត​កម្ពុជា​ឱ្យដឹងថា​៖ «​ស្រុក​វាលវែង​នេះ​បានចាប់ផ្តើម​អភិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់យ៉ាង​ឆាប់រហ័ស​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធនិង​ការ​អភិ​វិ​ឌ្ឍ​ន៍​នានា​នៅក្នុង​មូលដ្ឋាន ហើយ​ចុងក្រោយ​យើង​ឃើញ​មាន​ផ្លូវ​ ២​ខ្សែ​ដែល​ឆ្លងកាត់​ស្រុក​វាលវែង គឺ​ផ្លូវជាតិ​លេខ​ ៥៥ ព្រំដែន​ជាប់​នឹង​ខេត្ត ត្រាត​ប្រទេស​ថៃនិង​ផ្លូវ​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវជាតិ​លេខ​ ១០ ដែល​ឆ្ពោះទៅកាន់​ខេត្តកោះកុងដែល​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមក​ស្រុក​ខ្ញុំ​តាមរយៈ​ភ្នំ​១៥០០ដែលជា​ផ្លូវ​អន្ទង់អាំង និង​តំបន់​អូរ​សោមដែលជា​តំបន់​មាន​សក្កា​នុព​ល​បរិស្ថាន​ធម្មជាតិ បរិយាកាស​ត្រជាក់​»​។

​លោក​អភិបាលស្រុក​បន្តថាក្នុងដំណាក់កាល​ក្រោយ​កូ​វីដ​១៩​នេះ ស្រុក​វាលវែង បានក្លាយ​ទៅជាទី​ចាប់អារម្មណ៍​របស់​ទេស​ចរ​ជិត​ឆ្ងាយ ដែល​ស្រឡាញ់​ទីតាំង​ធម្មជាតិហើយ​ជា​រៀងរាល់ថ្ងៃ ទី​ដ៏​ត្រកាល​នេះទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​យ៉ាងច្រើន ជាពិសេស​ថ្ងៃ​ចុង​សប្តាហ៍ដែលមាន​រថយន្ដ​ទេសចរណ៍​រាប់ពាន់​គ្រឿង​ចូលមក​ទស្សនា​។​

​សូមជម្រាបថា ស្រុក​វាលវែង​មាន​ឃុំ​ចំនួន ៥ រួមមាន ឃុំ​អន្លង់​រាប ឃុំ​ក្រពើ​ពីរ ឃុំ​អូរ​សោម ឃុំ​ថ្មដា ពិសេស​ឃុំ​ប្រមោយដែលជា​តំបន់​សម្បូរ​សត្វ​ដំរី និង​មាន​ទីតាំង​នៅក្បែរ​ភ្នំ​ខ្មោច​។

​ទាក់ទង​នឹង​ប្រវត្តិ​តំបន់​ដំរី​នេះ លោក ធៀងឡេង អភិបាលស្រុក​វាលវែង បាន​ពន្យល់ថា  កាលពី​ដើមឡើយ លោក អ៊ូ​ន យ៉ង់ ដែលជា​អតីត​អភិបាលស្រុក​ស្រុក​វាលវែងជា​អ្នក​ជឿ​ទៅលើ​ជំនឿ​អ​បិ​យ ជាពិសេស​ជំនឿ​លើ​សត្វ​ដំរី​នៅ​តំបន់​នោះ ដូច្នេះ​លោកក៏បាន​សាងសង់​រូបសំណាក់​ដំរី​ចំនួន​៥​ក្បាល ទុកជា​ទៅ​កន្លែង​សក្ការៈបូជាលុះ​នៅ​អំឡុង​ឆ្នាំ​ ២០២៣ ទីតាំង​សាង់សង់​រូបសំណាក់ ដំរី​នេះត្រូវបាន​ជួសជុល​សាងសង់​ឡើងវិញ ក្លាយជា​រង្វង់​ប្រមោយ ដែលមាន​រូបសំណាក់​ដំរី​រហូត ៥០៥ក្បាល​។

