សេដ្ឋកិច្ច

ចានក្រដាស ផលិតចេញពីកាកអំពៅ មានគុណភាពខ្ពស់ ធន់ និងរក្សាទុកបានយូរ

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញ​: សំណល់​កាក​អំពៅ​ជាច្រើន​តោន ត្រូវបាន​លោកតាំង សុជាតិ ប្រមូល​យកមក​កែច្នៃ និង​ផលិត​បានចេញ​ជា​ចាន​ក្រដាស ដែល​គុណភាព​ខ្ពស់ ក្នុង​គោលបំណង​កាត់បន្ថយ​ការនាំចូល​ផលិតផល​ពី​បរទេស និង​ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​។  

​លោក តាំង សុជាតិ ប្រធាន​ក្រុមហ៊ុន អិ​ម ជី ផេ​ស៊ី​ហ្វិ​កបានឱ្យដឹងថា ផលិតផល​ចាន​ក្រដាស​នេះ មាន​គុណភាព​ខ្ពស់ និង​កម្រាស់​ក្រាស់ ដែល​រក្សាទុក​បាន​ចន្លោះពី​៥​ឆ្នាំ ទៅ​៦​ឆ្នាំ ហើយ​នៅតែ​រក្សាបាន​ទ្រង់ទ្រាយ​ដើម​ដដែល ជាពិសេស​វា​ធន់​នឹង​កម្ដៅដោយសារ ចាន​ក្រដាសនេះ ត្រូវបាន​ដុត​ដោយ​កម្តៅភ្លើង​ខ្លាំង​។

​លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន SR យ៉ាង​ដូច្នេះ​ថា​៖ «​កាក​អំពៅ​អាច​ចាក់​ជា​បន្ទះៗ​បានដោយសារ កាក​អំពៅ​មាន​សារ ជាតិ​សរសៃ ដែល​ធ្វើ​ឲ្យ​វា​ប្រទាក់ក្រឡា​គ្នា ខាំ​ស្អិត​ជាប់​គ្នានេះ​ជា​អំណោយ ពី​ធម្មជាតិ ដោយ​យើង មិនបាច់​ប្រើ​កាវ ដើម្បី​ឲ្យ​វា​ស្អិត​ជាប់​គ្នា​នោះទេអ៊ីចឹង​វា​ល្អ និង​ជាប់​ធន់ ហើយ​យើង​ក៏​ដុត​ចាន​នេះ ជាមួយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ក្នុង​សីតុណ្ហភាព​រហូតដល់២០០​អង្សា សេ​ឯណោះ​»​។​

​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ប្រមាណ​៥​នាក់​នេះអាច​ផលិត​ចាន​បាន​ចន្លោះ ៥០០ ទៅ​១០០០​ចាន​ក្នុង​មួយថ្ងៃ ដោយ​ចាន​ត្រូវបាន​វេច​ខ្ចប់ក្នុង​១​ឈុត​មាន​ចំនួន ៥០​ចាន ដែល​លក់​ក្នុងតម្លៃ ២  ម៉ឺន​រៀល និង​មាន​លក់​នៅតាម​ម៉ា​ត ផ្សារ និង​ផ្សារ​ទំនើប​។​

​ដំណើរការ​នៃ​ការផលិត​ចាន​ចេញពី​កាកសំណល់​កាក​អំពៅ​នេះប្រធាន​សិប្បកម្ម​ផលិត​ចាន បាន​រៀបរាប់ថា​៖ «​យើង​យក​កាក​អំពៅ​ណាពណ៌​សម្បុរ​ល្អ​មក ហាល​វា​ឲ្យ​ស្ងួត និង​ស្រួយ ហើយ​កាត់​វា​ខ្លីៗ​ដាក់​ក្នុង​ម៉ាស៊ីន​កំទេច​ឲ្យ​ល្អិតៗរួច​លាង​ទឹក​វា​ឲ្យ​ស្អាត ស្ងោរ​ក្នុង​ឆ្នាំង​ធំ​មួយ ដោយ​ផ្អាប់​ទុក​២០​ថ្ងៃ ឲ្យ​វា​ពុកផុយចេញ​ជាតិ​អាស៊ីត​អស់ រួច​យកទៅ​កូរ​ក្នុង​ម៉ាស៊ីន ឱ្យចេញ​ជា​ម្សៅ រួច​ចាក់​ជា​បន្ទះៗប្រើ​កម្លាំង​ម៉ាស៊ីន​២០​តោន សង្កត់​ឲ្យ​វា​ខាំ​ស្អិត​ជាប់​គ្នា បាន​យកទៅ​ស​ម្ងួ​ត​ឲ្យ​ស្ងួតចុងក្រោយ​ដាក់​វា​ចូលក្នុង​ពុ​ម្ភ​ចាន ប្រើ​កម្ដៅ​ដុត​២០០​អង្សា​សេ ទើប​ចេញ​ជា​លទ្ធផល​»​។

