ជីវិត និង សង្គម

យុទ្ធនាការជិះម៉ូតូម្នាក់ឯង ២៥០០០ គីឡូម៉ែត ពីអាល្លឺម៉ងមកកម្ពុជា រៃអង្គាសថវិកាបានជិត ៥ម៉ឺនដុល្លារហើយ

October 22, 2024
August Stella
Heading
Option 1

មិន​ដល់​មួយខែ​នៃ​ដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់​លើ​ទោចក្រយានយន្ត BMW R1250 តែម្នាក់ឯង បេសកកម្ម​របស់លោក លោក អ៊ុ ប៊ុន​រ៉េត ទទួលបាន​ថវិកា​បរិច្ចាគ​រហូតដល់​ជិត ៤៨៩៩១ ដុល្លារ​អាមេរិកគិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៤​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជាបាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា​៖ «​យុទ្ធនាការ​ជិះ​ម៉ូតូ​ធំ​ម្នាក់ឯងពី​ប្រទេស​អាល្លឺម៉ង មកកាន់​ប្រទេស​កម្ពុជា របស់លោក អ៊ុ ប៊ុន​រ៉េត ឆ្លងកាត់​ចំនួន២២ ប្រទេស ក្នុង​ចម្ងាយ​ផ្លូវ ២៥ ០០០ គីឡូ​ម៉ែត បាន​កៀរគរ​ថវិកា​បាន​ចំនួន​ជិត ៥​ម៉ឺន​ដុល្លារ​អាម៉េរិក​ហើយ​»​។​

​ថវិកា​ខាងលើនេះ​ទទួលបាន​ពី​សប្បុរសជន ២៣៧ នាក់ ហើយ​បេសកកម្ម​សប្បុរសធម៌​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​រៃអង្គាស​បាន​ថវិកា១០ ម៉ឺន​ដុល្លារ​។

​យុទ្ធនាការ​នេះ​គ្រោង​ចំណាយពេល​ជាង ៤ ខែ ពី​ខែកក្កដា ដល់​ចុងខែ​តុលា ឆ្នាំ​២០២៤ ដោយ​ការ​ជិះ​ម៉ូតូ​ធំ​តែម្នាក់ឯង​នេះក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌​ខ្មែរទៅកាន់​បណ្ដា​ប្រទេស​នីមួយៗ​ដែល​បាន​ឆ្លងកាត់ ក៏ដូចជា​ដើម្បី​កៀរគរ​ថវិកា​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជាដើម្បី​រួមគ្នា​រក្សា​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផងដែរ​។​

​មុន​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីក្រុង​មូ​និកប្រទេស​អាល្លឺម៉ង់ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី ៥ ខែកក្កដា ប្រធាន BMW Club កម្ពុជា លោក ប៊ុន​រ៉េត បាន​លើកឡើងថា​៖ «​កុមារ​គឺជា​ធនធាន​ដ៏​មានតម្លៃហើយក៏​ជា​ក្តីសង្ឃឹម​នៃ​អនាគត របស់​ពិភពលោក​ផងដែរ​។ កុមារ​កម្ពុជាសរុប​ជិត ​១​លាន​នាក់ បានមក​សម្រាក និង​ព្យាបាល នៅ​មន្ទីរពេទ្យ​គន្ធបុប្ផានា​ឆ្នាំ​២០២៣ និង​ប្រមាណ ​២៨​លាន​នាក់ ចាប់តាំងពី​ពេល​មន្ទី​ពេទ្យ​ចាប់​បើក​មក​»​។

​បុរស​វ័យ ​៤៤ឆ្នាំ​ដែល​ចូលចិត្ត​ជិះ​ម៉ូតូ​ធំ​ផ្សងព្រេងនិង​បំពេញបេសកកម្ម​សប្បុរ​ស​ធម៌​រូបនេះ​បាន​រៀបរាប់​ទៀតថា​៖ «​បន្ទាប់ពី​បាន​ស្ដាប់​បទ​បង្ហាញ​របស់លោក​គ្រូ ឃុន លាង​ឈុនដែលជា​អនុប្រធាន​មន្ទី​ពេទ្យ ខ្ញុំ​គិត​ចិត្ត​ថា ខ្ញុំ​នឹង​រួមចំណែក​ការងារ​រៃអង្គាស​ថវិកា​ដើម្បី​កុមារ​ជាមួយនឹង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»​។​

​ក្រៅពី​បំណង​ចម្បង​ជួយ​ដល់​មូលនិធិ​គន្ធបុប្ផាដែល​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​រាប់លាន​នាក់ ក្នុងប្រទេស​កម្ពុជាប្រធាន BMW Club រូបនេះ បន្ថែមថា បេសកកម្ម​ជិះ​ម៉ូតូ​ធំ​តែម្នាក់ឯង​នេះលោក​មានបំណង​បង្ហាញ​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រនិង​វប្បធម៌​ដ៏​រឹងមាំ​រវាង​ប្រទេស​អាឡឺម៉ង់ និង​កម្ពុជា​។លោក​ក៏​ចង់​បញ្ជាក់​ផងដែរ​ថា​កម្ពុជា គឺជា​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ និង​រួសរាយ​រាក់ទាក់ សម្រាប់​ភ្ញៀវ​ទេសចរណ៍​មកពី​អឺរ៉ុបនិង​ពិភពលោក​។​

