សេដ្ឋកិច្ច

អ្នកសៀមរាបផលិតដីបណ្ដុះដំណាំមានជីវជាតិល្អ ផ្ទុះការគាំទ្រពីកសិករ

November 8, 2024
ថិញ រិទ្ធី
Heading
Option 1

សៀមរាបៈ ​ធ្លាប់​ឆ្ងល់​ទេ​ថា​​ហេតុ​អី​បានជា​យើង​បណ្ដុះ​កូនឈើ​ដូច​គេ​ដែរ​តែ​មិនល្អ​ដូច​គេ​?មូលហេតុ​បណ្ដាលមកពី​ដី​បណ្ដុះ​របស់គេ​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជាកម្ទេច​ស្រកីដូងអង្កាម ​និង​អាចម៍  គោ ​ហើយ​ប្រភេទ​ដី​នេះ​មានទម្ងន់​​​ស្រាល​និង​ជប់​ទឹកបាន​ល្អ​។

​សមាសធាតុ​សំខាន់ៗក្នុងដី​​​ជួយ​​​ឲ្យ​រុក្ខជាតិ​លូតលាស់​បានល្អតែ​មិនមែន​សុទ្ធតែ​គ្រប់​កសិករ និង​អ្នកចម្ការ​​បាន​ប្រើប្រាស់​ដីបណ្ដុះ​បែបនេះទេ ដោយសារ​​កត្តា​កង្វះបទពិសោធ​បច្ចេកទេសនិង​លទ្ធភាព​​ទិញ​​​ដីបណ្ដុះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ កសិករ ឡុង គាន ​មាន​គំនិត​ចង់​កាត់បន្ថយ​ការចំណាយ​លើដី​បណ្ដុះក្នុងការ​ដាំបន្លែ​ ហើយ​មាន​បំណង​​​ចង់រៀន​​​ធ្វើ​វា​ដោយ​​ខ្លួន​​ឯង។ ​លោក​​បាន​ចាប់ផ្ដើម​​​យក​ដី​បណ្ដុះ​របស់គេ​មក​ពិនិត្យមើលដើម្បីស្វែងយល់​ពី​ធាតុផ្សំ​​។

​លោក ឡុង គាន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន SRNews ​​ថា​៖ «​ពេលនោះ​ខ្ញុំ​បាន​យកគំនិត​នេះ​ទៅ​ពិភាក្សា​ជាមួយនឹង​អង្ក​ការ​មួយ ពេលនោះ​អង្ក​ការ​ក៏បាន​និយាយថាបើ​លោកពូ​ចង់​សាកល្បង​ ខ្ញុំ​នឹង​ឲ្យ​ម៉ាស៊ីន​តូច​មួយ​ទៅ​ប្រើប្រាស់​ដើម្បី​ផលិត​ជា​ដី​បណ្ដុះ​នេះ​»​។​

​សិប្ប​កម្មធ្វើដីបណ្ដុះ​របស់លោក​បាន​​ចាប់ដំណើរការ​នៅ​ឆ្នាំ​២០១៩ក្នុង​ទ្រង់ទ្រាយ​តូចជា​ការ​សាកល្បង។ ដីបណ្ដុះ​​ដែល​លោក​ផលិតរួច​​ត្រូវបាន​​​អង្គការយកទៅ​​ចែកជូន​ប្រជាកសិករ​ដទៃផ្សេងទៀត​​​ប្រើ​ប្រាស់សាកល្បង។

ដោយទទួល​បាន​លទ្ធផល​ល្អ ​​​ដី​បណ្ដុះ​របស់លោកឡុង គាន ក៏​ទទួល​បាន​​គាំទ្រច្រើន​​ពី​ប្រជាកសិករ។ ​ឆ្លើយតប​នឹង​ការ​កុម្ម៉ង់​ដី​ដាំ​បណ្ដុះ​កាន់តែ​ច្រើនឡើងៗកសិករ ឡុង គាន ​បាន​ឈា​ន​ដល់​​ការ​ពង្រីក​ផលិតកម្ម​​ដោយ​​ផ្លាស់ប្ដូរ​​ប្រើម៉ាស៊ីន​ធំ​វិញ​។​

ចំពោះវត្ថុធាតុដើម ដំបូង​ឡើយ​លោក​​ប្រមូល​ផ្លែ​ដូងខ្ចី​យកមក​ហាល​ឲ្យ​ស្ងួត​សិន​​ទើប​វាយម្ទេច។ដោយសារ​តែ​​​ត្រូវ​ការ​​ចំណាយ​ពេល​​យូរ ទើប​លោក ឡុង គាន ​​​ប្ដូរ​មក​ប្រើ​តែ​​ស្រកី​ដូងទុំវិញ។

លោក​ដើរ​ប្រមូល​​ស្រកីដូង និង​អាចម៍គោ នៅ​ក្នុង​បរិវេណ​​ប្រាសាទអង្គរវត្ត​និង​នៅតាម​ផ្សារ​ក្នុង​ភូមិ​ស្រុក​នានា​​ឯ​​​ខេត្តសៀមរាប​ផ្ទាល់​តែម្ដង​។​ ​ក្រៅពីរ​ដើរ​ប្រមូល​ខ្លួនឯងលោក​ក៏មាន​ឈ្មួញ​យក​វត្ថុធាតុ​ដើម​​ទាំងនេះ​មក​លក់​ឲ្យ​​​ផ្ទាល់​ផងដែរ ដើម្បីបំពេញ​តំរូវការក្នុងដំណើរការ​ផលិត។​

