ខេត្ដកណ្ដាល៖ ការងារដោះមីនលើដីគោកគ្រោះថ្នាក់ណាស់ទៅហើយសម្រាប់ស្ត្រីភេទទំរាំដល់បេសកកកម្មក្រោមផ្ទៃទឹកទៀត។ នេះហើយជាអ្វីដែលធ្វើឱ្យយុវតី ស៊ីវលីនដា ទទួលបានការស្ងើចសរសើរបីដូចជាវីរៈនារីក្លាហានការពារជីវិតមនុស្សពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ(UXO)។
ក្នុងវ័យ២១ឆ្នាំ លីនដា ជាសមាជិកនៃអង្គភាពពិសេសប្រតិបត្តិការក្រោមទឹក (SDU) នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)។
កញ្ញាត្រូវបំពេញការងារបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីបាតទន្លេដោយការងារនេះទាមទារជំនាញ និងភាពក្លាហានក្នុងការឧបសគ្គមិនថាក្នុងបរិវេណទឹកល្អក់ឬទឹកថ្លានោះឡើយ។
ទោះជាទទួលស្គាល់ថាការងារដោះមីនក្នុងទឹកនេះពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក៏កញ្ញា លីនដា បានលើកឡើងថា៖ «នៅខែទឹកឡើងនេះ មើលអីអត់ឃើញទេងងឹតនៅក្នុងទឹក ហើយរាវដោយដៃសុទ្ធតែម្ដង។រាល់គ្រាប់យុទ្ធភណ្ឌត្រូវតែយកពីបាតទន្លេទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
ក្រោមការហ្វឹកហាត់និងអនុវត្ដជារឿយៗអ្នកដោះមីនក្នុងទឹករូបនេះ បានតាំងចិត្ដថា «គេធ្វើបានខ្ញុំក៏ធ្វើបាន»។
ជាមួយទុយោមួយខ្សែរុំចង្កេះនិងវែនតាមើលក្នុងទឹក កញ្ញា លីនដាផ្តោតលើការមុជទឹកខាំទុយោខ្យល់អុកស៊ីសែន ជំនួសឱ្យការស្ពាយធុងខ្យល់ជាមធ្យោបាយអាចដោះមីនប្រកបដោយប្រសិទ្ធភាព។
កញ្ញាបានបញ្ជាក់មូលហេតុថា៖«ការខាំទុយោជ្រមុជទឹក ងាយស្រួលជាងការប្រើប្រាស់ធុងពីព្រោះវាអត់មានឧបករណ៍ច្រើន តែទាមទារការហ្វឹកហាត់ឱ្យច្បាស់លាស់»។
លើសពីឧបសគ្គខ្យល់រលកធំៗ និងកម្ដៅថ្ងៃ កញ្ញាអាចជម្នះភាពភ័យខ្លាច និងចាត់ទុកបេសកកម្មដោះមីនក្នុងទឹកថាជាការងារសាមញ្ញដោយពុំតក់ស្លុតក្នុងស្ថានភាពណាមួយឡើយ។
រយៈពេល១ឆ្នាំនៃការបម្រើការដោះមីនក្នុងទឹកកញ្ញា លីនដា ធ្លាប់ប្រឈមស្ថានភាពដ៏គ្រោះថ្នាក់មួយគឺការទាក់ធុងអុកស៊ីសែនជាមួយក្បាលបូបតែកញ្ញាមានស្មារតីរឹងមាំអាចស្រាយបាន។
ត្បិតតែអាជីពប្រឈមគ្រោះថ្នាក់នេះយ៉ាងណាក៏ដោយក៏យុវតីមកពីខេត្តបាត់ដំបងរូបនេះទទួលបានកម្លាំងចិត្ត និងការគាំគ្រពីក្រុមគ្រួសារនិងអ្នកភូមិ ដែលសរសើរពីភាពក្លាហាន ហើយស្ញប់ស្ញែងចំពោះ បេសកកម្មជួយជាតិ។
កត្តាជំរុញឱ្យកញ្ញាលីនដា មានភាពក្លាហានដូច្នេះត្រូវបាននាងលើកឡើងថា៖ «គឺការស្រឡាញ់និងដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស និងសុខសុវត្តិភាពជូនប្រជាពលរដ្ឋ»។
ភាពក្លាហានរបស់អ្នកដោះមីនក្នុងទឹករូបនេះគ្មានព្រំដែននោះទេដោយយុវតីខ្មែររូបនេះមានឆន្ទៈស្ម័គ្រចិត្ដបំពេញបេសកកម្មផ្ដល់សន្ដិភាពនៅក្រៅប្រទេសថែមទៀត។
កញ្ញាប្រាប់ទៀតថា៖«បុរសធ្វើបាន នាងខ្ញុំជាស្ត្រីក៏អាចធ្វើបានហើយនាងខ្ញុំក៏សូមផ្ដាំផ្ញើទៅដល់បងៗជាស្ត្រីបើមានចំណាប់អារម្មណ៍ក្នុងអាជីពស្រដៀងនឹងខ្ញុំ បងៗត្រូវក្លាហាន និងហ៊ានត្រូវចេះលើកទឹកចិត្តខ្លួនឯង និងជឿជាក់លើសម្មភាពខ្លួនឯង»៕