​នៅ​ថ្ងៃទី ​២៩ខែកក្កដា ពេលដែល​ម៉ូតូ​របស់លោក​ទៅដល់​ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលីលោក​បាន​បង្ហោះ​រូបភាព​ក្រោម​កម្ដៅថ្ងៃ និង​បរិយាយ​ថា​៖ «​សីតុណ្ហភាព៣៤°c ប៉ុន្តែ​មាន​អារម្មណ៍​ហាក់ដូចជា ៣៨°c ដោយសារ​នៅ​អឺរ៉ុប​មិនមាន​សំណើម​ដូច​នៅ​តំបន់​អាស៊ី​។ ខ្ញុំ​មកដល់មី​ឡាន ប្រទេស​អ៊ីតាលី ជា​ប្រទេស​ទី​៦ក្នុង​ដំណើរ​ឆ្ពោះទៅ​កម្ពុជា​តែម្នាក់ឯង​ដោយ​ម៉ូតូ​។ ខ្ញុំ​សប្បាយ​ចិត្តនឹង​ឆ្លើយ​ប្រាប់​បរទេស​ថា ខ្ញុំ​ខ្មែរ ខ្ញុំ​ជិះ​ទៅ​កម្ពុជា​»​។​

​គួរ​បញ្ជាក់ថាការ​ជិះ​ម៉ូតូ​ខាងលើនេះ ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់សហគមន៍​អ្នក​ធុរកិច្ច​អាល្លឺម៉ង់​នៅ​កម្ពុជា (GBC) ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា។​

​លោក Stefan Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់បាន​សម្ដែង​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​មាន​សេចក្តីរំភើប​រីករាយនិង​គាំទ្រ​លោក អ៊ុ ប៊ុន​រ៉េត ក្នុងការ​បំផុសគំនិត​បង្កើត​ព្រឹត្តិការណ៍​នេះ​។ វា​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​២ និង​បង្ហាញ​ពី​សារសំខាន់​ភាពជា​ដៃគូ សាមគ្គីភាព មិត្តភាព​អន្តរជាតិនិង​ការងារ​សប្បុរសធម៌​»​។​

​ដំណើរ​ជិះ​ម៉ូតូ​របស់លោក​គ្រោង​នឹង​បញ្ចប់​នៅ​រាជធានី​ភ្នំពេញនៅ​ថ្ងៃទី ​២៥ ខែតុលា ឆ្នាំ​២០២៤ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ស្រា​បៀរ​ដ៏​ធំ​របស់​អាល្លឺម៉ង់​គឺ Oktoberfest Cambodia ។

​គួរ​រំឭក​ផងដែរ​ថា​កាលពី​ឆ្នាំ ២០១៦ លោក ប៊ុន​រ៉េត ធ្លាប់បាន​ដឹកនាំ​ក្លិប BMW ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស​ជាច្រើនជាមួយ​ម៉ូតូ BMW រត់​លើផ្លូវ​រាប់ពាន់​គីឡូម៉ែត្រដោយ​ជួបប្រទះ​នឹង​ស្ថានភាព និង​អាកាសធាតុ​ផ្សេងៗក្នុង​បំណង​ផ្សព្វផ្សាយ​ពី​កម្ពុជានិង​ជិះ​ម៉ូតូ​ដើ​ម្ប​រៃអង្គាសប្រាក់​សម្រាប់​មូលនិធិ​គន្ធបុប្ផាដើម្បី​រួមចំណែក​ជួយ​អនាគត​កូន​ខ្មែរ​។​

​ដោយសារ​ទរ​បេសកកម្ម​សប្បុរសធម៌​នេះមូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​លើកឡើងថា​៖ «​សូម​ថ្លែងអំណរគុណ​ជូន​សប្បុរសជន​ទាំង​ក្នុងនិង​ក្រៅប្រទេស​ទាំងអស់​ចំពោះ​ការចូលរួម​បរិច្ចាគរួមគ្នា​រក្សា​និរន្តរភាព​មន្ទីរពេទ្យ​គន្ធបុប្ផាដើម្បី​នាំ​ភាព​ញញឹម​របស់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​»​។​

​សម្រាប់​ការបរិច្ចាគ​ដល់​មូលនិធិ​គន្ធបុប្ផាសូម​ចូលទៅ​កាន់​តំណ​ភ្ជាប់ មូលនិធិគន្ធបុប្ផា

អត្ថបទពេញនិយម

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

Elon Musk គំរាមហាមឃាត់ឧបករណ៍ Apple ប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ខ្លួន

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

មូលហេតុដែល វណ្ណដា មានវត្តមានជាមួយតារាជាច្រើនក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកក្រុងប៉ារីស ២០២៤

អ្នកស្នេហាសៀវភៅត្រៀមខ្លួន! Big Bad Wolf ត្រឡប់មកវិញជាមួយសៀវភៅរាប់លានក្បាល