​លោក ឡុង គាន បាន​រៀបរាប់ថា​៖ «​ដំណើរការ​នៃ​ការធ្វើ​ដី​បណ្ដុះ​នេះ​ទីមួយត្រូវ​ជ្រើសរើស យក ស្រកីដូង អង្កាម និង​លាមក​គោ។ ​ទី​ពីរ​យើង​យក​ស្រកីដូង​ទៅ​វាយកម្ទេច​​សិនទើប​យក​វត្ថុ​ធាតុ ដើម ទាំងនេះ យកទៅ​ត្រាំ​ធ្វើជា​ជីកំប៉ុសដោយ​ផ្អាប់​វា​ទុក​រយៈពេល​បី​សប្ដាហ៍​រួច​ទើប​យើង​យក​វា​មក ចំហុយ ដើម្បី​សម្លាប់​មេរោគ​សិន​»​។

​ដំបូង​ឡើយ​សិប្បកម្ម​មួយ​នេះធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ ក្រោយមក​ដោយសារ​​មានការ​គាំទ្រ​ខ្លាំង ​និង​ការ​កុម្ម៉ង់​កាន់​ច្រើនឡើងៗ​លោក​ក៏​​បន្ថែមកម្លាំង​ពលកម្ម​ប្រាំ​នាក់​ទៀត​​មកជួយ​ផលិត។​​

ក្នុង​មួយខែៗ​លោកពូ​អាច​លក់បាន ចន្លោះ​ពី ២-៣តោន​ និង​ច្រើនជាង​នេះ​ទៅតាម​រដូវ​កាល​នៃ​ការដាំដុះ របស់​ប្រជាកសិករ​។

​ចំពោះ​តម្លៃ កសិករ​​​វ័យ​៤៩​ឆ្នាំ​រូបនេះ​បាន​ឱ្យដឹង​ថា​«ដី​បណ្ដុះ​របស់ខ្ញុំ​មាន​ទម្ងន់​១២​គីឡូក្រាម​ក្នុង​មួយ​បាវ​លក់ក្នុងតម្លៃ​១២០០០​រៀល ហើយ​មាន​លក់​នៅក្នុង​ខេត្តសៀមរាប និង​សេវា​ផ្ញើ​ទៅតាម​បណ្ដា​ខេត្តផងដែរ​»​។​

ទោះជា​​ការ​ផលិត​ដីបណ្ដុះ​ទទួលបានការគាំទ្រ​ច្រើន​​លោក​  ឡុង គាន ​ក៏​​ជួប​ផល​ពិបាកផង​​​ដែរជាពិសេស​កត្តាអាកាសធាតុ​។ នៅ​រដូវ​ភ្លៀង​ធ្លាក់​ ​​កម្ដៅ​​ថ្ងៃ​មិន​គ្រប់គ្រាន់​ក្នុងការ​ហាល​ស្រកីដូង​និង​អាចម៍គោ។ មួយវិញទៀត​លោក​ត្រូវការ​​​ទំហំ​ដីធំ ​ដើម្បី​ហាល ក៏ដូចជា​​ស្តុក​ទុក​ស្រកីដូង​និង​អាចម៍គោ​​ទាំងនោះ​។​​

សព្វថ្ងៃនេះ​លោក ឡុង គាន ​​មាន​លក់​ស្រកីដូង​ដែល​កិន​រួច​សម្រាប់​យកទៅ​ផ្សាំ​មែកឈើ​ហើយ​លោក​ក៏​មានគម្រោង​​ចង់​ផលិត​​ដី​ដ៏មានជីជាតិតាម​បច្ចេកទេសសម្រាប់​​​ដាំ​ដំណាំ​​​ផងដែរ​នៅ​ថ្ងៃ​អនាគត។

​​​ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ឡុង គាន ​ឬ​លេខ​ទូរ​សព្ទ​៖ ០៧៨ ៩០១ ២២៧ និង ០៧៧៤២៥ ៦៩៦៕​

អត្ថបទពេញនិយម

អ្នកស្នេហាសៀវភៅត្រៀមខ្លួន! Big Bad Wolf ត្រឡប់មកវិញជាមួយសៀវភៅរាប់លានក្បាល

Google លែងជា «កិរិយាសព្ទ» សម្រាប់ Gen Z ទៀតហើយ

ចិនតម្លើងសាច់ដុំលើសង្វៀន AI ជាមួយអាមេរិក ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ៥ នេះ

ឱកាសដ៏កម្រ ក្រុមតន្ត្រីយុវជនអង្គរ ផ្ដល់ការការប្រគំន្ត្រីក្លាសិក និងចម្រៀងអូប៉េរ៉ា ដោយឥតគិតថ្លៃនៅថ្ងៃទី ២៤ ខែកញ្ញា

តើការត្រាំទឹកក្តៅនៅទេទឹកពុះ អាចព្យាបាលជំងឺពិតមែនឬទេ?