លោក​តាំង សុជាតិ បញ្ជាក់ថា ចាន​ក្រដាស​របស់លោកមាន​ទីផ្សារ​ល្អប្រសើរ​ ដោយ​ទទួលបានគាំទ្រ​ច្រើន ប៉ុន្តែ​មានបញ្ហា​ចម្បងមួយ​ គឺ​សោភ័ណភាពព្រោះ​ចាន​ក្រដាស​ដែលផលិត​ចេញពី​កាក​អំពៅ​នេះ មាន​សភាព​គ្រើម និង​មាន​ពណ៌​ប្រផេះ ឬ​ក្រ​ម៉ៅដែល​ខុសពី​ចាន​ដ៏​ទៃ​ដែលមាន​ពណ៌​ស រលោង ដែល​ចំណុច​ធ្វើឱ្យ​អតិថិជន​មួយចំនួនគិតថាចាននេះហាក់ពុំសូវមានអនាម័យ ប៉ុន្តែលោកអះអាងថា ចាននេះ បានដុតក្នុងសីតុណ្ហភាពលើសពី ១០០អង្សាសេដោយពុំមានមេរោគណាអាចរស់នៅបាន ឡើយ។

ទាក់ទង​នឹង​ការបង្កើត​ចាន​ផលិត​ចេញពី​កាក​អំពៅ​នេះបុរស​វ័យ​៤០​ឆ្នាំ​ខាងលើ បាន​រំឭកថា​៖« ខ្ញុំធ្លាប់បាន​ឆ្លងកាត់​ការសិក្សា​ជាច្រើន​មកហើយទាក់ទង​នឹង​ការធ្វើ​ចាន​អំពី​ដើម​ចេក ដើម​ឬ​ស្សីនិង​ដើម​ក្រចៅ អ៊ីចឹង​នៅក្នុង​ឆ្នាំ​២០១៣ ខ្ញុំ​ចាប់យក​កាក​អំពៅ​ធ្វើជា​ចាន​ជំនួស​វិញព្រោះ​វា​សម្បូរ និង​ងាយស្រួល​រក ហើយ​កាក​អំពៅ​មាន​សារធាតុ​សរសៃ​ស្រដៀង​ទៅនឹង​ដើម​ឫស្សី​ដែរចាប់ធ្វើ​ដំបូង ខ្ញុំ​ត្រូវ​កែច្នៃ​ម៉ាស៊ីន​ដើម្បី​ផលិត​ចាន ព្រោះ​យើង​អត់​មាន​ម៉ាស៊ីន​ពិបាក​រក​អ្នកបច្ចេកទេស ណាស់ ហើយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទាំងអស់ ខ្ញុំ​អភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយថ្ងៃ ដល់​បច្ចុប្បន្ន​»​។

​នាពេលខាងមុខ លោក តាំង សុជាតិ មាន​គម្រោង​ក្នុង​ការផលិត​កែវ​ក្រដាសទុយោ​បឺត​ធ្វើ​ពី​ក្រដាស និង​គ្រោង​ដាំ​ដើម​ឫស្សី ដើម្បី​លក់​កាបូន និង​យក​ដើម​ឬ​ស្សី​ចាស់ៗ​មក​ផលិត​ជា​ក្រដាសក្រដាសអនាម័យ ក្រដាស​សម្រាប់​ប្រើប្រាស់​នៅក្នុង​ការិយាល័យ ជាដើម​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន អិ​ម ជី ផេ​ស៊ី​ហ្វិ​កមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១៤​អា ផ្លូវ​៥០០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក  MG Pacific Company Limited ​ឬ​លេខ​ទូរ​សព្ទ​៖ ០២៣ ២២១ ៣៣៥/០៩៣​២៤៦ ៦៦៨៕

 

អត្ថបទពេញនិយម

៨ ចំណុច ដែលអ្នកគួរស្នាក់នៅផ្ទះសហគមន៍ (Homestay)

ឱកាសដ៏កម្រ ក្រុមតន្ត្រីយុវជនអង្គរ ផ្ដល់ការការប្រគំន្ត្រីក្លាសិក និងចម្រៀងអូប៉េរ៉ា ដោយឥតគិតថ្លៃនៅថ្ងៃទី ២៤ ខែកញ្ញា

អាហារដែលគួរចៀសវាងដើម្បីការពារការកើតមុន

លោក អ៊ុំ ប៊ុនរ៉េត សម្រេចបេសកកម្មជិះម៉ូតូម្នាក់ឯងជាង ២៩០០០ គីឡូម៉ែត រៃអង្គាសថវិកា ៦៤០០០ ដុល្លារជូនមូលនិធិគន្ធបុប្ផា

ក្រូចឆ្មាជួយបំបាត់ក្លិនក្លៀក បានយ៉ាងមានប្រសិទ្ធភាព