​សម្រាប់​រូបសំណាក់​ដំរី​រហូត ៥០៥ ក្បាល​នេះត្រូវបាន​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​៖ «​រង្វង់​មូល​ស្រុក​វាលវែង រចនា​ឡើង​យ៉ាង​ប្លែក​ខុសពី​គេឯងដោយ​តាំង​ព័ន្ធ​ជុំវិញ ដោយ​សត្វ​ដំរី​ញី រហូតដល់​ទៅ ​៥០៥​ក្បាល មានន័យថាកាល​ចាប់ផ្តើម​ស្រុក​ដំបូង​មាន​៥​ឃុំ មាន​សមាជិក​ក្រុមប្រឹក្សាឃុំ ចំនួន ​៥​នាក់និង​បន្ស៊ី​ជាមួយ​ឈ្មោះ​ផ្លូវ​លេខ ​៥៥​តែម្តង ហើយ​ដំរី​ ៥០៥​ក្បាល​នេះ  គឺជា​បេះដូង​របស់ ស្រុក​វាលវែងដែល​ភ្ញៀវ​ភាគច្រើន​មក​ទីនេះ តែង​ចូលមក​ថត​សែ​ល​ហ្វី​ជាមួយ​ហ្វូង​ដំរី​ដ៏​ច្រើនសន្ធឹកសន្ធាប់ ទុកជា​អនុស្សាវរីយ៍ ព្រោះ​ចូលមក​ដល់​វាលវែង បើ​មិនបាន​ថត​ជាមួយ​ដំរីស្មើនឹង​អត់​បាន​ស្គាល់​វាលវែង​»​។​

​ដើម្បី​ធ្វើដំណើរ​ទៅកាន់​រង្វង់​មូល​ប្រមោយភ្ញៀវទេសចរ អាចធ្វើ​ដំណើរ​ចេញពី​ខេត្តពោធិ៍សាត់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៥៥ចម្ងាយ​ប្រមាណ​ជាង​ ១១០​គីឡូម៉ែត្រ ទេសចរ​នឹង​បាន​ទៅដល់​រង្វង់​មូលប្រមោយដំរី​ដ៏​ស្អាត និង​ប្លែក ដែលជា​ទីរួមស្រុក​វាល​វែង​នេះ​តែម្ដង​។​

​មកដល់​រង្វង់​មូល​នេះ អ្នក​កម្សាន្តអាចមាន​ជម្រើស​ជាច្រើន ក្នុងការ​ទៅកាន់​គោលដៅ​ទេសចរ​ជាច្រើនដែល​អាច​បត់​ស្ដាំ​ទៅ​ឃុំ​ក្រពើ​ពីរ និង​បត់​ឆ្វេង​ទៅ​ឃុំ​អូរ​សោមឬ​ធ្វើដំណើរ​ទៅ​ត្រង់ គឺ​ទៅកាន់​ផ្លូវ អន្ទង់អាំង ឬ​បុ​ប្ជា​លាក់ខ្លួនដែលមាន​រមណីយដ្ឋាន​ជា​ច្រើនយ៉ាង​សម្បូរបែប​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ផ្លូវ​អន្ទង់អាំងឬ បុ​ផ្ផា​លាក់ខ្លួន ស្រុក​វាលវែង​មាន​តំបន់​ទេសចរណ៍  ជាច្រើន​ទៀត​រួមមាន ទឹកធ្លាក់​ដា​តូចទឹកធ្លាក់​ដា​ធំ ទឹកធ្លាក់​ភ្នំ​ទំព័រ តំបន់​អូរ​សោមនិង​ទឹកធ្លាក់​លាក់ខ្លួន​ជាច្រើន​ទៀត​៕

អត្ថបទពេញនិយម

ពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ធ្វើឡើងដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខ

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមាន ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន ៨៥ កន្លែងឯណោះ។

អ្នកជំនាញមហារីក ប្រាប់គន្លឹះចំនួន ១០ ការពារស្ត្រីពីជំងឺមហារីកសុដន់

Wake Park Cambodia កន្លែងជិះស្គីលើទឹកដ៏ប្លែកដំបូងគេ នៅក្រុងសៀមរាប

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី