ទេសចរណ៍

«ផ្កាព្រៃរីស៊ត» ឋានសួគ៌សម្រាកលម្ហែ នៃដែនដីធម្មជាតិស្រស់បំព្រង ក្នុងស្រុកសំឡូត

October 22, 2024
សួស យ៉ាមី
Heading
Option 1

បាត់ដំបងៈ ផ្កា​ព្រៃ​រី​ស៊​តគឺជា​ទីតាំង​សម្រាកលម្ហែ​ដ៏​ស្រស់ស្អាត​មួយ ល្បី​ប្រចាំ​ទឹកដី​បាត់ដំបងដែល​សាងសង់​តាម​ចង្កេះភ្នំ រចនា​ឡើង​យ៉ាង​ប្លែក​ភ្នែកព័ទ្ធ​ទៅដោយ​ធម្មជាតិ​ព្រៃឈើ​ជួរ​ភ្នំ​ដ៏​ត្រកាលនិង​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង​។

ប្រភព៖​ ផ្កាព្រៃ រីស៊ត Pkaprey Resort

​ដើម្បី​ទៅលេង​ផ្កា​ព្រៃ​រី​ស៊​ត ភ្ញៀវទេសចរអាចធ្វើ​ដំណើរ​ចេញពី​ក្រុង​បាត់ដំបង ឆ្ពោះទៅកាន់​ស្រុក​សំឡូត តាមផ្លូវ​ជាតិ​លេខ​ ៥៧រហូត​ទៅដល់​ផ្លូវបំបែក​ផ្សារ​រ៉ែ​ដែក រួច​បន្តដំណើរ​តាមផ្លូវ​សំឡូត​ចាស់នឹង​ទៅដល់​ទីតាំង ហើយ​រី​ស៊​ត​នេះ​មាន​ចម្ងាយ​ប្រមាណ​ជាង ៨០​គីឡូម៉ែត្រពី​ក្រុង​បាត់ដំបង​។  

​មកដល់​ទីតាំង​ភ្លាម អ្នកទេសចរច្បាស់​ជា​រសាយ​អស់​នូវ​ភាពស្មុគស្មាញ​ទាំង​អម្បាលម៉ាន ត្បិត​ទេសភាព​ពណ៌​បៃតងជំនោរ​ខ្យល់​ត្រជាក់ ក្លិនពិដោរ​ដ៏​ឈ្ងុយ​ឈ្ងប់ ហាក់​ចូលមក​ប្រលោម​លួងលោមធ្វើឱ្យ​អ្នក​សប្បាយ​ក្នុង​ចិត្ត និង​មិន​ចង់ឱ្យ​ទៅណា​ឆ្ងាយ​ពី​ទីនេះ​។

ប្រភព៖ ផ្កាព្រៃ រីស៊ត Pkaprey Resort

​បង្អួតរាង​លើ​ចង្កេះភ្នំ រី​ស៊​ត​ដ៏​មនោ​រម្យ​នេះរៀបចំ​រចនា​ឡើង​យ៉ាង​ទាក់ទាញ ក្រាល​ក្រប​ដោយ​វាលស្មៅ រុក្ខជាតិ​តូចធំសួនច្បារ​ផ្កា​ចម្រុះ​ពណ៌ មាន​ទោង​យោល កន្លែង​អង្គុយលេង កន្លែង​ថតរូប​ស្អាតៗនិង​ទី​សម្រាប់​លម្ហែ​គយគន់​ធម្មជាតិ​ជាដើម សំខាន់​ផ្ទះ​លម្ហែ​ជាច្រើន បាន​ផុស​ឡើង​តម្រៀប​គ្នាក្រវ៉ាត់​ចង្កេះភ្នំ គួរឱ្យ​ចង់​ស្នាក់នៅ​។

ប្រភព៖ ផ្កាព្រៃ រីស៊ត Pkaprey Resort

​កញ្ញា វឿន សុ​ភ័ស្សអ្នកទទួល​ភ្ញៀវ​នៅ​ផ្កា​ព្រៃ​រី​ស៊​ត​បាន​ប្រាប់​សារព័ត៌មាន SR ថា​៖ «​ផ្កា​ព្រៃ​រី​ស៊​ត​បង្កើតឡើង​នៅ​ឆ្នាំ​២០២២ ស្ថិតនៅលើ​ចង្កេះភ្នំ មាន​ជួរ​ភ្នំ​ជុំវិញ​ទាំងអស់ គឺ​ធម្មជាតិ​ស្រស់បំព្រង​តែម្តងជាពិសេស​នៅ​រដូវវស្សា នៅពេល​ដែលមាន​ភ្ញៀវ​ធ្លាក់​តិចៗ រី​ស៊​ត​ផ្កា​ព្រៃមាន​ចុះ​អ័ព្ទ​ច្រើន​ពាសពេញ​មេឃ​ទាំងអស់ ហើយ​នៅពេល​ព្រឹក យើង​អាច​ឡើង​ទៅលើ​ភ្នំអង្គុយ​មើល​ថ្ងៃ​រះ ស្រូបយក​ខ្យល់​បរិសុទ្ធ ស្រស់ស្រាយពេល​រសៀល​យើង​ក៏​អាច​អ​ង្គុ​មើល​ថ្ងៃ​លិច​បានដែរដែល​ព្រះអាទិត្យ​ជះ​ពន្លឺ​ពណ៌​មាស​ស្អាត​ណាស់​»​។

ប្រភព៖ ផ្កាព្រៃ រីស៊ត Pkaprey Resort

​នៅ​ផ្កា​ព្រៃ​រី​ស៊​ត ភ្ញៀវទេសចរ អាចមក​សម្រាកលម្ហែនិង​មក​កម្សាន្ត​លេង​បាន​ដូចគ្នា ដោយ​ទីនេះ បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃក្នុងនោះ​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ បើក​ដំណើរការ​ចាប់ពី​ម៉ោង​៧ ព្រឹក ដល់​ម៉ោង​៧យប់ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ ចាប់​បើក​ដំណើរការ​ពី​ម៉ោង ៧ ព្រឹកដល់​ម៉ោង​៩​យប់​។

ប្រភព៖ ផ្កាព្រៃ រីស៊ត Pkaprey Resort

​សម្រាប់​ការ​ស្នាក់នៅ ទី​ដ៏​ត្រកាល​នេះមានផ្ទះ​ស្នាក់​ជាច្រើន​ប្រភេទ​ដូចជា ផ្ទះ​កញ្ចក់ តម្លៃ​១១៥ ដុល្លារ​,    តង់​ផែនដី​តម្លៃ៩៥​ដុល្លារ​, តង់​កណ្តឹង​ប្រណិត​តម្លៃ ៤៥​ដុល្លារ(​ពួក​១) និង​តម្លៃ ៥៥​ដុល្លារ (​ពួក​២),ផ្ទះ​ផ្កា​រីក​តម្លៃ១៨៥​ដុល្លារ និង​ផ្ទះ​វល្លិ​ជាដើម ដែល​ផ្ទះ​លម្ហែ​ទាំងអស់នេះ រៀបចំ​បាន​យ៉ាង​ស្អាតនិង​មាន​ផាសុកភាព ក្រៅពីនេះ​ក៏មាន​កន្លែង​សម្រាប់​បោះតង់​ផងដែរ​។  

​ក្រៅពី​ការ​ស្នាក់នៅ គេ​ក៏មាន​សេវា​ម្ហូបអាហារដែល​បម្រើ​ជូន​នូវ​ម្ហូប​ជាច្រើន​មុខ ជា​លក្ខណៈ​ជនបទ និង​ម្ហូប​ប្រចាំ​តំបន់និង​មាន​កាហ្វេ ក៏ដូចជា​ភេសជ្ជៈ​ជាច្រើន​ទៀត​។ បន្ថែម​ពីមុខ​ម្ហូប​ខាងលើ ទីនេះក៏មាន​ជា​ឈុត​សាច់​អាំង និង​ជា​ស្តេ​ក (Steak)ដែល​ស័ក្ក​សម​សម្រាប់​ទទួល​នាពេល​ល្ងាចឬ​ពេល​រាត្រី ដើម្បី​កំដរ បរិយាកាស​ឱ្យ​កាន់តែ​មានន័យ​។  

​សម្រាប់​សេវា​កម្សាន្ត​វិញ អ្នកទេសចរក៏​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី នៃ​កម្សាន្ត​បែប​ផ្សងព្រេង​តាម​ព្រៃភ្នំ (Adventure) ការ​ជិះ​ម៉ូតូ​កង់​បួន​ក្នុង​រី​ស៊​តនិង​ជិះ​លេង​តាម​ភូមិ និង​ការ​ទៅ​ងូតទឹក​លេង​ទឹកធ្លាក់​ជាច្រើន នៅក្នុង​តំបន់​នេះ​។​

ប្រភព៖ ផ្កាព្រៃ រីស៊ត Pkaprey Resort

​ផ្កា​ព្រៃ​រី​ស៊​តមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង​។គេហទំព័រ​ហ្វេ​ស​ប៊ុ​កៈ ផ្កា​ព្រៃ រី​ស៊​ត Pkaprey Resort ឬ​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទៈ០១៦ ៩២៩ ២ ០០/ ០១៧ ៩២៩ ២ ០០៕

អត្ថបទពេញនិយម

ជាងចម្លាក់លើស្បែកគោ ដាក់បេះដូង និងពេលវេលា ១២ឆ្នាំ ទំរាំក្លាយអ្នកមានទឹកដៃអាជីព

ឧទ្យានបៃតងដ៏ធំក្នុងស្ថានទូតបារាំង នឹងស្វាគមន៍សាធារណជនចូលទស្សនាថ្ងៃទី២១ ខែកញ្ញា

ទូច ប្រុសណុច៖ កីឡាករប្រដាល់ប្រើពេលខ្លីបំផុត ផ្តួលបរទេសឱ្យសន្លប់

ភ្ញៀវទេសចរជាង ៥ពាន់នាក់ ចូលរួមព្រឹត្តិការណ៍“Big Bike meeting Elite Night” នៅផាប់ស្ទ្រីត

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?